ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញ​សេចក្ដីណែនាំ​ស្តី​ពី​ការ​មិន​ប្រមូល​ចំណូល​ភាស៊ី និង​ការ​បង់ថ្លៃ​ផ្សេង​ៗ

6 ខែ មុន
  • ភ្នំពេញ

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៣ បានឱ្យ​ដឹង​ថា ដោយ​ទទួល​បានការ​យកចិត្តទុកដាក់​ខ្ពស់​ជា​ប្រចាំ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពល​រដ្ឋ រាជរដ្ឋាភិបាល អាណត្តិ​ទី​៦ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៣ បានឱ្យ​ដឹង​ថា ដោយ​ទទួល​បានការ​យកចិត្តទុកដាក់​ខ្ពស់​ជា​ប្រចាំ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល អាណត្តិ​ទី​៦ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ និង​គតិបណ្ឌិត​ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ដាក់​ចេញ​សារា​ចរណ៍​លេខ ១១ សរ ចុះ​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៦ ដោយ​សម្រេច​លុប​ការ​បង់​ភាស៊ី និង​ការ​បង់ថ្លៃ​ផ្សេង​ៗ​ទៀត ចំពោះ​ប្រជាពលរដ្ឋ​លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី នៅ​ទីកន្លែង​លក់ដូរ និង​ទីផ្សារ​ទូ​ទាំង​ប្រទេស​។

ជាមួយ​គ្នា​នេះ កាលពី​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​បទបញ្ជា​ឱ្យ​អនុវត្ត​នូវ​សារា​ចរណ៍​ណែនាំ​ខាងលើ​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត នា​ឱកាស​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី​នៅ​រាជធានី​ភ្នំពេញ​។ ដើម្បី​ពង្រឹង និង​ចៀសវាង​ជន​ខិ​.​ល​ខូ​.​ច​មួយ​ចំនួន​ឆ្លៀតឱកាស​ដើរ​ប្រមូល​ថវិកា ក្រោម​រូបភាព​ប្រមូល​ភាស៊ី​ពី​អ្នក​លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី និង​ការ​លក់ដូរ​ចល័ត​ពី​អាជីវករ​នៅ​រាជធានី​ភ្នំពេញ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​ណែនាំ​ដល់​រដ្ឋបាល​ខណ្ឌ រដ្ឋបាល​សង្កាត់ គណៈកម្មការ​ផ្សារ ក្រុមហ៊ុន​វិនិយោគ​ធ្វើ​អាជីវកម្ម​ភាស៊ី និង​អាជីវកម្ម​ប្រមូល​ចំណូល​អនាម័យ ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដូច​ខាងក្រោម ៖

១- អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ពង្រឹង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​អនុវត្ត​សារា​ចរណ៍​លេខ ១១ សរ ចុះ​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៦ របស់​រាជរដ្ឋាភិបាល ស្ដី​ពី​ការ​លុប​ការ​បង់ថ្លៃ​ចំពោះ​ប្រជាពលរដ្ឋ​លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។ ក្នុង​ករណី​មាន​បុគ្គល​ណា​ទាមទារ ឬ​បង្ខិតបង្ខំ​ឱ្យ​បងប្អូន​អាជីវករ​បង់​ភាស៊ី ឬ​បង់ថ្លៃ​ផ្សេង​ៗ ផ្ទុយ​ពី​ការ​កំណត់​ក្នុង​សារា​ចរណ៍​ខាងលើ ត្រូវ​ធ្វើការ​ឃាត់ខ្លួន​ជា​បន្ទាន់ ដើម្បី​អនុវត្ត​ទោសទណ្ឌ​តាម​ច្បាប់​ជា​ធរមាន​។

២- ក្រុមហ៊ុន ឬ​អ្នក​វិនិយោគ​ធ្វើ​អាជីវកម្ម​ប្រមូល​ភាស៊ី និង​ចំណូល​អនាម័យ​គ្រប់​ប្រភេទ ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ស្របច្បាប់ ត្រូវ​គោរព និង​ណែនាំ​ដល់​ភ្នាក់ងារ​ប្រមូល​ចំណូល​របស់​ខ្លួន​ឱ្យ​អនុវត្ត​តាម​សារា​ចរណ៍​លេខ ១១ សរ ចុះ​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៦ របស់​រាជរដ្ឋាភិបាល ដោយ​មិន​ត្រូវ​ប្រមូល​ភាស៊ី ឬ​កម្រៃ​ផ្សេង​ៗ​ពី​ប្រជាពលរដ្ឋ​លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី និង​លក់ដូរ​ចល័ត​ជា​ដាច់ខាត​។ ក្នុង​ករណី​មិន​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សារា​ចរណ៍​ខាងលើ នឹង​ឈាន​ដល់​ការ​លុប​កិច្ចសន្យា​វិនិយោគ​។

៣- បងប្អូន​អាជីវករ​ដែល​លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី និង​លក់ដូរ​ចល័ត​គ្រប់​ប្រភេទ មិន​ត្រូវ​បង់​ភាស៊ី ឬ​បង់ថ្លៃ​ផ្សេង​ៗ​ជូន​ទៅ​ភ្នាក់ងារ​ប្រមូល​ភាស៊ី ឬ​ជន​ខិ​.​ល​ខូ​.​ច​ណាមួយ​ឡើយ ហើយ​ត្រូវ​លក់ដូរ​នៅ​តាម​ទីតាំង​ដែល​អាជ្ញាធរ​ផ្សារ​បាន​រៀបចំ​ជូន ចៀសវាង​ការ​លក់ដូរ​នៅ​តាម​ដងផ្លូវ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សោ​ភ័​ណ្ឌ​ភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​។

៤- ក្នុង​ករណី​មាន​អ្នក​ទាមទារ ឬ​បង្ខិតបង្ខំ​ឱ្យ​បង់​ភាស៊ី ឬ​បង់ថ្លៃ​ផ្សេង​ៗ​តាម​គ្រប់​រូបភាព​ខុស​ពី​សារា​ចរណ៍​លេខ ១១ សរ ចុះ​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៦ របស់​រាជរដ្ឋាភិបាល សូម​បងប្អូន​អាជីវករ​រាយការណ៍​ជា​បន្ទាន់​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​ជិត​បំផុត ឬ Hotline 1299 ដើម្បី​ចាត់វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ចំពោះ​ជន​បង្ក​បាន​ទាន់​ពេលវេលា​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ