ខេត្តព្រះសីហនុ ៖ បុរសពីរនាក់ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើការឃាត់ខ្លួននៅចំណុចផ្សេងគ្នា ខណៈពេលជនសង្ស័យកំពុងប្រព្រឹត្តសកម្មភាពល្មើសជាក់ស្តែង កាលពីថ្ងៃទី១៨ ឧសភា ។
តាមព័ត៌មានពីលោកសាន់ ប៊ុនថន នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា ជនសង្ស័យឈ្មោះសែម គង់ ហៅពៅ អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត បច្ចុប្បន្នរស់នៅក្រុម១២ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ត្រូវបានឃាត់ខ្លួននៅចំណុចសួនច្បារមុខរោងចក្រស្រាបៀរអង្គរ ខណៈពេលកំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀនជាក់ស្តែង ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញនូវថ្នាំញៀនប្រភេទមេតំហ្វេតាមីន WY ចំនួន២០គ្រាប់ ទូរស័ព្ធដៃចិន១គ្រឿង ។
ជនទី២-ឈ្មោះស៊ូ ត្នោត អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅក្រុងកែប បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ននៅក្រុមទី ១៣ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង៨និង៤០នាទី នៅក្នុងស្ថានីយរថភ្លើងស្ថិតក្នុងក្រុមទី១៣ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
ពេលឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទ មេតំហ្វេតាមីន WY ចំនួន៥គ្រាប់ ថ្នាំញៀនប្រភេទម៉ាទឹកកក១កញ្ចប់តូច និងទូរស័ព្ទដៃ១គ្រឿង ។ ជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ