ខេត្តព្រះសីហនុ ៖ ការភ្ញាក់ផ្អើលបានកើតឡើងបន្ទាប់ពីអ្នកស្ទូចត្រីតាមមាត់សមុទ្រម្នាក់ប្រទះឃើញជនបរទេសម្នាក់ដេកសន្លប់នៅក្នុងទឹកចន្លោះដុំថ្មដោយមានសឺរាំងនៅជាប់ដៃចាក់ត្រង់កញ្ចឹងកកាលពីថ្ងៃទី១៨ ឧសភា វេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ នៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
តាមក្រុមក្មេងៗលក់វត្ថុអនុស្សាវរីយ៍តាមមាត់សមុទ្រឱ្យដឹងថា ជនបរទេសម្នាក់នេះមានអាការចំលែកតាំងពីថ្ងៃទី១៧ ឧសភា មកម្ល៉េះ គឺអង្គុយធ្លាក់ពីលើកៅអីជាញឹកញាប់ ហើយសូម្បីតែផឹកស្រាបៀរអស់១កែវថ្លៃ១ដុល្លារក៏គ្មានលុយឱ្យដែរ។ ជនបរទេសម្នាក់នេះទំនងញៀនថ្នាំ ឬញៀនអ្វីម្យ៉ាង។
បុរសម្នាក់ស្នាក់នៅក្បែរនោះឱ្យដឹងថា ជនបរទេសនេះបានទៅអង្គុយទីនោះតាំងពីម៉ោង៦ព្រឹកម្ល៉េះ ហើយឃើញជនបរទេសដូចគ្នាហៅឱ្យឡើងគោក តែមិនឡើងទេ។ រហូតដល់ម៉ោងជាង១២ទើបមានការភ្ញាក់ផ្អើលថា ជនបរទេសនេះសន្លប់ ហើយអ្នកម៉ាស្សាតាមមាត់សមុទ្រជួយធ្វើសរសៃឱ្យទើបដឹងខ្លួនវិញប្រមាណ២០នាទីក្រោយមក។
ប៉ូលិសរដ្ឋបាលសង្កាត់៤ ក្រុងព្រះសីហនុឱ្យដឹងថា ជនបរទេសម្នាក់នេះនៅមិនទាន់ដឹងអត្តសញ្ញាណនៅឡើយទេ តែនៅកន្លែងកើតហេតុរកឃើញកាបូបស្ពាយមួយដែលនៅក្នុងនោះមានតែសំបកថ្នាំពេទ្យ និងសឺរាំងចាក់ថ្នាំប៉ុណ្ណោះ ឯការដេកសន្លប់ម្នាក់ឯងនេះពុំដឹងមកពីមូលហេតុអ្វីទេ។
ដោយឡែកប្រភពផ្សេងមួយទៀតឱ្យដឹងថា បុរសម្នាក់នេះជាមនុស្សញៀនថ្នាំ ព្រោះគេតែងតែឃើញយកសឺរាំងចាក់ដៃខ្លួនឯងជាញឹកញាប់។ សមត្ថកិច្ចបានដឹកយកជននេះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកចំការចេក ៕
ចែករំលែកព័តមាននេះ