ខេត្តកំពត ៖ ស្ត្រីម្នាក់ទើបរៀបការបាន១ខែ បានស្លាប់បង់ជីវិតភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសាររន្ទះបាញ់កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៩ ឧសភា ២០១១ នៅភូមិព្រៃធំ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខណៈពួកនាងទាំង២ជ្រកភ្លៀងនៅក្រោមដើមស្តៅ។ ការស្លាប់ដោយសាររន្ទះបាញ់នេះមើលទៅគួរតក់ស្លុតពេកណាស់ ព្រោះតែមនុស្សបានស្លាប់ខ្មៅរោល និងទាន់ហន់តែម្តង ចំណែកដើមស្តៅបានប្រេះបែកជាពីរ ។
សាក្សីបាននិយាយឱ្យដឹងថា មុនពេលកើតហេតុ នារីទាំង២នាក់នេះជាបងប្អូនថ្លៃនឹងគ្នា នារីជាបងថ្លៃបានហៅប្អូនថ្លៃស្រីទៅមើលប្តីរបស់ខ្លួនភ្ជួររាស់ដីស្រែឱ្យគេ…ពេលទៅដល់ចំការ មេឃចាប់ផ្តើមភ្លៀង និងមានខ្យល់ ផ្លេកបន្ទោរ ផ្គរលាន់គ្រាំងៗគួរឱ្យខ្លាច អ្នកទាំង២ក៏ចូលជ្រកភ្លៀងក្រោមដើមស្តៅបានបន្តិច ស្រាប់តែរន្ទះបាញ់បណ្តាលឱ្យស្ត្រីជាបងថ្លៃស្លាប់ និងស្ត្រីជាប្អូនថ្លៃរងរបួសយ៉ាងខ្លាំង ។ ស្ត្រីជាបងថ្លៃឈ្មោះកែវ ណាវី អាយុ២៥ឆ្នាំ ទើបរៀបការហើយបានប្រហែល១ខែ និងស្ត្រីជាប្អូនថ្លៃឈ្មោះជូ និមល អាយុ២៣ឆ្នាំ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជនមួយក្នុងស្រុកបន្ទាយមាន ៕
ចែករំលែកព័តមាននេះ