រដ្ឋមន្ត្រីការពារប្រទេសអាមេរិកថ្លែងកាលពីថ្ងៃទី១៨ ឧសភា ថា អាជ្ញាធរប៉ាគីស្ថានពិតជាមិនដឹងពីវត្តមានរបស់អូសាម៉ា ប៊ីនឡាដេន នៅលើផែនដីរបស់ខ្លួនឡើយ។
ក្នុងសន្និសីទសារព័ត៌មានមួយឯមន្ទីរប៉ង់តាហ្គោនលោករ៉ូប៊ែត ហ្គេត អះអាងថា គ្មានភស្តុតាងអ្វីទាំង អស់ ហើយតាមពិតខ្ញុំឃើញភស្តុតាងទាំងឡាយផ្ទុយពីនេះទៅវិញ។
ប្រមុខអាល់កៃដាត្រូវសម្លាប់កាលពីថ្ងៃទី២ ឧសភា ដោយកងកុំម៉ង់ដូអាមេរិកមួយកងក្នុងនិវេសនដ្ឋានរបស់គេក្នុងទីក្រុង ABBOTTABAD របស់ប៉ាគីស្ថានប្រហែលជាគេរស់នៅទីនោះចាប់តាំងពីច្រើនឆ្នាំមកហើយ។ វត្តមានរបស់ប៊ីនឡាដេនក្នុងទីក្រុងនេះស្ថិតនៅចម្ងាយប្រមាណជា៥០គីឡូម៉ែត្រពីរដ្ឋធានីអីុស្លាម៉ាបាដញាំុងឱ្យមានការសង្ស័យនានាចំពោះឥរិយាបថរបស់ពួកភ្នាក់ងារសើុបការរបស់កងទ័ពប៉ាគីស្ថាន។ សមាជិកសភាអាមេរិកជាច្រើនរូបទាមទារឱ្យសើរើពិនិត្យឡើងវិញនូវទំនាក់ទំនងទ្វេភាគី និងជំនួយផ្តល់ដល់ប៉ាគីស្ថាន។ ចំណែកឧត្តមនាវី MIKE MULLENនាយសេនាធិការកងទ័ពចំរុះអាមេរិកវាយតម្លៃកាលពីថ្ងៃទី១៨ ឧសភា ថា ខ្ញុំយល់ថា យើងត្រូវធ្វើការដោយប្រុងប្រយ័ត្ន។ យើងមានផលប្រយោជន៍សំខាន់ច្រើនជាមួយប៉ាគីស្ថាន។ មតិយោបល់របស់ខ្ញុំគឺគេត្រូវបន្តជំនួយដែលយើងផ្តល់ឱ្យប្រទេសនេះ ព្រោះជំនួយនេះ គឺសំរាប់ប្រជាជនប៉ាគីស្ថាន។
លោករ៉ូប៊ែតហ្គេត យល់ថាការវាយឆ្មក់របស់អាមេរិកកាលពីថ្ងៃទី២ ឧសភា ធ្វើឡើងដោយមិនឱ្យអាជ្ញាធរក្នុងស្រុកដឹង។ លោកគូសបញ្ជាក់ថា ប្រសិនបើរូបខ្ញុំជាជនជាតិប៉ាគី ស្ថាន ខ្ញុំនឹងនិយាយថា យើងបានបង់តម្លៃមួយរួចទៅហើយ។ ខ្ញុំនឹងសំដែងពីការអាម៉ាស់ ៕
ចែករំលែកព័តមាននេះ