ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពុទ្ធបរិស័ទ្ធ​ច្រើនកុះករ ខណៈ​មាន​​ព្រះ​វត្តមាន​ព្រះ​ធម្ម​ វន វាសី ចន្ទ មុនី ​លើទឹកដីអង្គរ

8 ខែ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​កាលពី​​ថ្ងៃ​ទី ២៩ ខែ តុលា ឆ្នាំ​២០២៣ នៅ​បរិវេណ​អភិរក្ស​ដ្ឋា​ន​អង្គរ ខេត្តសៀមរាប

ខេត្ត​សៀម​រា​ប ៖ ​កាលពី​​ថ្ងៃ​ទី ២៩ ខែ តុលា ឆ្នាំ​២០២៣ នៅ​បរិវេណ​អភិរក្ស​ដ្ឋា​ន​អង្គរ ខេត្តសៀមរាប មាន​ប្រារព្ធ​ពិធី​ប្រកាស​សច្ចវាចា​បួង​សួង សុំ​សេចក្តីសុខ សេចក្តីចម្រើន ដែល​រៀបចំ​ធ្វើ​ឡើង​ដោយ​លោក​ជំទាវ ហ៊ុន សេង​នី និង​លោក ឧត្តមសេនីយ៍ឯក គង់ ប៊ុ​ន​លី មេបញ្ជាការ​រង​កង​អង្គរក្ស តំណាង​លោក​នាយ​ឧត្តមសេនីយ៍ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុ​ន​ហៀ​ង អគ្គមេបញ្ជាការ​រង កង​យោធពលខេមរភូមិន្ទ នាយករង​ខុ​ទ្ទ​កា​ល័យ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​ជា​មេបញ្ជាការ​បញ្ជាការដ្ឋាន​អង្គរក្ស និង​លោក សម សោម​សក្តិ នាយករង​រដ្ឋបាល​សាលាខេត្ត​  ក្រោម​វត្តមាន​និមន្ត​ចូលរួម​របស់ ព្រះ​ធម្ម​វនវាសី ចន្ទ មុនី ដើម្បី​ផ្តល់​នូវ​ពុទ្ធឱវាទ តាម​គន្លង​ព្រះ​សម្មា​សា​ម្ពុ​ទ្ធ ។ ក្នុង​នោះ​ដែរ​ក៏​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី លោក លោកស្រី អភិបាលរង​ខេត្ត ថ្នាក់ ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រី​អ្នកមុខអ្នកការ និង បងប្អូន​ប្រជា​ពុទ្ធ​បរិ​ស័​ទ្ធ​ជា​ច្រើន​កុះករ​ផង​ដែរ ។

ក្នុង​ពិធី​ប្រកាស​សច្ចវាចា​បួងសួង សុំ​សេចក្តីសុខ សេចក្តីចម្រើន ការ​និមន្ត​មកដល់​អភិរក្ស​ដ្ឋា​ន​អង្គរ ព្រះ​ធម្ម​វនវាសី ចន្ទ មុនី បាន​និមន្ត​ធ្វើការ​បូជា​ទៀន​ធូ​ប​ ផ្កា​ភ្ញី ថ្វាយ​ដល់​ព្រះ​រូប​លោកតា​ដំបង​ដែក និង​ព្រះ​រូប​លោក​មេទ័ព​ខ្លាំងពូកែ​នា​សម័យ​អង្គរ ព្រមទាំង​បាន​និមន្ត​ចូល​ធ្វើការ​ថ្វាយ​បង្គំ ព្រះបរម​រូប​ប​ដិ​​​មា​ករ ពី​បុរាណកាល​មក ដែល​បាន​យក​មក​តម្កល់​​ថែរក្សា​ទុក​នៅ​ក្នុង​អភិរក្ស​ដ្ឋា​ន​អង្គរ ដែល​ជា​មរតក​ដូនតា​ខ្មែរ​យើង​ដែល​មិន​អាច​កាត់ថ្លៃ​បាន​បន្សល់ ទុក​សម្រាប​កូនចៅ​យើង​គ្រប់​ជំនាន់ ។

ក្នុង​ពិធីបួងសួង​នៅ​មុខ​ព្រះ​អង្គរ​គោក​ធ្លក​នោះ​ដែរ​ ព្រះ​ធម្ម​វនវាសី ចន្ទ មុនី បាន​ផ្តល់​នូវ​ពុទ្ធឱវាទ​ល្អ​ៗ ដល់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ កងកម្លាំង និង​ប្រជា​ពុទ្ធបរិស័ទ​ឲ្យ​ប្រតិបត្តិ​នូវ​តែ​អំពើ​ល្អ និង ត្រូវ​មានការ​រួម​សាមគ្គី​គ្នា និង ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ធម៌​ខន្តី មេត្តា ។

ក្នុង​ពិធីបួងសួង​ស្ថិត​នៅ​ក្រោម​ដំណក់ទឹកភ្លៀង​ដ៏​ត្រជាក់ ដែល​បាន​ធ្វើការ​ប្រោះ​ព្រហ្ម​មក​លើ​ប្រជា​ពុទ្ធ បរិស័ទ ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោក​ជំទាវ​ក៏​បាន​បួងសួង​សូម​ឱ្យ បារមី​វត្ថុ​ស័ក្តិ សិទ្ធិ​ទាំងឡាយ​នៅ​លើ​លោក ដែល​បាន​គង់​ប្រថាប់​នៅ​ប្រាង្គ​ប្រាសាទអង្គរវត្ត និង ប្រាសាទបុរាណ​នានា​ជា​កេរ្តិ៍​ដំណែល​ស្ថាបត្យកម្ម​ដូនតា​ខ្មែរ​ មាន​លោកតា​រាជ្យ លោកតា​ពេជ្រ លោកយាយ​ទេ​ព្យ​  ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម​  បារមី​ព្រះ​អង្គ​ធំ​ខ្នងភ្នំ​គូលែន និង ព្រះ​បារមី​ព្រះ​អង្គ​គោ​គ​ធ្លក ព្រមទាំង​ទាំង​បារមី​ដែល​បាន​គង់​ប្រថាប់​នៅ​ក្នុង​អភិរក្ស​ដ្ឋា​ន​អង្គរ​នេះ តាម​ជួយ​ថែ រក្សា និង ប្រសិទ្ធិ​ពរ​ជ័យ​ជូន​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន និង សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ គ្រប់​ជាន់​ថ្នាក់ ព្រមទាំង​ប្រជាពលរដ្ឋ នៅ​ទូ​ទាំង​ប្រទេសកម្ពុជា សូម​ឱ្យ​ជួប​សេចក្តីសុខ សន្តិភាព និង​សេចក្តីចម្រើន​គ្រប់​ៗ​គ្នា ។​ 

ពិធី​ប្រកាស​សច្ចវាចា​បួងសួង សុំ​សេចក្តីសុខ សេចក្តីចម្រើន គឺ ស្ថិត​ក្នុង​ជំនឿ​តាម​បែប​ព្រលឹង​ដែល​ ​ប្រជាជន​ខ្មែរ​យើង មាន​ជំនឿ​ជឿ​ថា នៅ​លើ​លោក​នេះ អ្នក​ខ្លាំង​ពូ​កែ ដែល​បាន​ចែក​​ឋាន​​ទៅ ពិតជា​​ព្រលឹង​របស់​ខ្លួន​នៅ​តាម​ថែរក្សា​កូនចៅ​ជំនាន់​ក្រោយ​ៗ នឹង​មើល​ការ​ខុស​ត្រូវ​ដោយ​ឬ​ទ្ធា​នុ​ភាព​ជួយ​គាំទ្រ​កូនចៅ​ដែល​ប្រព្រឹត្តិ​អំពើ​ល្អ និង មាន​មនសិការ​ស្ន​ហា​ជាតិ ស្រឡាញ់​ការពារ​ទឹកដី​មាតុភូមិ កេរ្តិ៍​ដំណែល​ដូនតា​ដោយ​ពិតប្រាកដ ។

ក្នុង​សកម្មភាព​នោះ​ដែរ យើង​ក៏​បាន​សង្កេត​ឃើញ​បងប្អូន​ប្រជា​ពុទ្ធ​បរិ​ស័​យ​  ដែល​បាន​ធ្វើការ​រង់ចាំ​នៅ​អម​តាម​ដងផ្លូវ ដើម្បី សុំ​នូវ​ពរ​ជ័យ​ពី ព្រះ​ធម្ម​វនវាសី ចន្ទ មុនី ដើម្បី​សុំ​នូវ​សេចក្តីសុខ ចម្រើន​នៅ​ក្នុង​សង្គម​គ្រួសារ​រៀង​ៗ​ខ្លួន​ផង​ដែរ ។ បន្ទាប់​មក ពុទ្ធបរិស័ទ​សម្រុក​ចេញពី​វត្ត​បត្ត​បុរី អង្គរ​ខាងជើង មក​វិញ នៅ​វេលា​ម៉ោង​ប្រមាណ​៤​រសៀល បណ្ដាល​ឱ្យ​មនុស្ស​កកកុញ​ឆ្លងកាត់​ស្ពាន​បណ្ដែត​ទឹក ។ អ្នក​ខ្លះ​ត្រឡប់​មក​វិញ ដោយ​ពោល​ថា បាន​ជួប​ព្រះ​ភក្ត្រ​ព្រះ​អង្គ​ធម្ម​វនវាសី ចន្ទ មុនី រួម​ជាមួយ​ទឹកមន្ត​។ ឯ​ខ្លះ​ក៏​មិន​បាន​ជួប​។

ខណៈ​ពេល​នោះ នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៥ រសៀល​ថ្ងៃ​ដដែល ព្រះ​អង្គ​ធម្ម​វន វា​សី ចន្ទ មុនី ក៏​បាន និមន្ត សម្តែង​ព្រះ​ធម៌​ទេសនា នៅ​វត្ត​ឥន្ទបត្ត​បុរី ហៅ​វត្ត​អង្គរ​ខាង​ជើង​ចប់ រួច​ក៏​និមន្ត​មក​ថ្វាយ បង្គំ​លោក​តា​រាជ ហើយ​ក៏​និមន្ត​ឡើង​រថយន្ត​ត្រឡប់​ចូល​មក​ក្នុង​ក្រុង​សៀម​រាប ដើម្បី​សឹង​នៅ​ក្នុង ក្រុង​តែ​ម្តង ។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ថ្ងៃ​ទី​៣០ ខែ តុលា ឆ្នាំ​២០២៣​នេះ វត្ត​ឥន្ទបត្ត​បុរី ហៅ វត្ត​អង្គរ​ខាងជើង ក៏​បាន​រៀបចំ​ពិធីបុណ្យ​កឋិន​ទាន​សាមគ្គី ហើយ​បុណ្យកឋិន​នេះ ក៏​មានការ​និមន្ត​សម្ដែង​ព្រះធម៌​ទេស​នា​​ពី​ព្រះ​អង្គ​ធម្ម​វនវាសី ចន្ទ មុនី ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ