គណបក្សកម្លាំងជាតិ ដែលបង្កើត និងឧបត្ថម្ភដោយគណបក្សភ្លើងទៀន ពេលនេះ បែកឆ្វេង លែងស្តាប់បង្គាប់ហើយ!
- ភ្នំពេញ
ភ្នំពេញ៖ ប្រធានស្តីទីគណបក្សភ្លើងទៀន លោក សុក ហាច បានអះអាងថា ពេលនេះ គណបក្សកម្លាំងជាតិ ដែលមានស្ថាបនិក ឈ្មោះ ស៊ុន ចន្ធី បង្កើតឡើង ដោយគណបក្សភ្លើងទៀន។ គណបក្សកម្លាំងជាតិ ពេលនេះ កំពុងបែកឆ្វេង លែងស្តាប់ខ្លួន ដែលជាអ្នកផ្តល់ថវិកាទៀតហើយ។
គណបក្សកម្លាំងជាតិ បានប្រកាសនៅថ្ងៃទី២២ តុលា ឆ្នាំ២០២៣ ពីទិសដៅការងារ ឆ្នាំ២០២៧ គឺការបោះឆ្នោតឃុំសង្កាត់។ គណបក្សកម្លាំងជាតិ បានប្រកាសថា គណបក្សកម្លាំងជាតិ គឺជាផ្ទះថ្មី ដែលមាននីតិសម្បទាត្រឹមត្រូវគ្រប់លក្ខណៈច្បាប់ សម្រាប់ឲ្យកម្លាំងអ្នកប្រជាធិបតេយ្យពិតប្រាកដ ដែលបានចេញមុខតស៊ូ តាំងពីឆ្នាំ១៩៩៥ រហូតដល់បច្ចុប្បន្ននេះ មកស្នាក់នៅរួមរស់ជាមួយគ្នា ដើម្បីបន្តដំណើរតស៊ូទៅមុខ ក្នុងបុព្វហេតុតស៊ូទាមទារសិទ្ធិសេរីភាព យុត្តិធម៌សង្គម ការពារបូរណភាពទឹកដី និងស្តារដំណើរការលទ្ធិប្រជាធិបតេយ្យសេរីឡើងវិញ សម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។
កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ លោកអភិសន្តិបណ្ឌិត ស សុខា បានចេញលិខិត សម្រេចចុះឈ្មោះ គណបក្សកម្លាំងជាតិ ដែលមានអាសយដ្ឋាននៃទីស្នាក់កណ្តាល នៅក្រុមទី១៣ ផ្លូវលំ ភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ។
សូមបញ្ជាក់បន្ថែមថា គណបក្សភ្លើងទៀន ដែលបានប្តូរឈ្មោះមកពីគណបក្សសមរង្ស៊ី គឺបាត់ច្បាប់ដើមនៃការសម្រេចទទួលស្គាល់ និងចុះឈ្មោះគណបក្សនេះ នៅក្រសួងមហាផ្ទៃ។ ដូច្នេះគណបក្សភ្លើងទៀន មិនអាចចូលរួមការបោះឆ្នោតតំណាងរាស្ត្រ កាលពីខែកក្កដា ឆ្នាំ២០២៣ និងការបោះឆ្នោតព្រឹទ្ធសភា នាខែកុម្ភៈ ឆ្នាំ២០២៤ បាននោះទេ៕



ចែករំលែកព័តមាននេះ