ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី ៖ ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ គឺ​កាត់​បន្ថយ​ការ​កកស្ទះ​សំណុំរឿង និង​ស្នើ​សហការ​ទាំងអស់​គ្នា ដើម្បី​ឈ្នះ​-​ឈ្នះ

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់​ថា ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ នឹង​រួមចំណែក​កាត់​បន្ថយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​តុលាការ និង​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ទាំងអស់…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់​ថា ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ នឹង​រួមចំណែក​កាត់​បន្ថយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​តុលាការ និង​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ទាំងអស់ ធ្វើការ​សហការ​ទាំងអស់​គ្នា ដើម្បី​ឈ្នះ​ទាំងអស់​គ្នា ។

ក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី និង​សមិទ្ធផល​នានា នៅ​ខេត្តកំពង់ស្ពឺ ព្រមទាំង​ប្រកាស​ខេត្តកំពង់ស្ពឺ ជា​ខេត្ត​អស់​មីន នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៣​នេះ សម្ដេច​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ចំណុច​ពិសេស ពេល​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​រួច ត្រូវ​ចាត់​ទុក​ថា ដោះស្រាយ​រួចរាល់ ដោយ​មិន​ចាំបាច់​ប្ដឹង​ទៅ​តុលា​ករ ព្រោះ​កំណត់ហេតុ ព្រមព្រៀង​បញ្ចប់​វិវាទ មាន​អានុភាព​អនុវត្ត​ដូច​សាលក្រម​ស្ថាពរ​របស់​តុលាការ ។

សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា មាន​វិធានការ​សំខាន់ ៣ ដែល​រាជរដ្ឋាភិបាល ដាក់​ចេញ ដើម្បី​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌ ក្នុង​នោះ ៖
ទី​១. ការ​បង្កើត​យន្តការ​ដោះ​ស្រា យ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ បន្ថែម​លើ​យន្តការ​ដែល​មាន​ស្រាប់​។
ទី​២. ការ​ជំរុញ និង​ព​ន្លឿ​ន ការ​ដោះស្រាយ​រឿង​ក្ដី នៅ​តាម​តុលាការ ឲ្យ​បាន​ឆាប់រហ័ស សំដៅ​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព នៃ​ការ​ផ្ដល់​សេវា​យុត្តិធម៌​ជូន​ពលរដ្ឋ ។
និង​ទី​៣. ការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន នៅ​តាម​តុលាការ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី លើក​ឡើង​ថា ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ជាតិ ដោះស្រាយ​វិវាទ ក្រៅ​ប្រព័ន្ធ​តុលាការ គឺ​ដោះស្រាយ​វិវាទ រដ្ឋប្បវេណី និង​ពាណិជ្ជកម្ម ក៏​ដូច​ជា​វិវាទ​ដទៃ​ទៀត តាម​រយៈ​ការ​ផ្សះផ្សារ ដោយ​ផ្អែក​ទៅ​លើ​កិច្ចព្រមព្រៀង​រវាង​ភាគី​ពាក់ព័ន្ធ និង​តាម​ការ​ស្នើ​សុំ​របស់​ភាគី​វិវាទ ដែល​ព្រម​ទទួលយក​យន្តការ សម្រប​ប​សម្រួល​ផ្សះផ្សារ ។

សម្ដេច​បញ្ជាក់​ថា អាជ្ញាធរ​ជាតិ ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ មិន​ទៅ​ជំនួស​តុលាការ និង​ប្រព័ន្ធ​យុត្តិធម៌ ដែល​មាន​ស្រាប់​នោះ​ទេ ។ សម្ដេច​បន្ត​ថា យន្តការ​នេះ មិនមែន​ជា​ការ​ចាប់បង្ខំ​ប្រជាពលរដ្ឋ ឱ្យ​ប្រើប្រាស់​សេវា​ថ្មី​នេះនោះ​ដែរ ។

សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី សង្កត់ធ្ងន់​ថា ៖ «​អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​របស់​យន្តការ​នេះ (​ដោះស្រាយ​វិវាទ​ក្រៅ​ប្ត​ព័ន្ធ​តុលាការ​) គឺ​រួមចំណែក​កាត់​បន្ថយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​តុលាការ ព្រោះ​ទំនាស់ ដែល​ដោះស្រាយ​រួច​ហើយ នៅ​ក្នុង​ក្របខ័ណ្ឌ​អាជ្ញាធរ​ថ្មី​នេះ ត្រូវ​ចាត់​ទុក​ថា ដោះស្រាយ​រួចរាល់​ជា​ស្ថាពរ ដោយ​មិនបាច់​ប្ដឹង​ទៅ​តុលាការ ព្រោះ​កំណត់ហេតុ​ព្រមព្រៀង​បញ្ចប់​វិវាទ ដោយ​អាជ្ញាធរ​នេះ មាន​អានុភាព​អនុវត្ត​ដូច​ទៅ​នឹង​សាលក្រម​ស្ថាពរ​របស់​តុលាការ នេះ​គឺ​លក្ខណៈ​ពិសេស​របស់​វា​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ក៏​បាន​ជំរុញ​ឱ្យ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ នូវ​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​យល់ និង​ទទួលយក​យន្តការ​នេះ ដែល​ជា​ការ​រួមចំណែក​ធ្វើ​ឱ្យ​មាន​យុត្តិធម៌ នៅ​ក្នុង​សង្គម​កម្ពុជា ។

សម្តេច​ធិ​បតី ក៏​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ក្រុង​-​ស្រុក​-​ខណ្ឌ ត្រៀម​គាំទ្រ​ឲ្យ​បាន​ពេញលេញ និង​សហការ​ឲ្យ​បាន​ល្អ ដើម្បី​ជា​កម្លាំង​ដល់​អាជ្ញាធរ​ជាតិ​ដោះស្រាយ វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដើម្បី​បម្រើសេវា​ដល់​ពលរដ្ឋ ។

ក្នុង​ឱកាស​នោះ សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​យើង​នឹង​បន្ត​វប្បធម៌​នយោបាយ​ឈ្នះ​-​ឈ្នះ តាម​រយៈ​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដើម្បី​ឈ្នះ​-​ឈ្នះ​ទាំងអស់​គ្នា ដែល​ទាំង​អស់នេះ​ជា​ការ​រួមចំណែក​មួយ ក្នុង​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​របស់​យើង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ