រាជធានីភ្នំពេញ ៖ ក្នុងបរិយាកាសអធិកអធមពិធីរំលឹកខួបលើកទី៥០ ថ្ងៃកំណើត Peace Corps ដែលរៀបចំធ្វើនៅក្នុងស្ថានទូត អាមេរិកកាលពីថ្ងៃទី១៨ ខែឧសភា កន្លងមកនេះ លោកស្រីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា Rodley មានប្រសាសន៍ដោយក្តីសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-អាមេរិកកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត តាមរយៈសកម្មភាពភ្នាក់ងារ Peace Corps នៅកម្ពុជា ។
ថ្លែងទៅកាន់ពិធីជប់លៀងអបអរសាទរខួប លើកទី៥០ របស់ភ្នាក់ងារ Peace Corps នាឱកាសនោះ លោកស្រី Rodley បានលើកឡើងថា រយៈពេល៥០ឆ្នាំរួចមកហើយដែលអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps បានធ្វើជាឯកអគ្គរដ្ឋទូតក្នុងពិភពលោក ។ ពួកគេច្រើនតែជាជនជាតិអាមេរិកដំបូងក្នុងសហគមន៍ម្ចាស់ផ្ទះរបស់គេ ហើយក៏ជាជនជាតិអាមេរិកដំបូងដែលមនុស្សជាច្រើនក្នុងសហគមន៍ទាំងនោះបានជួប។ ពួកគេបង្ហាញឱ្យឃើញនូវទឹកចិត្តសប្បុរសគំនិតច្នៃប្រឌិត និងជំនាញក្នុងលក្ខណៈដែលធ្វើឱ្យមានការផ្លាស់ប្តូរក្នុងជីវិត ហើយធ្វើឱ្យមានការយល់ដឹងបានជ្រាលជ្រៅនៃវប្បធម៌រវាងគ្នា។ សម្រាប់ប្រទេសកម្ពុជា អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps បានធ្វើការជិតស្និទ្ធជាមួយ សហគមន៍ដែលពួកគេស្នាក់នៅជាមួយ ដើម្បីធ្វើ អ្វីមួយដែលទាំងអស់គ្នាយល់ស្របគ្នាថាត្រូវធ្វើ។
លោកស្រី Rodley មានប្រសាសន៍ថា លោកស្រីគ្មានការសង្ស័យទេថា កម្មវិធី Peace Corps នៅកម្ពុជា ពិតជាបំពេញគោលដៅយ៉ាងខ្លាំងក្លា ក្នុងពេលដែលប្រជាជនមូលដ្ឋានកំពុងតែទទួលប្រយោជន៍ពីការងារសុខភាពតាមសហគមន៍មូលដ្ឋាន ។ លោកស្រីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជាដែលបានអញ្ជើញភ្នាក់ងារ Peace Corps ឱ្យបំពេញការងារនិងរៀនសូត្រនៅក្នុងប្រទេសកម្ពុជា ហើយកិច្ចសហប្រតិបត្តិការរវាង Peace Corps និងកម្ពុជា នៅតែមានលក្ខណៈល្អប្រសើរប្រពៃ ដដែល។ កម្ពុជាបានផ្តល់ឱ្យយើងនូវក្តីសង្ឃឹម ។ លោកស្រីបញ្ជាក់ថា លោកស្រីបានជួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជា ហើយបង្ហាញនូវក្តីសង្ឃឹមថា ចំណងទាក់ទងរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធនិងរឹងមាំថែមទៀត ។ ពេលនោះលោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ដោយញញឹមថា លោកស្រីមិនបាច់បារម្ភទេ ព្រោះភ្នាក់ងារ Peace Corps កំពុងតែជួយលោកស្រីក្នុងកិច្ចការនេះ ។
លោកជំទាវ ភឿន សកុណា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា មានប្រសាសន៍ នាឱកាសនោះ ដោយថ្លែងអំណរគុណចំពោះ ភ្នាក់ងារ Peace Corps ដែលបានធ្វើសកម្មភាពជាប្រយោជន៍ដល់ប្រជាជនកម្ពុជានិងប្រទេសកម្ពុជា។ វត្តមានភ្នាក់ងារ Peace Corps នៅកម្ពុជា បានបង្ហាញនូវទំនាក់ទំនងវប្បធម៌ ប្រពៃណី ការបណ្តុះបណ្តាល ការអប់រំ និងអ្វី ទៀតដែលជាគោលដៅនិងប្រយោជន៍របស់ យើងទាំងអស់គ្នា ។ លោកជំទាវជឿជាក់ថា តាមរយៈ Peace Corps យុវជនកម្ពុជាបានទទួលនូវចំណេះដឹងជាច្រើន សំខាន់ផ្នែកភាសាអង់គ្លេស និងផ្នែកសុខភាព ។
លោកជំទាវមានប្រសាសន៍ថា ក្នុងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា សំខាន់គឺការយកចិត្តទុកដាក់លើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ។ ដូច្នេះសកម្មភាពទាំងឡាយរបស់ Peace Corps គឺបានចូលរួមចំណែកផងដែរដល់ការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា ។ យើងចង់ឱ្យវត្តមានភ្នាក់ងារ Peace Corpsមានជាបន្តទៀតលើទឹកដីកម្ពុជា ៕
ចែករំលែកព័តមាននេះ