ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពល​រដ្ឋ​​តវ៉ា​ការ​បិទ​ផ្លូវ​​របស់​ក្រុម​ហ៊ុន​​វារី​អគ្គិ​សនី​កំចាយ​មិន​ឱ្យ​ឡើង​ភ្នំ

14 ឆ្នាំ មុន

ខេត្តកំពត ៖ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ​ប្រជា​ពល​រដ្ឋ​​អ្នក​រក​ស៊ី​​ឡើង​ភ្នំ​ចំនួន​ជាង​១០០​នាក់ ​ក្នុង​ចំណោម​ជាង​២០០​គ្រួសារ​ បាន​នាំគ្នា​​ទៅ​តវ៉ា​នៅ​មុខ​កុង​ត្រូល​​ការ​ដ្ឋាន​ទំនប់​​វារី​អគ្គិ​សនី​កំចាយ របស់​ក្រុម​ស៊ីណូ​ហាយ​ត្រូ (ចិន) ​ដើម្បី​សំណូម​ពរ​សុំ​ឱ្យ​ក្រុម​ហ៊ុន​​នេះ​​បើក​ផ្លូវ​ឱ្យ​ពួក​គេ​បាន​ឡើងភ្នំតាម​​ផ្លូវដែល​ពួក​គាត់​ធ្លាប់​ឡើង​នេះ​ផង ពីព្រោះកន្លង​មក​ពួក​

ខេត្តកំពត ៖ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ​ប្រជា​ពល​រដ្ឋ​​អ្នក​រក​ស៊ី​​ឡើង​ភ្នំ​ចំនួន​ជាង​១០០​នាក់ ​ក្នុង​ចំណោម​ជាង​២០០​គ្រួសារ​ បាន​នាំគ្នា​​ទៅ​តវ៉ា​នៅ​មុខ​កុង​ត្រូល​​ការ​ដ្ឋាន​ទំនប់​​វារី​អគ្គិ​សនី​កំចាយ របស់​ក្រុម​ស៊ីណូ​ហាយ​ត្រូ (ចិន) ​ដើម្បី​សំណូម​ពរ​សុំ​ឱ្យ​ក្រុម​ហ៊ុន​​នេះ​​បើក​ផ្លូវ​ឱ្យ​ពួក​គេ​បាន​ឡើងភ្នំតាម​​ផ្លូវដែល​ពួក​គាត់​ធ្លាប់​ឡើង​នេះ​ផង ពីព្រោះកន្លង​មក​ពួក​គាត់​ជាង​២០០​គ្រួសារ​ ដែល​រស់​នៅ​ភូមិ​ទ្វី​ខាង​ជើង និង​ភូមិ​អូរតូច ​ក្នុង​សង្កាត់​​អណ្តូង​ខ្មែរ ​ក្រុង​កំពត ​មាន​​តែ​មុខ​​របររក​ស៊ី​ឡើងភ្នំ ​ដើម្បី​​​បោច​​វល្លិ៍​​បោច​ផ្តៅ​ និង​កាប់​ឫស្សី​ត្បាញ​កញ្ឆេ ធ្វើ​ដោះ​ស្រាយ​ជីវ​ភាព​ប្រចាំ​ថ្ងៃ​មួយ​ថ្ងៃ​រួច​មួយថ្ងៃ​ប៉ុណ្ណោះ បើ​សិន​ក្រុម​ហ៊ុន​​បិទ​ផ្លូវ​ដែល​ធ្លាប់​ឡើង​​ភ្នំ​នេះ ​មិន​ឱ្យ​ពួក​​គាត់​ឡើង​ទេ ​ពួក​គាត់​ពិត​ជា​ដាច់​ពោះ​ស្លាប់​ពុំ​ខាន ។

ក្រោយ​ពី​ប្រជា​ពល​រដ្ឋ​មក​សុំ​ដល់​កុងត្រូល​ដែល​ជា​កន្លែង​ប្រចាំ​ការ​​ការពារ​​ការ​ដ្ឋាន​ទំនប់​នេះ សមត្ថ​កិច្ច​បាន​ប្រាប់​ពួក​គាត់​ឱ្យ​នាំគ្នា​​ទៅ​សុំ​អាជ្ញា​ ធរ​ខេត្ត​វិញ ព្រោះ ​ខេត្ត​ជា​អ្នក​បិទ ។ ​ក្រោយពី​ឮ​​ការ​ណែ​នាំ​​ពី​សមត្ថ​កិច្ច​មក​ប្រជា​ពល​រដ្ឋ​​ជាង​១០០​នាក់ តំណាង​ឱ្យ​​ប្រជា​ពល​រដ្ឋ​ជាង​២០០​នាក់​នោះ នាំគ្នា​មក​ដល់​សាលា​ខេត្ត​កំពត នៅ​វេលា​ម៉ោង​៩​និង​៣០​​នាទី​ព្រឹក​ដើម្បី​សុំ​​ឱ្យ​លោក​អភិ​បាល​​ខេត្ត​ជួយ​ដោះ​ស្រាយ​បញ្ហា​ការបិទ​​ផ្លូវ​ខាង​លើ ។ ​ប៉ុន្តែប្រជាពល​រដ្ឋ​​មាន​ការ​ហួស​ចិត្ត​គ្រប់ៗគ្នា ដោយ​ពុំ​បាន​ជួប និង​ទទួល​ការណែ នាំ​​ ឬ​ជួប​ផ្ទាល់​​ជា​មួយ​​មន្ត្រី​​ក្នុង​សាលា​ខេត្ត​ណា​ម្នាក់​​សោះ ​គឺ​បាន​ជួប​និង​ទទួល​ការណែ​នាំ​ពី​អ្នក​បើក​បរ​រថយន្ត​​ទៅវិញ ​ដោយ​បាន​ប្រាប់​ និង​ណែ​នាំ​ឱ្យ​​ប្រជា​ពល​រដ្ឋ​​ទាំង​អស់​ត្រឡប់​ទៅ​វិញ​ ទៅ​ធ្វើ​លិខិត​ពី​មេ​ឃុំ ឬ ចៅ​សង្កាត់​​​មក​​ទើប​លោក​អភិ​បាល​​​ខេត្ត​​មាន​ការ​ដោះ​ស្រាយ​ជូន​។

ក្រោយ​ពី​ទទួល​​ការ​ណែ​នាំ​ពី​អ្នក​បើក​បរ​រថយន្ត​​រួច​ប្រជា​ពល​រដ្ឋ​​​ទាំង​អស់​ក៏ត្រឡប់​​មក​សង្កាត់​អណ្តូង​ខ្មែរ ​ដើម្បី​ឱ្យ​ចៅ​សង្កាត់​ជួយ​ធ្វើ​អន្តរា​គមន៍​ ។ ​លោក​យ៉យ ​ស៊ីថង ​ចៅ​សង្កាត់​​អណ្តូង​ខ្មែរ ​បាន​ឱ្យ​ដឹងថា ប្រជា​ពលរដ្ឋ​ដែល​មាន​មុខ​របរ​ឡើង​ភ្នំ​បោច​វល្លិ៍ បោ​ច​ផ្តៅ និង​កាប់​ឫស្សី​ត្បាញ​កញ្ឆេ​ធ្វើ​លួ​នេះ​នៅទូទាំងសង្កាត់​អណ្តូង​ខ្មែរ ​មាន​ចំនួន​ជាង​២០០​គ្រួសារ ​ក្នុង​នោះ​មាន​ភូមិ​ពីរ គឺ​ភូមិ​ទ្វី​ខាង​ជើង​មាន​ពល​​រដ្ឋ​​ពាក់​កណ្តាល​នៃ​ចំនួន​ពល​​រដ្ឋ​សរុប​ដែល​មាន​មុខ​របរ​រក​ស៊ី​​ឡើង​ភ្នំ​​ ឯ​ពាក់​កណ្តាល​ទៀត​ពួក​គាត់​មាន​មុខរបរ​ផ្សេងៗ​ដូច​ជាធ្វើ​សំណង់ រត់​ម៉ូតូ​ឌុប និង​ជា​មន្ត្រី​រាជ​ការ ចំពោះ​ភូមិ​មួយ​ទៀត គឺភូមិ​អូរតូច ​ប្រជា​ពល​រដ្ឋ​​ភាគ​ច្រើន​ជាអ្នក​រក​ស៊ី​ឡើងភ្នំ ។

ប្រជា​ព​លរដ្ឋ​​ឈ្មោះ​ហ៊ាន ​ហាន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ​បាន​ឱ្យ​ដឹងថា ​គាត់​មា​នតែ​មុខ​របរ​រក​ស៊ីឡើង​ភ្នំ ដើម្បី​ដោះ​ស្រាយ​ជីវ​ភាព​ក្នុង​គ្រួសារ​​តែ​ប៉ុណ្ណោះ ​បើ​អាជ្ញា​ធរ​ និង​ក្រុម​ហ៊ុន​​បិទ​ផ្លូវ​​ដែល​ពួក​​គាត់​ធ្លាប់​​ឆ្លង​កាត់​​​ទៅឡើង​ភ្នំ​នោះ គ្មាន​​ផ្លូវ​ច្រក​ណា​អាច​ឡើង​ទៅ​ភ្នំ​បាន​ទៀត​ទេ កូន​ប្រពន្ធ​ ពិតជា​អត់​បាយ​ដាច់​ពោះ​ស្លាប់​​ហើយ សូម​អាជ្ញា​ធរ​ និង​ក្រុម​ហ៊ុន​មេត្តា​​​ជួយ​ដោះ​ស្រាយ​បញ្ហា​ខាង​លើ​នេះ​ផង​ ។ ​រី​ឯ​ប្រជា​ពល​រដ្ឋ​ម្នាក់​ទៀត​ឈ្មោះ​កៅ ខេង ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ រស់​នៅភូមិ​ទ្វីខាង​ជើង ​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ​បាន​ឱ្យ​ដឹងថា ច្រក​ផ្លូវ​ដែល​ក្រុម​ហ៊ុន​បិទ​មិន​ឱ្យ​ចូល​ឆ្លង​កាត់​នេះ អ្នក​ភូមិ​ដែល​រក​ស៊ី​ឡើង​ភ្នំ ​​ជា​ច្រើន​​​​​​តំណមក​ហើយ គឺ​ធ្លាប់​ឡើង​តែ​តាមច្រក​ផ្លូវ​​មួយ​នេះ បើ​ក្រុម​ហ៊ុន​បិទ​មិន​ឱ្យ​ឆ្លង​កាត់​គាត់​គ្មាន​ផ្លូវ​ត្រង់​​ណា​អាច​ឡើង​បាន​ទេ សូម​អាជ្ញា​ធរ​​ និង​ក្រុម​ហ៊ុន​មេត្តា​​ជួយ​ដោះស្រាយ​ដល់​រូប​គាត់ និង​​ប្រជា​ពល​​ដែល​ធ្លាប់តែ​ដើរ​តាម​ផ្លូវ​នេះជា​​យូរ​​យារ​ណាស់​មក​ហើយ​ផង ។

​គួរ​រំលឹក​ដែរថា ​ការ​បិទ​​ផ្លូវ​ដែល​​ប្រជា​ពល​រដ្ឋ​​ធ្លាប់​ធ្វើ​​ដំណើរ​​ទៅកាប់​ឫស្សី ដោយ​ដឹក​តាម​​​កង់​ និង​ម៉ូតូ​​តាម​ច្រក​ទ្វារ​​ចូល​ក្នុង​ការ​ដ្ឋាន​ទំនប់​​នេះ​តាំង​​ពី​ថ្ងៃ​ទី​១ ឧសភា ​រហូតមក​ដល់​ថ្ងៃ​ទី​១៨ ឧសភា ​ជិត​២០​ថ្ងៃហើយ​ដែល​​បង្ក​ក្តី​ព្រួយ​បារម្ភ​​ចំពោះ​ប្រជា​ពល​​រដ្ឋ​​ជាង​២០០​គ្រួសារ ​នៅ​ក្នុង​សង្កាត់​​អណ្តូង​ខ្មែរ ក្រុង​កំពត ​ពី​បញ្ហា​ដោះ​​ស្រាយ​​ជីវភាព​​​រស់​នៅ​ប្រចាំ​ថ្ងៃ ​កំពុង​​គំរាម​កំហែង​​​យ៉ាង​ធ្ងន់​ធ្ងរ ៕