ខេត្តសៀមរាប ៖ វត្ដមានក្មេងប្រុសដ៏ល្អិតចម្លែកបំផុតម្នាក់ ដែលគេកម្របានឃើញពីមុនមក ធ្វើឱ្យមនុស្សម្នាស្រីប្រុសក្មេងចាស់ជាអតិថិជន និងអ្នកលក់ដូរក្នុងផ្សារលើធំថ្មីមានការភ្ញាក់ផ្អើលចោមរោមមើលយ៉ាងពពាក់ពពូនកាលពីព្រឹកថ្ងៃទី១៩ ឧសភា ខណៈឪពុកបង្កើតបានបីដើរត្រាច់ចរដើម្បីស្វែងរកការដាក់ទានពីសប្បុរសជន ។
យោងតាមបុរសវ័យចំណាស់ឈ្មោះបូ យឿន អាយុ៥៧ឆ្នាំ រស់នៅភូមិព្រៃមាន់ ឃុំ ឫស្សីស្រុក ស្រុកពាមជរ ខេត្ដព្រៃវែង ដែលអះអាងខ្លួនថាជាឪពុកបង្កើតរបស់ក្មេងប្រុសតូចល្អិតចម្លែកនោះបានរៀបរាបថា ក្មេងប្រុសល្អិតនោះឈ្មោះយឿន សំណាង កើតនៅខែធ្នូ ឆ្នាំ២០០៥ ដែលពេលនោះ មានទម្ងន់ត្រឹមតែ០,៣គីឡូក្រាម គឺគិតមកទល់ពេលនេះមានអាយុ៦ឆ្នាំហើយប៉ុន្ដែមានទម្ងន់តែ២.៥គីឡូក្រាមប៉ុណ្ណោះ។
បុរសវ័យចំណាស់នោះបានបន្ដថាសំណាងគឺជាកូនទីមួយរបស់គាត់ជាមួយប្រពន្ធក្រោយ ឈ្មោះកេង ទា អាយុ៣៨ឆ្នាំ ដែលមុនក្មេងចម្លែកនេះចាប់កំណើតប្រពន្ធគាត់បានសុបិនឃើញទេវតាមួយអង្គហោះមកឈរលើដំបូងផ្ទះដោយមានភ្លើងឆេះផង ហើយប្រាប់ថាមកសុំរស់នៅជាមួយគ្រួសារគាត់ ព្រមទាំងសន្យានាំមកនូវភាពចម្រុងចម្រើនមកឱ្យគ្រួសារគាត់ ។ លុះក្រោយមកប្រពន្ធក្រោយក៏មានផ្ទៃពោះហើយកើតសំណាងនៅខែធ្នូ ឆ្នាំ២០០៥ ដែលកាលនោះរូបគេមានទម្ងន់តែ០,៣គីឡូក្រាមតែប៉ុណ្ណោះ ធ្វើឱ្យមនុស្សម្នាមកពីទីជិតទីឆ្ងាយមានការភ្ញាក់ផ្អើលមកចោមរោមមើលនឹងផ្ដល់លុយកាក់ផងដែរ។
ឪពុកក្មេងកំសត់រូបនោះបានបន្តទៀតថាដោយសាតែសំណាងកើតមកជាមនុស្សចម្លែកអាចទាញចំណាប់អារម្មណ៍មនុស្សម្នាបាន គាត់ក៏សម្រេចបីកូនតូចនេះដើត្រាច់ចរសព្វទីកន្លែង ដើម្បីស្វែងរកក្ដី មេត្ដាដាក់ទានពីសប្បុរសជន ដោយពីមុននេះគាត់បានទៅដល់ក្រុងប៉ោយប៉ែតជាប់ព្រំដែនសៀម ហើយចុងក្រោយក៏មកដល់សៀមរាប ។
ស្ដ្រីម្នាក់មានវ័យប្រមាណជាង៥០ឆ្នាំដែលបានចូលរួមមើលក្មេងប្រុសចម្លែកនោះ កាលពីព្រឹកថ្ងៃទី១៩ ឧសភា ២០១១ នៅឯផ្សារលើធំថ្មីបានថ្លែងថា នេះជាលើកដំបូងហើយដែលរូបគាត់បានឃើញមនុស្សតូចចំឡែកបែបហ្នឹង គឺក្មេងនោះមើលទៅតូចមែនទែន ហាក់ដូចជាទើបតែកើតអ៊ីចឹង ។
ស្ថិតនៅកណ្ដាលហ្វូងមនុស្សដ៏ច្រើនកុះករត្រង់ចំណុចជាយខាងលិចផ្សារលើធំថ្មីខេត្ដសៀមរាបកាលពីព្រឹកថ្ងៃទី១៩ ឧសភា ២០១១នេះឪពុកនិងកូនសំណាងត្រូវបានក្រុមអ្នកចោមរោមមើលផ្ដល់ជាថវិការមួយចំនួន ដោយក្មេងប្រុសចម្លែកឈ្មោះសំណាងនោះជាអ្នកទទួលលុយប៉ុន្ដែមិនអាចនិយាយដោយផ្ទាល់មាត់ថាអរគុណទេ បានត្រឹមតែលើកដៃទទួលលុយពីសប្បុរសជនតែប៉ណ្ណោះ ៕
ចែករំលែកព័តមាននេះ