រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានចុះផ្សាយតាមគេហទំព័ររបស់សាលាក្តីខ្មែរក្រហម (អ.វ.ត.ក) ចុះថ្ងៃទី១៨ ឧសភា ឆ្នាំ២០១១ បានឲ្យដឹងថា សហព្រះរាជអាជ្ញាអន្តរជាតិលោក Andrew Carley ត្រូវបានសហចៅក្រមស៊ើបអង្កេតព្រមានថា ខ្វះមូលដ្ឋានច្បាប់ក្នុងការចេញសេចក្តីប្រកាសព័ត៌មាន និងបានរំលោភលើវិធាននៃភាពសម្ងាត់។ វិធាន៥៦ចែងថា «ដើម្បីការពារសិទិ្ធ និងផលប្រយោជន៍របស់ភាគី ការស៊ើបអង្កេតមិនត្រូវធ្វើឡើងជាសាធារណៈឡើយ។ បុគ្គលទាំងអស់ដែលចូលរួមក្នុងការស៊ើបសួរត្រូវរក្សាឲ្យបាននូវការសម្ងាត់»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហចៅក្រមស៊ើបអង្កេតនៅក្នុងដីកាចុះថ្ងៃទី១៨ ឧសភា ឆ្នាំ២០១១ លោកយូ ប៊ុនឡេង សហចៅក្រមស៊ើបអង្កេតជាតិ និងលោក Siegfried Blunk សហចៅក្រមអន្តរជាតិនៃ អ.វ.ត.ក បានចេញដីកាបញ្ជាឲ្យសហព្រះរាជអាជ្ញាអន្តរជាតិ លោក Andrew Carley ត្រូវដកយកផ្នែកខ្លះចេញពីសេចក្តីប្រកាសរបស់ខ្លួនពាក់ព័ន្ធនឹងសំណុំរឿង០០៣មិនឲ្យហួសពីរយៈពេលបីថ្ងៃជាកំហិត។ ទោះបីយ៉ាងណាក៏ដោយ សហព្រះរាជអាជ្ញាបានរំលោភលើវិធាននៃការរក្សាការសម្ងាត់ ដោយបានជូនដំណឹងដល់សាធារណជន និងយ៉ាងលំអិតអំពីការដែលខ្លួន «ស្នើដល់សហចៅក្រមស៊ើបអង្កេត» ឱ្យអនុលោមតាមវិធាន៦៦.១នៃវិធានផ្ទៃក្នុង។
លោកយូ ប៊ុនឡេង បន្តថា សហចៅក្រមស៊ើបអង្កេតបានធ្វើការកត់សម្គាល់លើសេចក្តីប្រកាសព័ត៌មានរបស់សហព្រះរាជអាជ្ញាអន្តរជាតិស្តីពីសំណុំរឿងលេខ០០៣ ចុះថ្ងៃទី៩ ឧសភា ឆ្នាំ២០១១ ដែលបានផ្តល់នូវព័ត៌មានស្តីពីឧក្រិដ្ឋកម្ម ដែលបើតាមគំនិតរបស់សហព្រះរាជអាជ្ញាអន្តរជាតិ តម្រូវឲ្យមានការស៊ើបសួរ ហើយក្នុងនោះបានបង្ហាញពីព័ត៌មានពិស្តារទាក់ទងនឹងឧក្រិដ្ឋកម្មដែលបានចោទប្រកាន់ក្នុងករណី០០៣ ទីតាំងឧក្រិដ្ឋកម្ម និងផែនការឧក្រិដ្ឋកម្មនានា។ ជាងនេះទៅទៀត សេចក្តីប្រកាសព័ត៌មានក៏បានលើកឡើងពីសកម្មភាពនានា ដែលបម្រុងនឹងធ្វើនាពេលអនាគតដោយសហព្រះរាជអាជ្ញាអន្តរជាតិទាក់ទងនឹងដំណើរការស៊ើបសួរ។
សេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យសហចៅក្រមស៊ើបអង្កេត ចុះថ្ងៃទី១៨ ឧសភា ឆ្នាំ២០១១ ដដែលបានសសេរបន្តថា សហព្រះរាជអាជ្ញាអន្តរជាតិ លោកអាន់ឌ្រូ ខាលី (Andrew Carley) ខ្វះខាតនូវមូលដ្ឋានផ្លូវច្បាប់ ក្នុងការប្រកាសព័ត៌មានទាំងឡាយខាងលើជាសាធារណៈ ហើយគាត់ក៏បានរំលោភលើវិធានស្តីពីភាពសម្ងាត់ផងដែរ។ ដូច្នេះសហព្រះរាជអាជ្ញាអន្តរជាតិត្រូវធ្វើការកែតម្រូវឡើងវិញ ឬក៏ដកចេញនូវចំណុចមួយចំនួននៅក្នុងសេចក្តីប្រកាសជាសាធារណៈរបស់ខ្លួន កាលពីថ្ងៃទី៩ ឧសភា ឆ្នាំ២០១១ មិនឲ្យហួសពីរយៈពេលបីថ្ងៃនៃថ្ងៃធ្វើការងារឡើយ ៕
ចែករំលែកព័តមាននេះ