ខេត្តកំពត ៖ កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើកំពត និងកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត និងនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានចេញប្រតិបត្តិការបង្ក្រាបទីតាំងស្តុកឈើប្រណីតប្រភេទគ្រញូងមួយកន្លែងដែលលាក់ទុកក្នុងគុម្ពចាកសមុទ្រនៅ តាមបណ្តោយដៃព្រែកកំពត ត្រង់ចំណុចកំពង់ចម្លងតាកុត ស្ថិតក្នុងភូមិអូគូ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
ការបង្ក្រាបនេះត្រូវបានធ្វើឡើងនៅម៉ោង១០ព្រឹក ថ្ងៃទី១៨ ឧសភា។ លោកកង ជា មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកំពតបានឱ្យដឹងថា ក្រោយពីកំលាំងជំនាញទទួលបានព័ត៌មានថា មានឈើគ្រញូងឈ្មួញលាក់ទុកនៅចំណុចខាងលើ លោកបានរាយការណ៍ទៅនាយខណ្ឌរដ្ឋបាលព្រៃឈើកំពត ដើម្បីសុំកំលាំងសមត្ថកិច្ចសហការបង្ក្រាបឱ្យទាន់ពេលវេលា។
ក្រោយពីទទួលបានបទបញ្ជាពីនាយខណ្ឌរដ្ឋបាលព្រៃឈើ លោកបានសហការជាមួយកំលាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងក្រសួង ដឹកនាំដោយលោកវរសេនីយ៍ត្រីហ៊ីង ឈឿន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះទៅដល់ចំណុចសង្ស័យក៏បានប្រទះឃើញឈើប្រណីតជាក់ស្តែងតែម្តងដែលគេសន្និដ្ឋានថា ក្រុមឈ្មួញបានលាក់ទុកចាំឱកាសល្អ គេនឹងដឹកឈើទាំងនេះតាមដៃព្រែក រួចចេញទៅលក់នៅ ប្រទេសវៀតណាម។ តាមប្រភពព័ត៌មានឱ្យដឹងថា ឈើនេះបើកុំតែមិនត្រូវប៉ាន់ពីខាងវៀតណាម ម្ល៉េះសមដឹកចេញយ៉ាងស្ងាត់ដល់ប្រទេសវៀតណាមបាត់ទៅហើយ មិនទុកឱ្យសមត្ថកិច្ចបង្ក្រាបទាន់ឡើយ។
មានការសន្និដ្ឋានថា ឈើនេះឈ្មួញអាចដឹកពីខេត្តឆ្ងាយដូចជាកោះកុង ឬកំពង់ស្ពឺមកលាក់ទុក មិនមែនឈើនៅក្នុងខេត្តកំពតទេ។ ក្រោយពីពិនិត្យរួចរាល់ សមត្ថកិច្ចក៏បានឱ្យរថយន្តឈ្នួលដឹកជញ្ជូនឈើល្មើសនេះទៅកាន់ទីស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើកំពត រង់ចាំការវិនិច្ឆ័យតាមច្បាប់ ៕
ចែករំលែកព័តមាននេះ