កម្ពុជា និងវៀតណាម កំពុងតែសម្លឹងរួមគ្នាទៅលើផលប្រយោជន៍ដែលបានមកពីគំនិតផ្តួចផ្តើមនៃការត.ភ្ជាប់ផ្លូវល្បឿនលឿនរវាងប្រទេសទាំងពីរ តាមយន្តការផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាមួយនឹងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ ដែលអាចចាត់ទុកថា ជាសរសៃឈា.មថ្មី សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រជាជាតិទាំងពីរ។

គិតជាលុយសរុប គឺមានតម្លៃជាង២០០០លានដុល្លារ សម្រាប់ការបង្កើតសរសៃឈា.មសេដ្ឋកិច្ចថ្មីនេះ។
ពាក់ព័ន្ធនឹងគម្រោងជាសរសៃឈា.មថ្មីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅប្រមុខរដ្ឋវៀតណាម ឱ្យពន្លឿនកិច្ចព្រមព្រៀងនានា ដើម្បីបើកផ្លូវឱ្យមានការតភ្ជាប់គ្នារវាងផ្លូវល្បឿនលឿនរបស់កម្ពុជាភ្នំពេញ-បាវិត ជាមួយផ្លូវល្បឿនលឿនរបស់វៀតណាម ម៉ុកបាយ-ហូជីមិញ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម និងទេសចរណ៍នៅក្នុងជំនួបកាលពីដើមខែតុលាកន្លងទៅ ។

តាមគំនិតផ្តួចផ្តើមនេះ កាលពីចុងសប្តាហ៍មុន ពោលគឺពីថ្ងៃទី២៦ដល់២៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ក្រុមមន្ត្រីជំនាញការ និងបច្ចេកទេសរបស់ប្រទេសទាំងពីរ បានបើកកិច្ចពិភាក្សាគ្នាជាលើកទី២ នៅលើការតភ្ជាប់ផ្លូវល្បឿនលឿនថ្មីពីរខ្សែ ដែលកម្ពុជាកំពុងតែកសាង ហើយវៀតណាម ដាក់ផែនការកសាងនៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ជំនួបជាលើកដំបូង រវាងក្រុមមន្ត្រីបច្ចេកទេសទាំងពីរប្រទេស គឺភាគីកម្ពុជា ដឹកនាំដោយលោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ហើយភាគីវៀតណាម គឺដឹកនាំដោយលោក ឡេ អាញ់ ធាន ( Le Anh Tuan ) អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

នៅក្នុងកិច្ចប្រជុំនោះ ភាគីទាំងសងខាងបានសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា ក្នុងនោះភាគីទាំងពីរបានឯកភាពពន្លឿនការអនុវត្តគម្រោង និងការងារពាក់ព័ន្ធ ដើម្បីជាប្រយោជន៍រួម ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម។
សម្រាប់កម្ពុជា បានបើកការដ្ឋានកសាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលមានចម្ងាយសរុប១៣៥,១០ គម ដោយត្រូវចំណាយថវិកាប្រមាណជា ១.៤០០ លានដុល្លារ តាំងតែពីខែមិថុនា ឆ្នាំ២០២៣ នេះមកម្ល៉េះ ដោយនៅក្នុងនោះវាកាត់ខេត្តកណ្តាលប្រមាណជា ៤,១គម, ខេត្តព្រៃវែង ៧០,៩ គម និងខេត្តព្រៃវែង៦០,១ គម ចេញទៅបាវិតតែម្តង ប៉ុន្តែខាងភាគីវៀតណាមកំពុងតែគិតគូរផែនការនេះ ។

គំនិតផ្តួចផ្តើម នៃការតភ្ជាប់ផ្លូវល្បឿនលឿនរបស់ប្រទេសទាំងពីរ គឺពិតជាមានតម្លៃ ហើយដោយសារតែមើលឃើញតម្លៃនេះហើយ ទើបវៀតណាមបានសម្រេចកែសម្រួលគម្រោងនះឡើងវិញ ដើម្បីឲ្យសមស្របនឹងកម្ពុជា ។
តាមពិតទៅវៀតណាម បានដាក់ផែនការកសាងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃភ្ជាប់ មកកម្ពុជា តាំងពីឆ្នាំ២០១៩ មកម្ល៉េះ ខណៈដែលកម្ពុជាកំពុងតែសិក្សា និងបង្ហាញចំណាប់អារម្មណ៍កសាងផ្លូវនេះ ។
តាមផែនការដើមរបស់វៀតណាម ដែលបានគ្រោងវៀតណាម គ្រោងចំណាយថវិកាត្រឹមតែកម្រិត ២៥៥ លានដុល្លារប៉ុណ្ណោះ ដើម្បីកសាងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ ដែលមានចម្ងាយប្រមាណជា ៥៣,៥ គម ប៉ុន្តែនៅខែឧសភា ឆ្នាំ២០២២ អាជ្ញាធរវៀតណាម បានសម្រេចបង្កើនថវិកាកសាងផ្លូវនេះដល់ទី ៧០៩,៩ លានដុល្លារ ដោយគ្រោងពង្រីក ៤គន្លង ហើយអាចអនុញ្ញាតឲ្យបើកបរនៅក្នុងល្បឿនដល់១២០ គម ដូចជាកម្ពុជាដែរ ។

តាមផែនការវៀតណាម គ្រោងនឹងសាងសង់ផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃនេះ នៅត្រីមាសទី៤ នៃឆ្នាំ២០២៣ ឬឆ្នាំ២០២៤ ដោយគ្រោងឲ្យបញ្ចប់នៅឆ្នាំ២០២៧ ហើយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៧ដូចគ្នា ។
សព្វថ្ងៃនេះ ការតភ្ជាប់រវាងទីក្រុងភ្នំពេញ រាជធានីរបស់កម្ពុជា ទៅទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចវៀតណាម នៅលើចម្ងាយផ្លូវប្រមាណជា ជាង២២០ គម គឺត្រូវចំណាយពេលពី៥ទៅ៦ម៉ោង ដោយភ្ជាប់ពីភ្នំពេញទៅបាវិតតាមផ្លូវជាតិលេខ១ និងភ្ជាប់ពី ម៉ុកបាយ ទៅ ហូជីមិញ តាមផ្លូវហាយវេ លេខ២២ ដូច្នេះនៅពេលដែលប្រទេសទាំងពីរមានផ្លូវល្បឿនលឿនតភ្ជាប់គ្នានោះ រយៈពេលនៃការធ្វើដំណើរនឹងកាត់បន្ថយ ហើយការដឹកជញ្ជូនទំនិញ ក៏កាន់តែរហ័ស និងទូលំទូលាយបន្ថែមទៀត ។
ដោយ ៖ ហេង ចេស្តារ
ចែករំលែកព័តមាននេះ