ពីព្រំដែនកម្ពុជា-ថៃតំបន់ប្រាសាទព្រះវិហារមានសេចក្តីរាយការណ៍មកថា ស្ថានភាពយោធាមានសភាពស្ងប់ស្ងាត់ជាង១ខែមកហើយ គិតរហូតមកទល់នឹងវេលាថ្ងៃទី១៩ ឧសភា នេះ ។ នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព ដែលបានស្រង់សម្តីលោកឧត្តមសេនីយ៍ស្រី ឌឹក នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ ឧសភា នេះ ។
លោកមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្រី ឌឹក បានបញ្ជាក់ទៀតថា ភាពស្ងប់ស្ងាត់នេះដោយសារខាងទាហានថៃបានប្រាប់ឱ្យដឹងថា ពួកគេបានត្រៀមលក្ខណៈដើម្បីចូលរួមការពារការបោះឆ្នោត ដែលតាមគម្រោងនឹងប្រព្រឹត្តធ្វើនៅថ្ងៃទី៣ កក្កដា ២០១១ខាងមុខ ។
សេចក្តីរាយការណ៍បានបន្ថែមទៀតថា បើទោះបីជាស្ថានភាពយោធាពុំមានអ្វីប្រែប្រួលយ៉ាងណាក៏ដោយ ក៏ទាហានកម្ពុជានៅតែត្រៀមការពារបូរណភាពទឹកដីដោយគ្មានធ្វេសប្រហែស១វិនាទីណាឡើយ ហើយថា មកទល់នឹងពេលនេះ ទាហានទាំងពីរក៏ពុំមានកម្មវិធីហូបបាយសាមគ្គី ឬលេងកីឡាជាមួយគ្នាទៀតនោះទេ ៕
ចែករំលែកព័តមាននេះ