ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រធានមន្ទីរពេទ្យបង្អែកវា.យធ្វើបា.បប្រពន្ធខ្លាំង​ដៃ ប្រពន្ធប្តឹងគ្មានសមត្ថកិច្ចហ៊ានជួយ​

1 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ពិតជារឿងមួយដ៏អាម៉ាស់បំផុត របស់លោកប្រធានមន្ទីរពេទ្យបង្អែកមួយរូប ដែល

ខេត្តស្វាយរៀង ៖ ពិតជារឿងមួយដ៏អាម៉ាស់បំផុត របស់លោកប្រធានមន្ទីរពេទ្យបង្អែកមួយរូប ដែលចូលចិត្តដើរផឹកស៊ីហើយ មកដល់ផ្ទះតែងតែរករឿងវាយតប់ប្រពន្ធ បណ្ដាលឱ្យមានរបួសជំាពេញខ្លួនប្រាណ ។

ដោយអត់ទ្រាំនឹងទង្វើដ៏ព្រៃផ្សៃរបស់បុរសជាប្ដីដែលជាមនុស្សរៀនបានខ្ពង់ខ្ពស់ និងជាប្រធានមន្ទីរពេទ្យបង្អែកផងនោះ ស្ត្រីជាប្រពន្ធបានដាក់ពាក្យបណ្ដឹងចូលទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុរសកំហូចរូបនេះ ។

យោងតាមពាក្យបណ្ដឹងមួយច្បាប់ដែលអង្គភាពយើងទទួលបាន គឺប្រពន្ធមានឈ្មោះរ៉ារី វណ្ណិច រស់នៅភូមិព្រៃរំដួល ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង គោរពចូលលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោលគោ សូមប្ដឹងការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ក្នុងនោះចុងចម្លើយមានឈ្មោះសាន់ សុធាវុធ ដែលត្រូវជាស្វាមីដោយក្នុងពាក្យបណ្ដឹងបានរៀបរាប់ថា បុរសជាប្ដីរូបនេះ តែងតែរករឿងវាយដាំច្រំធាក់មកលើខ្លួនជាច្រើនលើកច្រើនសា។

មិនតែប៉ុណ្ណោះ បុរសជាប្ដីរូបនេះក្រោយពីប្រើហិង្សារួច​ហើយតែងតែដេញប្រពន្ធឱ្យទៅប្តឹង ទោះបីប្ដឹងដល់ណា ក៏ប្តឹងទៅ រូបគាត់មិនខ្លាចឡើយ។ ដោយទ្រាំនឹងទង្វើរបស់ប្ដីកំហូចឈ្មោះសាន់សុធាវុធរូបនេះមិនបាន គាត់ក៏បានស្វែងរកអន្តរាគមន៍ពីសំណាក់សមត្ថកិច្ច តែមើលទៅហាក់បីដូចជាសមត្ថ​កិច្ចញញើតមិនហ៊ានចាត់ការមកលើចុងចម្លើយដែលជាប្ដីរបស់គាត់នោះទេ គាត់មិនដឹងថាបណ្ដាល​មកពីមូលហេតុអ្វីដែរ បើទោះជាគាត់សុំឱ្យមានអន្តរាគមន៍ពី សមត្ថកិច្ចរាល់ពេលប្រើអំពើហិង្សាយ៉ាងណាក៏ដោយ។

ស្ត្រីជាដើមបណ្ដឹងបានបន្តទៀតថា ជាក់ស្ដែងកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង​11និង 30​នាទី បុរសជាប្ដីរបស់គាត់ ក្រោយពីត្រឡប់មកពីផឹកស៊ីបានជេរនិងវាយដំមកលើរូបគាត់យ៉ាងសាហាវព្រៃផ្សៃជាទីបំផុត ដោយបានចាប់បោចសក់បោកក្បាលអុកទៅនឹងគ្រែហើយអូសចុះពីលើផ្ទះមកក្រោមទៀតផង ។ ក្នុងពេលនោះដែរបើកុំតែបានប្អូនជីដូនមួយរបស់គាត់ជួយឃាត់ឃាំងម៉្លេះសមប្ដីរបស់គាត់ វាយរូបគាត់បណ្ដាលឱ្យស្លាប់បាត់បង់ក៏មិនដឹង។ ក្រោយពីប្រើហិង្សាមកលើរូបគាត់ជាប្រពន្ធហើយ

បុរសជាប្ដីឈ្មោះសាន់ សុធាវុធ នេះបានបោះពាក្យសំដី និងនិយាយបែបគំរាមកំហែងមកលើគាត់ថា បើទោះជាគាត់ទៅប្តឹងដល់ណា ក៏គេមិនខ្លាចដែរ នៅខេត្តស្វាយរៀងនេះ គ្មានអ្នកណាហ៊ានធ្វើអ្វីគាត់​ឈ្មោះ​(សាន់សុធាវុធ)ទេ ព្រោះគាត់គឺជាគ្រូពេទ្យមួយរូបដែលរៀនមកពីក្រៅប្រទេស ហើយត្រូវបានថ្នាក់ដឹកនាំតែងតាំងឱ្យធ្វើជាប្រធាន​មន្ទីរពេទ្យបង្អែក។

ស្ត្រីជាប្រពន្ធបាននិយាយទៀតថា ខ្លួនជាមនុស្សប្រុសរៀនបានខ្ពង់ខ្ពស់ តែចរិតមិនថ្លៃថ្នូរសោះ ប្ដីរបស់គាត់រៀនមកពីស្រុកគេ តែនៅពេលបានឡើងជាប្រធានមន្ទីរពេទ្យបង្អែកបែកគំនិតដើរផឹកស៊ីមិនដែលគិតប្រពន្ធកូននៅផ្ទះនោះឡើយ ។ ព្រោះគាត់មិនមែនទើបតែរងនូវអំពើហិង្សាម្ដងនេះទេ គឺច្រើនដង​ណាស់មកហើយ ដែលប្ដីរបស់គាត់ ធ្វើទង្វើបែបនេះមកលើគាត់ លើកនេះដោយអស់ការអត់ទ្រាំក៏សម្រេចចិត្តដាក់ពាក្យបណ្ដឹងនិងស្នើសុំឱ្យថ្នាក់ដឹកនាំមេត្តាជួយអន្តរាគមន៍និងមានវិធានការតាមផ្លូវច្បាប់ទៅលើឈ្មោះ សាន់ សុធាវុធ ដែលជាចុងចម្លើយនៅពេលនេះផង។

មិនតែប៉ុណ្ណោះ គាត់ស្នើសុំឱ្យស្ថាប័នមានសមត្ថកិច្ច ព្រមទាំងថ្នាក់ដឹកនាំអន្តរាគមន៍ចំពោះករណី របស់គាត់នេះផង ទោះនៅពេលដែលគាត់ទៅដាក់ពាក្យបណ្ដឹងហៅប្ដីរបស់គាត់ ប្ដីរបស់គាត់បាននិយាយថានៅខេត្តនេះទាំងប៉េអឹមប៉ូលិសនិងតុលាការសុទ្ធតែជាគ្នារបស់គាត់ ។ ក្នុងនាមគាត់ជាស្ត្រីទន់ខ្សោយគ្មានអ្វីក្រៅពីលើកម្រាមដៃដប់សំពះសុំសំណូមពរឱ្យថ្នាក់ដឹកនាំជួយអន្តរាគមន៍ឡើយ ។

ស្ត្រីដដែលបានបន្តថា ពេលនេះសំណុំរឿងរបស់គាត់បានបញ្ជូនដល់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងហើយពេលនេះកំពុងរង់ចាំមើលចំណាត់ការរបស់នគរបាលខេត្តស្វាយរៀងតើមានវិធានការបែបណា? ស្របតាមពាក្យបណ្ដឹងនិងភស្តុតាងបានដាក់ជូនរួចរាល់អស់ហើយ។ ក្នុងពេលទៅបំភ្លឺពាក្យបណ្ដឹងគាត់បានបញ្ជាក់ថាសូមឱ្យសមត្ថកិច្ចនិង តុលាការចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុរសជាប្ដីកំហូចរូបនេះ សុំលែងលះនិងស្នើសុំសិទ្ធិមេបាលើកូនៗនិងបែងចែកទ្រព្យសម្បត្តិជា២ព្រោះគាត់អស់ចិត្តនិងលែងទ្រាំរស់នៅជាមួយមនុស្សបែបនេះទៀតហើយ។ អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកសាន់ សុធាវុធ ប្រធានមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលបានទេ នៅរសៀលថ្ងៃទី 6 ឧសភាឆ្នាំ 2024 នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ