ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហា​ម៉ាស់​ចេញ​វី​ដេ​អូ​ពី​ចំណាប់ខ្មាំង​អ៊ី​ស្រា​អែ​ល​៣​នាក់​ ក្នុងនោះ​នារី​ជា​ទាហាន​ម្នាក់​ត្រូវ​រំដោះ

1 ឆ្នាំ មុន

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់ ៖ ក្រុម​ហា​ម៉ាស់​នា​ថ្ងៃ​ទី​៣០​តុលា​បាន​ផ្សាយ​វី​ដេ​អូ​មួយ បង្ហាញ​

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់ ៖ ក្រុម​ហា​ម៉ាស់​នា​ថ្ងៃ​ទី​៣០​តុលា​បាន​ផ្សាយ​វី​ដេ​អូ​មួយ បង្ហាញ​នារី​ចំណាប់ខ្មាំង​អ៊ី​​ស្រា​អែ​ល​៣​នាក់ ក្នុង​ចំណោម​ចំណាប់ខ្មាំង​ស្ថិត​ក្នុង​កណ្ដាប់ដៃ​គេ​នៅ​ជ្រោយ​ហ្គា​ហ្សា​។ នេះ​ជា​វី​ដេ​អូ​មួយ​ដែល​ចេញផ្សាយ​ចាប់តាំងពី​ការ​វាយប្រហារ​បង្ហូរឈាម​លើ​អ៊ី​ស្រា​អែ​ល​ពី​ថ្ងៃ​ទី​៧​តុលា​មក​។

នាយក​រដ្ឋមន្ត្រី​អ៊ី​​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​ចាត់​ទុក​វី​ដេ​អូ​នោះ​ថា​ជា​ការ​ឃោសនា​ចិត្តសាស្ត្រ​ដ៏​សាហាវ​។ វី​ដេ​អូ​រយៈពេល​៧៦​វិនាទី​នោះ ចេញផ្សាយ​ដោយ​បណ្ដា​សារព័ត៌មាន​ហា​ម៉ាស់​ជាមួយ​ចំណងជើង​ថា អ្នកទោស​ស្យូ​នី​ស្ត​មួយ​ចំនួន​ផ្ញើ​សារ​ដល់​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​និង​រដ្ឋាភិបាល​របស់​គេ​។ តាម​រូបភាព​គេ​ឃើញ​នារី​អ៊ី​ស្រា​អែ​ល​ទាំង​៣​នាក់​នោះ អង្គុយ​លើ​កៅអី​ធ្វើ​ពី​ប្លា​ស្ទិ​ក​។ ក្នុង​ចំណោម​អ្នក​ទាំង​៣ នារី​អង្គុយ​កណ្ដាល​គេ​និយាយ​ក្នុង​សំឡេង​ម៉ាត់​ៗ អំពាវនាវ​ឲ្យ​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​ព្រមព្រៀង​ដោះ​ដូរ​អ្នកទោស​គ្នា ជាមួយ​ក្រុម​ហា​ម៉ាស់​ដើម្បី​ឲ្យ​ទទួល​បានការ​ដោះ​លែង​ពួក​គេ​។

សារព័ត៌​មានអ៊ី​​ស្រា​អែ​ល​ជា​ច្រើន​បាន​ផ្សាយ​បន្ត​វី​ដេ​អូ​នោះ​ដោយ​គូសបញ្ជាក់​ថា ការ​និយាយ​របស់​នារី​នោះ ជា​ការ​បង្ខំ​ពី​ពួក​ហា​ម៉ាស់​ឲ្យ​និយាយ​តាម​ខ្លួន​។ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អ៊ី​ស្រា​អែ​ល​លោក​យ៉ូ​អាវ​ហ្គា​ល់​ឡង់​កាលពី​ថ្ងៃ​ទី​២៩​តុលា បាន​ចោទប្រកាន់​ក្រុម​ហា​ម៉ាស់​ថា ធ្វើសង្គ្រាម​ចិត្តសាស្ត្រ​ពី​បញ្ហា​ចំណាប់ខ្មាំង បន្ទាប់​ពី​ចលនា​អ៊ិ​ស្លា​ម​នោះ​និយាយ​ថា ត្រៀម​ដោះ​លែង​ចំណាប់ខ្មាំង​ទាំងអស់ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​អ្នកទោស​ប៉ា​ឡេ​ស្ទី​ន​ទាំងអស់​ដែល​ជាប់​ឃុំឃាំង​នៅ​អ៊ី​​ស្រា​អែ​ល​។

ចាប់តាំងពី​យប់​ថ្ងៃ​ទី​២៧​តុលា​មក អ៊ី​ស្រា​អែ​ល​បាន​បង្កើន​ប្រតិបត្តិការ​វាយលុក​ទាំង​តាម​ជើង​អាកាស ជើង​គោក​និង​ជើង​ទឹក លើ​ជ្រោយ​ហ្គា​ហ្សា​ដើម្បី​កម្ទេច​ពួក​ហា​ម៉ាស់​និង​រំដោះ​ចំណាប់ខ្មាំង ឲ្យ​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​។ នា​ថ្ងៃ​ទី​៣០​តុលា​កងទ័ព​អ៊ី​​ស្រា​អែ​ល ប្រកាស​ពី​ការ​រំដោះ​បាន​នារី​ទាហាន​អ៊ី​​ស្រា​អែ​ល​ម្នាក់ ដែល​ចាប់​ជា​ចំណាប់ខ្មាំង​ក្នុង​ឱកាស​នៃ​ការ​វាយលុក​តាម​ជើង​គោក​របស់​ខ្លួន​លើ​ហ្គា​ហ្សា​។ នារី​ជា​ទាហាន​រូប​នេះ​មានឈ្មោះ​ថា​ORI MEGIDISH ។ តាម​តុល្យការ​ចុង​ក្រោយ​របស់​អ៊ី​ស្រា​អែ​ល​ថា ចំណាប់ខ្មាំង​យ៉ាងតិច​២៣៩​នាក់​ត្រូវ​បាន​ចាប់​ដោយ​កង​កុំម៉ង់ដូ​ក្រុម​ហា​ម៉ាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ