ខេត្តពោធិ៍សាត់ ៖ អ្នកកត់កន្ទុយលេខ៥នាក់ ក្នុងនោះប្រុសម្នាក់ បានត្រូវនគរបាលប៉ុស្តិ៍ផ្ទះព្រៃឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី១៩ ឧសភា ពីបទលេងល្បែងស៊ីសងខុសច្បាប់ដែលរដ្ឋហាមឃាត់ ។
ការឃាត់ខ្លួនជនទាំង៥នាក់នេះបានរងការរិះគន់ពីមជ្ឈដ្ឋានខាងក្រៅថា សមត្ថកិច្ចធ្វើបានតែអ្នកតូចតាចក្រសាំងម្អម ចំណែកមេឆ្នោតធំៗផ្ទះល្វែង ផ្ទះវីឡា បើកវង់ល្បែង ចាក់បាល់ ឈ្នះចាញ់រាប់សិបលានរៀលក្នុងមួយថ្ងៃៗមិនដែលឃើញបង្ក្រាបទេ ។ ជាក់ស្តែង ផ្ទះបើកល្បែងដុះស្លែមួយនៅទល់មុខផ្ទះលោកមេប៉ុស្តិ៍ផ្ទះព្រៃក្នុងភូមិរ៉ា មិនដែលឃើញសមត្ថកិច្ចណាទៅបង្ក្រាបទេ បែរជាលោកមេប៉ុស្តិ៍មើលរំលងទៅវិញ ។ អ្នកកត់កន្ទុយលេខទាំង៥នាក់នេះខុសច្បាប់មែន ប៉ុន្តែដើមចមដែលខុសខ្លាំងនោះ គឺមេឆ្នោតធំៗនៅភ្នំពេញ និងសាខាតាមខេត្តដែលសមត្ថកិច្ចគួរតែបង្ក្រាបឱ្យអស់ជាមុនសិន ព្រោះបើគ្មានអ្នកទាំងនោះចាំទទួលយកលេខទេ ពួកអ្នកកត់កន្ទុយលេខក្រសាំងម្អមដែលបានចំណេញមួយថ្ងៃ១០.០០០ទៅ២០.០០០រៀលចិញ្ចឹមកូនរៀននោះក៏មិនអាចធ្វើតទៅទៀតកើតដែរ ។ បើបោសសំអាតត្រូវបោសពីលើមុន បើបោសតែខាងក្រោមកម្ទេចកម្ទីធ្លាក់មកពីលើប្រឡាក់វិញដដែល ។ ម្យ៉ាងទៀត ជនទាំង៥នាក់នេះគួរតែធ្វើកិច្ចសន្យាអប់រំបានហើយមិនគួរណាយកគ្នាទៅដាក់ពន្ធនាគារទេ ដែលចំណុចនេះតុលាការគួរតែពិចារណាផងដែរ ។
មន្ត្រីរាជការ និងប្រជាពលរដ្ឋកំពុងតែចាំមើលថា តើផ្ទះចាក់បាល់ ផ្ទះបើកល្បែងបៀអាប៉ោង និងផ្ទះមេឆ្នោតធំៗក្នុងក្រុងពោធិ៍សាត់ប៉ុន្មានកន្លែងដែលដំណើរការគគ្រឹកគគ្រេងរាល់ថ្ងៃ ជាយូរមកហើយនោះ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចមានវិធានការបង្ក្រាបដែរ ឬក៏អត់ ឬក៏ប៉ះឆ្នាំងបាយរបស់ខ្លួន ពិសេសផ្ទះបើកល្បែងនៅខាងមុខផ្ទះលោកមេប៉ុស្តិ៍ផ្ទះព្រៃនោះតែម្តង ៕
ចែករំលែកព័តមាននេះ