ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

“មន្ទីរពេទ្យជាតិ តេជោសន្តិភាព” បើកសម្ពោធ​នៅព្រឹកថ្ងៃទី២៤តុលាស្អែកនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកស្អែក ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា…

ភ្នំពេញ៖ នៅព្រឹកស្អែក ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ​ តេជោសន្តិភាព”​ ​និងប្រកាសដាក់ឱ្យ​អនុវត្ត​ជាផ្លូវការនូវកម្មវិធីទី១​ នៃគោល​នយោបាយ​ជាអាទិភាពទាំង៦ គឺ “ការពង្រីក វិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារ​ងាយរងហានិភ័យ”​។

«មន្ទីរពេទ្យជាតិ តេជោសន្តិភាព» ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លើមហាវិថីឈ្នះឈ្នះ ឬផ្លូវកប់ស្រូវ ​ត្រូវបានសាងសង់​ឡើង ដោយ​មានចំនួន ១១អគារ ដែលមានអគារព្យាបាល និងសង្គ្រោះ​បន្ទាន់ (E) មានទំហំ ៧ ៤៨០ ម៉ែត្រការ៉េ អគារព្យាបាលកម្រិតធ្ងន់ (H1និង H2) មានគ្រែសរុបចំនួន ៥២៧គ្រែ អគារព្យាបាលកម្រិតស្រាល (H3,H4,H5,H6 និងH7) មានគ្រែសរុប ៨ ៩៦៩គ្រែ គ្រែបុគ្គលិកពេទ្យប្រចាំការមានចំនួន ៤៦គ្រែ និងគ្រែបុគ្គលិកស្នាក់នៅចំនួន ២០៦គ្រែ អគារបច្ចេកទេស (T1) អគារបច្ចេកទេស (T2) អគារផ្គត់ផ្គង់ និងព័ត៌មាន (A) មានទំហំ ២ ៨៣៥ម៉ែត្រការ៉េ អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណត​រថយន្តមានផ្ទៃក្រឡា ៧ ០២៦ ម៉ែត្រការ៉េ ដែលអាចចតរថយន្តបានចំនួន ២១០គ្រឿង មាន​សួនច្បារ​ពណ៌បៃតង ទំហំ ៤ ៤៩០ម៉ែត្រការ៉េ។

មន្ទីរពេទ្យជាតិ តេជោសន្ដិភាព សាងសង់ឡើងដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC Co,Ltd សហការ​​ជាមួយ​សាលារាជធានីភ្នំពេញ។ មន្ទីរ​ពេទ្យ​ជាតិ​តេ​ជោ​​សន្ដិ​ភាព​នេះ ត្រូវបានរដ្ឋបាល​រាជធានី​ភ្នំពេញ បើក​ការ​ដ្ឋាន​សាងសង់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។ មន្ទីរពេទ្យជាតិ​ដ៏ធំមួយនេះ ​បញ្ចប់ការសាងសង់ រួចជាស្ថាពរ​ កាលពីខែមិថុនា ឆ្នាំ២០២៣។ 

«មន្ទីរពេទ្យជាតិ តេជោសន្ដិភាព» ដើមឡើយ ត្រូវ​បាន​សាង​សង់ សម្រាប់​ផ្ទុកអ្នកជំងឺកូវីដ។ ប៉ុន្តែ​ដោយសារតែកូវីដស្ងប់​ស្ងាត់ រាជរដ្ឋាភិបាល ក៏បានប្រែក្លាយមន្ទីរពេទ្យថ្មីនេះ ជាមន្ទីរពេទ្យជាតិធំ​ជាងគេ នៅប្រទេសកម្ពុជា ដែលនឹងផ្ដល់​នូវសេវាគ្រប់ផ្នែកទាំងអស់ ជូនប្រជាពលរដ្ឋទូទាំង​​ប្រទេស។ ក្នុងករណីមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមាន​លទ្ធភាពទទួលអ្នកជំងឺ ដោយមិនមានការព្រួយបារម្ភ​​នោះ​ទេ​។ មន្ទីរពេទ្យនេះ បំពាក់សម្ភារៈ​​បរិក្ខារវេជ្ជសាស្ត្រទំនើបៗ ស្របតាមលក្ខណៈស្តង់ដារ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ