ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​លិច​កំណាត់​ផ្លូវជាតិ​លេខ​៤ ខាង​លិច​​សាលាក្ដី​ខ្មែរក្រហម​ជា​ច្រើន​ថ្ងៃ​មក​ហើយ

6 ខែ មុន
  • ភ្នំពេញ

ដោយសារ​តែ​រយៈពេល​ជា​ច្រើន​ថ្ងៃ​កន្លង​មកនេះ មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ស្ទើរតែ​រាល់ថ្ងៃ បាន​ធ្វើ​ឲ្យ​កំណាត់​ផ្លូវជាតិ​លេខ​៤ នៅ​ត្រង់​ចំណុច​ខាងលិច​សាលាក្ដី​ខ្មែរក្រហម មុខ​បុរី​ញូ​វ​ថោ​ន ជាប់​ផ្លូវ​រថភ្លើង​ខ្សែ​ភ្នំពេញ​-​កំពង់សោម ស្ថិត​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​រយៈពេល​ជា​ច្រើន​ថ្ងៃ​កន្លង​មកនេះ មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ស្ទើរតែ​រាល់ថ្ងៃ បាន​ធ្វើ​ឲ្យ​កំណាត់​ផ្លូវជាតិ​លេខ​៤ នៅ​ត្រង់​ចំណុច​ខាងលិច​សាលាក្ដី​ខ្មែរក្រហម មុខ​បុរី​ញូ​វ​ថោ​ន ជាប់​ផ្លូវ​រថភ្លើង​ខ្សែ​ភ្នំពេញ​-​កំពង់សោម ស្ថិត​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​បាន​ទឹក​ជន់​លិច​ជាប់​ជា​ប្រចាំ​ជា​ច្រើន​ថ្ងៃ​ហើយ​មក​ដែរ​។

រហូត​មក​ដល់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣​នេះ ទឹក​នៅ​តែ​បន្ត​លិច​ដដែល ដោយនៅ​កណ្ដាល​ទ្រូង​ផ្លូវទឹក​លិច​ត្រឹម​ខ្នងជើង ចំណែក​នៅ​កៀង​ខាង​វិញ កន្លែង​ខ្លះ​លិច​ត្រឹម​ស្មងជើង និង​កន្លែង​ខ្លះ​ទៀត​លិច​ដល់​ត្រឹម​ភ្លៅ​តែ​ម្ដង​។

បើ​តាម​ប្រជាពលរដ្ឋ​បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ចំណុច​ខាងលើ​នេះ ត្រូវ​បាន​ទឹក​ជន់​ជា​រៀង​រាល់​ឆ្នាំ​រយៈពេល​ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ គឺ​ឲ្យ​តែ​ដល់​ខែវស្សា មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រាល់ថ្ងៃ គឺ​ដឹង​តែ​លិច​មិន​ដែល​ខាន​នោះ​ទេ ជា​ពិសេស​នៅ​អំឡុង​ខែតុលា​នេះ​តែ​ម្ដង ហើយ​មាន​ពេល​ខ្លះ​មិន​ត្រឹមតែ​លិច​ផ្លូវជាតិ​លេខ​៤ ប៉ុណ្ណោះ​ទេ ទឹកបាន​ជន់​លិច​ដល់​ក្នុងផ្ទះ​នៅ​អម​សងខាង​ផ្លូវ​នោះ​ថែម​ទៀត​ផង​។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា នៅ​អម​ផ្លូវជាតិ​លេខ​៤​នោះ ក៏​មាន​ប្រឡាយ​២​ខ្សែ​ផង​ដែរ ប៉ុន្តែ​នៅ​តែ​ពុំ​អាច​រំដោះ​ទឹក​ចេញ​ទាន់​ឡើយ ព្រោះ​បរិមាណ​ទឹក​ច្រើន​ពេក ដោយ​ទឹកបាន​ហូរ​ចាក់​តាំងពី​ក្នុងភូមិ​សាស្ត្រ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល និង​ភូមិសាស្ត្រ​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​មក​ផង ។ គួប​ផ្សំ​នឹង​តំបន់​នេះ ទំនាប​ផង ធ្វើ​ឲ្យ​ទឹក​ហូរ​បន្ត​ទៅ​ប៉ែក​ខាងក្រោម​ៗ​មិន​ទាន់ ទើប​បណ្ដាល​ឲ្យ​លិចលង់​ផ្លូវជាតិ​បែប​នេះ​ជា​ប្រចាំ​តែ​ម្ដង ចំណែក​នៅ​ត្រង់​ចំណុច​មុខ​វត្ត​ស្ងួន​ពេជ្រ ស្ថិត​ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ក៏​ត្រូវ​ទឹក​លិច​ដែរ​។

ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន ដោយសារ​តែ​លិច​ខ្លាំង​រដ្ឋបាល​ខណ្ឌ​កំ​បូល បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ការ​បញ្ចៀស​ចរាចរណ៍​រថយន្ត​ធុន​ធំ ដែល​ចេញ និង​ចូល​រាជធានី​ភ្នំពេញ មិន​ឲ្យ​បើក​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ខាងលើ​ឡើយ​។ ដោយ​បាន​ឲ្យ​រថយន្ត​ធន់​ធ្ងន់​នានា ធ្វើ​ចរាចរណ៍​វាង​ទៅ​តាម​ផ្លូវជាតិ​លេខ​៤២ ពី​ចំណុច​ផ្សារ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ឬ​ទៅ​តាម​ផ្លូវជាតិ​លេខ​៣ និង​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ប្រភព​មួយ​នេះ​បាន​បញ្ជាក់​ថា ការ​បិទ​ចរាចរណ៍​នោះ ក្រោយមក​ក៏​បាន​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​វិញ​ជា​ធម្មតា បន្ទាប់​ពី​ទឹក​ស្រក​បន្តិច​វិញ ដោយឡែក​នៅ​ថ្ងៃ​ទី​២៣ ខែតុលា មាន​ភ្លៀង​ធ្លាក់​បន្ត​ធ្វើ​ឲ្យ​ទឹក​ជន់​ឡើង​ខ្លាំង​ថែម​ទៀត ប៉ុន្តែ​ការ​ធ្វើ​ចរាចរណ៍​រថយន្ត​គ្រប់​ប្រភេទ​នៅ​តែ​បន្ត​ជា​ធម្មតា គ្រាន់តែ​យឺត​ៗ​មិន​អាច​បើក​លឿន​បាន​ឡើយ ហើយ​ភាគច្រើន​ធ្វើ​ដំណើរ​បាន​តែ​នៅ​កណ្ដាលផ្លូវ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ