ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សាលាដំបូង​ខេត្តស្វាយរៀងថ្មី ចូលកាន់​តំណែង​

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​កាលពី​​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣ ម្សិលមិញ​នេះ ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុម

ខេត្តស្វាយរៀង ​៖ ​កាលពី​​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣ ម្សិលមិញ​នេះ ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល​ខេត្តស្វាយរៀង បាន​អ​ញ្ជើ​​ញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ផ្ទេរ និង​ចូល​កាន់​មុខ​តំណែង​ឯកឧត្តម អ៊ា​ក ផល្លា ជា​ប្រធាន​សាលាដំបូង​ខេត្តស្វាយរៀង ជំនួស​ឯកឧត្តម ឌិន ស៊ី​វុ​ទ្ធី ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​កាន់​មុខ​តំណែង​ជា​ប្រធាន​សាលាដំបូង​ខេត្តស្ទឹងត្រែង ស្ថិត​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​សមាជិក​ទី​១ នៃ​ឧត្តម​-​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។

ពិធី​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពីឯកឧត្តម​សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម លោក លោកស្រី​ប្រតិភូ​ក្រសួងយុត្តិធម៌ ឯកឧត្តម​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត លោក លោកស្រី អនុប្រធាន​សាលាដំបូង ព្រះរាជអាជ្ញា​រង ចៅក្រម​តុលាការ ចៅក្រម​អយ្យការ មេបញ្ជាការ បញ្ជាការ​រង​កងកម្លាំង​ទាំង​បី ប្រធាន​មន្ទីរ​-​អង្គភាព អភិបាលក្រុង ស្រុក លោក​អធិការ​នគរបាល​ក្រុង ស្រុក លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ស្រុក​ទាំង​៨ លោកនាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​-​ព្រៃ​វ​ល្លិ៍ និង​មន្ត្រីរាជការ​នៃ​សាលាដំបូង​ខេត្ត​ជា​ច្រើន​រូប​។

ឯកឧត្ដម ប៉េង ពោធិ៍​សា អភិបាលខេត្ត​បាន​សម្ដែង​នូវ​ការ​កោតសរសើរ និង​ថ្លែង​នូវ​ការ​អរគុណ ចំពោះ​ឯកឧត្ដម ឌិន ស៊ី​វុ​ទ្ធី ដែល​ក្នុង​រយៈពេល នៃ​ការ​កាន់​មុខ​តំណែង​ជា​ប្រធាន​សាលាដំបូង​ខេត្តស្វាយរៀង រយៈពេល​ជិត ៥​ឆ្នាំ កន្លង​មកនេះ បាន​សហការ និង​មាន​ទំនាក់ទំនង​យ៉ាង​ល្អ​ប្រសើរ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​ការ​ដឹកនាំ​អនុវត្ត​វិស័យ​ច្បាប់ និង​វិស័យ​តុលាការ ដោយ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ជាមួយ​រាជ​- រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​កែទម្រង់​ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ជា​ពិសេស​បាន​ចូលរួម​ធ្វើ​ឲ្យ​ខេត្តស្វាយរៀង ធានា​បាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម​ល្អ​ប្រសើរ និង​សម្រេច​បាន​នូវ​សមិទ្ធផល​ល្អ​ៗ​ជា​បន្តបន្ទាប់​។

ទន្ទឹម​នេះ សូម​ផ្តាំ​ផ្ញើ​ដល់​ឯកឧត្តម​ប្រធាន​សាលាដំបូង​ខេត្តស្វាយរៀង​ដែល​ត្រូវ​ប្រកាស​ចូល​កាន់​មុខ​តំណែង​នៅ​ថ្ងៃនេះ ត្រូវ​បន្ត​ពង្រឹង​ការ​សហការ និង​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង និង​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ស្រប​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា​ជា​ធរមាន ដោយ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ទាំង​៥​យ៉ាង «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​» ដើម្បី​ពង្រឹង​យន្តការ នៃ​ការ​ដឹកនាំ​គ្រប់គ្រង​សាលាដំបូង​ខេត្ត ក្នុង​ការ​ធានា​គុណភាព ប្រសិទ្ធភាព និង​គណនេយ្យ​ភាព នៃ​ការ​ផ្ដល់​សេវា និង​បង្កើន​ជំនឿ​ទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​វិស័យ​យុត្តិធម៌ ដែល​ជា​ចំណែក​មួយ​ចូលរួម​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង និង​កាន់តែ​មាន​ប្រសិទ្ធភាព​នូវ​ការ​អនុវត្ត​កម្មវិធី​កំណែទម្រង់ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរ​ដ្ឋា​-​ភិ​បាល ។ ក្នុង​នោះ​សូម​ឲ្យ​មានការ​សហការ និង​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋបាល​ដែនដី​គ្រប់​លំដាប់ថ្នាក់ មន្ទីរ​-​អង្គភាព និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន ប្រកបដោយ​ភាព​ម្ចាស់​ការ ការ​ទទួលខុសត្រូវ និង​ស្រប​តាម​នីតិវិធី​នានា​ជា​ធរមាន ។

ឯកឧត្តម កើ​ត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ផ្តាំ​ផ្ញើ​នូវ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ដូច​ខាងក្រោម​៖ ១-​ត្រូវ​ពង្រឹង​ប្រសិទ្ធភាព​ចំណាត់ការ​សំណុំរឿង ឱ្យ​បាន​ម៉ឺងម៉ាត់ តឹង​រឹង ត្រឹមត្រូវ និង​តម្លាភាព ជា​អាទិ៍ បទល្មើស​គ្រឿងញៀន​, សម្អាត​ប្រាក់​, ជួញដូរ​មនុស្ស​និង​អាជីវកម្ម​ផ្លូវភេទ​, បទល្មើស​ឆក់ ប្លន់ ដើម្បី​រួមចំណែក​អនុវត្ត «​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​» និង​ត្រូវ​អនុវត្ត​ទោស​បន្ថែម​ដែល​ជា​ការ​បណ្តេញ​ចេញពី​កម្ពុជា​ចំពោះ​ជនល្មើស​ជា​ជនបរទេស ក្រោយ​បញ្ចប់​ការ​អនុវត្ត​ទោស​ពន្ធនាគារ​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា ចំពោះ​ជនល្មើស​ដែល​មាន​សញ្ជាតិ ២ ក្នុង​នោះ​មួយ​ជា​សញ្ជាតិ​ខ្មែរ ដែល​ត្រូវ​បាន​ចាប់ខ្លួន ចោទប្រកាន់ ឬ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​លើ​ទឹកដី​ខ្មែរ​, ចៅក្រម​និង​ព្រះរាជអាជ្ញា​ពុំ​មាន​កាតព្វកិច្ច​តាម​ផ្លូវច្បាប់​ណាមួយ​ដែល​ត្រូវ​ជូនដំណឹង​ទៅ​ស្ថានទូត​បរទេស​ឡើយ ដោយ​ត្រូវ​ចាត់​ទុក​ជនល្មើស​នោះ​ជា​ជនជាតិ​ខ្មែរ ដែល​នេះ​ស​ញ្ជា​ក់​ពី​ការ​លើកតម្កើង​អធិបតេយ្យភាព​ជាតិខ្មែរ​។

២-​នៅ​ពេល​ជំនុំ​ជម្រះក្តី ត្រូវ​វៀរចាក​អគតិ​ទាំង ៤ ប្រការ​គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និង​មោហាគតិ និង​ត្រូវ​ប្រកាន់​យក​សុគតិ​ធម៌​ទាំង ៥ គឺ វិ​រិ​យស​ម្ប​យុ​ត្តិ សុចរិតយុត្តិធម៌ បញ្ញត្តិ​គារ​វោ សម​ទ​ណ្ឌោ និង បញ្ញា​វុ​ធ​វិនិច្ឆ័យ​។

៣-​ត្រូវ​បន្ត​ពង្រឹងសមត្ថភាព​មន្ត្រី​ក្រោម​ឱវាទ និង​មន្ត្រី​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ តាម​គ្រប់​មធ្យោបាយ​, រៀបចំ​សមាសភាព​មន្ត្រី​ដើម្បី​ទទួល​ការ​បណ្តុះបណ្តាល​បន្ត ហើយ​មន្ត្រី​គ្រប់​រូប​ក្នុង​វិស័យ​យុត្តិធម៌ ក៏​ត្រូវ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ជាប់​ជា​ប្រចាំ​។

៤-​ត្រូវ​ពង្រឹងគុណភាព​នៃ​ការ​តាក់តែង​សាលក្រម​/​សាលដីកា​ដោយ​ត្រូវ​មាន​សំអាង​ហេតុ និង​សំអាង​ច្បាប់​ច្បាស់លាស់ គ្រប់គ្រាន់ ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​ច្បាប់​ជា​ធរមាន ហើយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​សូម​ស្នើ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ផ្តល់​កិច្ចសហការ​ធានា​ឱ្យ​សេចក្តីសម្រេច​របស់​តុលាការ​ត្រូវ​បាន​អនុវត្ត​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព​។

៥-​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​អភិក្រម​ដ៏​ថ្លៃថ្លា​ទាំង ៥ របស់ សម្តេច​តេ​ជោ ហ៊ុន សែន គឺ​«​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់​» និង​អភិក្រម​ទាក់ទង​នឹង​ការ​កែទម្រង់​ទាំង ៤ របស់ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី គឺ «​ចក្ខុវិស័យ​ច្បាស់លាស់ ប្តេជ្ញា​ចិត្ត​ខ្ពស់ ចូលរួម​ដោយ​ស្មោះត្រង់ និង​លះបង់​» ក្នុង​ការ​អនុវត្ត​មុខងារ និង​ភារកិច្ច​របស់​ខ្លួន ជា​ពិសេស ការ​ត្រៀមលក្ខណៈ​គ្រប់​បែប​យ៉ាង​ចូលរួម​អនុវត្ត​យុទ្ធនាការ​សំខាន់​ៗ​ទាំង ៣ ដែល​នឹង​ដាក់​ចេញ​ដោយ​ក្រសួងយុត្តិធម៌​នា​ពេល​ខាង​មុខ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ