ជំនួបក្រៅផ្លូវការរយៈពេលខ្លីរវាងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងថៃ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីល្ងាចថ្ងៃទី១៨ ឧសភា ម្សិលមិញនោះ ពុំបានទទួលលទ្ធផលអ្វី ជាដុំកំភួននោះទេ ដោយគ្រាន់តែរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរបានសន្យារកវិធីដោះស្រាយយ៉ាងណាដើម្បីធ្វើឱ្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ វិលទៅរកប្រក្រតីភាពឡើងវិញតែប៉ុណ្ណោះ ។ នេះបើយោងតាគេហទំព័រហ្សាការតាប៉ុស្តិ៍ចេញផ្សាយនៅព្រឹកថ្ងៃទី១៩ ឧសភា ២០១១ នេះ ។
លោកឧបនាយករដ្ឋមន្ត្រីទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានថ្លែងប្រាប់អ្នកកាសែតនៅក្រោយជំនួបជាមួយលោកប្រាវីត វង្សសុវ៉ាន់ រដ្ឋមន្ត្រីការពារជាតិថៃ ថា យើងបានពិភាក្សាគ្នាស្វែងរកវិធីដ៏ល្អមួយ ដើម្បីធ្វើឱ្យស្ថានការណ៍ទូទៅវិលទៅរកប្រក្រតីភាពឡើងវិញ និងធ្វើយ៉ាងណាឱ្យប្រទេសទាំងពីរទទួលបានផលប្រយោជន៍ដ៏ល្អបំផុត ។ ប៉ុន្តែគេហទំព័រហ្សាការតាប៉ុស្តិ៍មិនបានបញ្ជាក់ថា តើវិធីដែលរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរបានសន្យាជាមួយគ្នានេះ នឹងត្រូវធ្វើដោយវិធីណានោះទេ ដោយសារតែលោកឧបនាយករដ្ឋមន្ត្រីទៀ បាញ់ មិនបានបញ្ជាក់លម្អិតប្រាប់អ្នកកាសែតហ្សាការតាប៉ុស្តិ៍នោះ ។ គេហទំព័រដដែលបានស្រង់សម្តីអគ្គលេខាធិការក្រសួងការពារជាតិឥណ្ឌូណេស៊ី លោកអេវីស ហេនរី យ៉ាន់តូ ដែលបានថ្លែងផងដែរថា ជំនួបរវាងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ថៃមានការវិវត្តន៍ដ៏សំខាន់ ប៉ុន្តែថា ភាគីទាំងពីរមិនបាននិយាយពីការដកកងទ័ពចេញពីប្រាសាទព្រះវិហារនោះទេ ។
គួរបញ្ជាក់ថា ជំនួបរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរនេះ បានធ្វើឡើងនៅក្រៅកិច្ចប្រជុំលើកទី៥ ថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលប្រារព្ធធ្វើចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ឧសភា ខាងមុខ ។ កិច្ចប្រជុំនោះផ្តោតលើប្រធានបទស្តីពីបញ្ហាសន្តិសុខក្នុងតំបន់ ការចូលរួមប្រឆាំងអំពើភេរវកម្ម ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការរួមគ្នាជួយដោះស្រាយបញ្ហាគ្រោះមហន្តរាយធម្មជាតិក្នុងតំបន់ ព្រមទាំងការកសាងសន្តិភាព ក្នុងតំបន់ ៕
ចែករំលែកព័តមាននេះ