ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅលេងខេត្តកែប មានតំបន់ទេសចរណ៍ណាខ្លះដែលអ្នកមិនធ្លាប់ទៅដល់ !

9 ខែ មុន
  • កែប

ខេត្តកែប ៖ តាមពិតទៅតំបន់ទេសចរណ៍ខេត្តកែប មិនមានត្រឹមតែឆ្មេរកែប សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តនោះទេ គឺនៅមានតំបន់ទេសចរណ៍ធម្មជាតិ មានឧទ្យានជាតិ មានកោះ មានចម្ការម្រេច…

ខេត្តកែប ៖ តាមពិតទៅតំបន់ទេសចរណ៍ខេត្តកែប មិនមានត្រឹមតែឆ្មេរកែប សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តនោះទេ គឺនៅមានតំបន់ទេសចរណ៍ធម្មជាតិ មានឧទ្យានជាតិ មានកោះ មានចម្ការម្រេច និងចម្ការត្របែកនៅតំបន់ភ្នំវល្លិ៍ ព្រមទាំងកន្លែងជាច្រើនទៀតដែលអ្នកទេសចរមួយចំនួនមិនទាន់បានដឹង ហើយទីនោះគឺជាទីកន្លែងដ៏ទាក់ទាញដល់អ្នកទេសចរទាំងឡាយទៅកម្សាន្តបានយ៉ាងត្រេកត្រអាល​ និងរសាយនូវទុក្ខកង្វល់ ។

ក្នុងដំណើរទស្សនកិច្ចរបស់ក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកសារព័ត៌មានថៃ ទៅកាន់ខេត្តកែប កាលពីថ្ងៃទី ២០-២១ ខែតុលា ឆ្នាំ ២០២៣ មកនេះ លោក ប៊ុន យោង អភិបាលរង នៃគណអភិបាលខេត្តកែប បានប្រាប់ឱ្យដឹងថា ខេត្តបានរៀបចំផ្លូវឡើងទៅឧទ្យានជាតិកែប ដែលផ្លូវនេះត្រូវបានកសាងតាំងពីជំនាន់បារាំងមកម្លេះ ហើយមានការលំបាក ។ ក្រោយមានការជួយឧបត្ថម្ភពីក្រសួងបរិស្ថាន បានកសាងឡើងវិញរួចហើយ គឺយើងមានផ្លូវបេតុងយ៉ាងស្អាត ។

លោកបន្តថា ក្រៅពីនេះយើងបានរៀបចំឆ្នេរដែលពីមុនកខ្វក់ ឥឡូវនេះបានក្លាយទៅជាឆ្នេរថ្មីបែបលក្ខណៈទំនើប ។ ខេត្តកែប ក៏ទទួលបាននូវគម្រោងរៀបចំផ្លូវប៉្របមាត់សមុទ្រឆ្ពោះទៅកាន់ឆ្នេរអង្កោល ដែលជាឆ្នេរថ្មីមួយទៀតនៅផ្នែកខាងកើតនៃខេត្ត ។

លោកអភិបាលរង បន្តទៀតថា ក្នុងនោះដែរខេត្ត ទទួលបានការអនុញាត្តពីរាជរដ្ឋាភិបាលក្នុងការបង្កើតឆ្នេរប្រវែង ២៧០០ ម៉ែត្រថ្មីមួយទៀតនៅផ្នែកខាងលិចភ្នំ ដែលអាចឱ្យកសាងនូវហេដ្ឋារចនាសម្ព័ន្ធថ្មីជាច្រើន ដែលនឹងនាំមកនូវភ្ញៀវទេសចរកាន់តែច្រើន ។

ដោយឡែកនៅតាមស្រុកយើងមានតំបន់ទេសចរណ៍ច្រើនទៀត ដូចជា ៖ ចម្ការម្រេច, ចម្ការត្របែក, កន្លែងប្រណាំងសេះ, មានកន្លែងជិះខ្សែរ៉ក និងកាហ្វេលើភ្នំជាដើម ដែលផ្តល់នូវទស្សនីយភាពថ្មីប្លែកៗ និងស្រស់ស្អាត ដែលពីមុនមិនដែលមាន ។ នៅតាមកោះមួយចំនួនក៏បានធ្វើផងដែរ ដោយទទួលបានការវិនិយោគពីក្រុមហ៊ុនឯកជន ដែលជាបណ្តើរៗនឹងចេញរូបរាងរមនីយដ្ឋានជាកន្លែងកម្សាន្តសម្រាប់ភ្ញៀវទេសចរ ។

សម្រាប់ថ្ងៃអនាគត លោកអភិបាលរង បញ្ជាក់ថា បានគិតគូរក្នុងការអភិវឌ្ឍគម្រោងងថ្មីៗថែមទៀត ដូចជា កន្លែងព្រៃកោងកាងមួយចំនួនដែលនៅមិនទាន់បានរៀបចំនៅឡើយទេ ហើយទីនោះសុទ្ធជាទីតាំងដែលត្រូវគិតគូររៀបចំផងដែរ ។

សូមបញ្ជាក់ផងដែរថា ក្រោយពីជំងឺកូវីដ-១៩ មក ចំនួនភ្ញៀវទេសចរទៅកាន់ខេត្តកែប មានការកើនឡើង ដោយក្នុងដំណាច់ឆ្នាំកន្លងមកមានជាង ១ លាន ៦ សែននាក់ ហើយលោកអភិបាលរង បានអះអាងថា ទៅថ្ងៃខាងមុខខេត្តកែប នឹងមានការទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនថែមទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ