គេហ្វា ឬ KeFa ស្តាប់មើលទៅជារឿងគួរអោយចង់សើចមួយ។ វាជាពាក្យនិយាយត្រឡប់ មានន័យថា កាហ្វេ។ គេហ្វា គឺជាឈ្មោះហាងកាហ្វេតាមចិញ្ចើមផ្លូវមួយកន្លែង បង្កើតឡើង ដោយយុវជនសម្បុរសណ្តែកបាយម្នាក់ ដែលសម្រេចចិត្តចាប់ផ្តើមអាជីវកម្មនេះ ក្រោយពេលដែលអាជីពជំនាញមានបញ្ហា ។
លោក រស់ សុវណ្ណបុរី ជាអ្នកថតរូបអាជីពម្នាក់ បានអះអាងថា លោកបានចាប់ផ្តើមអាជីពនេះកាលពីខែមេសា ឆ្នាំ២០២៣នេះ ដោយប្រើប្រាស់ម៉ូតូដែលលោកបានប្រើ គឺវេស្ប៉ា ជាមួយនឹងឧបករណ៍កិន និងឆុងកាហ្វេដោយដៃ តម្លៃត្រឹមតែ ៣០០ ដុល្លារប៉ុណ្ណោះ ។
នៅលើចិញ្ចឹមផ្លូវខាងមុខសកលវិទ្យាល័យភូមិន្ទភ្នំពេញ ហាងកាហ្វេដែលដំណើរការដោយសារតែម៉ូតូតម្លៃ៤០០០ដុល្លារ និងសម្ភារៈឆុងដ៏សាមញ្ញ បានធ្វើអោយលោក រស់ សុវណ្ណបុរី សម្រេចនូវក្តីប្រាថ្នានៃគំនិតច្នៃប្រឌិតបង្កើតឡើងជាមួយរូបភាពថ្មី នៃវិស័យកាហ្វេ។
លោក រស់ សុវណ្ណបុរី បានកែច្នៃ និងធ្វើទំនើបកម្មនៃអាជីវកម្មមួយ ទទួលបានការចាប់អារម្មណ៍ពីសំណាក់អតិថិជន ភ្ញៀវទេសចរ និងយុវជនខ្មែរជាច្រើនរូប។
លោក រស់ សុវណ្ណបុរី បានអោយដឹងពីដំណើរដើមទងនៃការចាប់ផ្តើមកូនហាងតូចមួយរបស់ខ្លួន មុននឹងឈានទៅដល់ការកែច្នៃជាហាងលក់ដូរពេញលេញជាបន្តបន្ទាប់។
ទាក់ទិនទៅនឹងគំនិតច្នៃប្រឌិតខាងលើ លោក រស់ សុវណ្ណបុរី បានអោយដឹងថា «ដោយសារ តែខ្ញុំជា Photographer (អ្នកថតរូប) នៅខែវស្សានេះ ខ្ញុំទំនេរច្រើន ហើយជីវភាពក៏មានការខ្វះខាតខ្លះ ក៏នឹកឃើញបង្កើតមុខរបរដ៏តូច ហើយសាមញ្ញមួយ តែវាអាចរកចំណូលប្រចាំថ្ងៃបានគួរសមដែរ»។
លោក រស់ សុវណ្ណបុរី បន្តថា លោកមានគំនិតក្នុងការបង្កើតមុខរបរខាងលើនេះ រយៈពេលជិត២ឆ្នាំ ដោយផ្តោតលើផ្នែកសេវាកម្មកាហ្វេរសជាតិដើម និងកែច្នៃបន្តិចបន្តួច ។ ហើយនៅពេលទំនេរនេះ លោកក៏បានយកម៉ូតូទៅកែច្នៃទៅជា slow bar ហើយលក់កាហ្វេនេះតែម្តង។
លោក រស់ សុវណ្ណបុរី បានបន្ថែមថា ក្នុងឆ្នាំ២០២៣ លោកមើលឃើញទស្សនវិស័យ ក៏ដូចជាការលើកស្ទួយការលក់ដូរនៃអាជីវកម្មតិចតួចនៅតាមដងផ្លូវ នៅក្នុងប្រទេសកម្ពុជា អោយដូចជាប្រទេសជិតខាងរបស់យើង។
លោក រស់ សុវណ្ណបុរី បានអោយដឹងថា ទាក់ទិននឹងការរកស៊ីនេះ លោកមិនលក់អចិន្ត្រៃយ៍នោះទេ ពោលគឺនៅពេលលោករវល់ក្នុងការធ្វើគម្រោងលោកក៏សម្រាកដែរ។
លោកបានបញ្ជាក់ថា «តាមពិតខ្ញុំចង់លក់តែថ្ងៃសុក្រដល់ថ្ងៃអាទិត្រទេ តែដោយសារខ្ញុំលក់មួយប្រាវនេះ មានខាងសិស្សសាលា អ្នកធ្វើការ ក៏សំណូមពរអោយខ្ញុំលក់រាល់ថ្ងៃទៅ តែពេលខ្លះក៏ឈប់»។
អ្នកថតរូបអាជីពរូបនេះ បានបន្ថែមថា អតិថិជនដែលមកបញ្ជាទិញកាហ្វេរបស់លោកត្រូវរង់ចាំបន្តិច ដោយសារតែកាហ្វេឆុងភ្លាមៗ និងកិនដោយកម្លាំងដៃមនុស្សធ្វើអោយមានភាពយឺតយ៉ាវបន្តិចបន្តួចប៉ុណ្ណោះ។
ចំពោះការលក់ លោកបន្តថា ហាងរបស់លោកអាចលក់កាហ្វេបានចន្លោះចាប់ពី១៥០ទៅ២០០កែវក្នុង១ថ្ងៃ ដោយភេសជ្ជៈទាំងនោះមានតម្លៃ៥០០០រៀលក្នុងមួយកែវ។ ដូច្នេះ លោក អាចរកលុយបានរហូតដល់ ២៥០ ដុល្លារ ក្នុងមួយថ្ងៃ។
បច្ចុប្បន្នក្រៅពីកាហ្វេកែច្នៃមួយនេះ យុវជនរូបនេះក៏តែងតែកែច្នៃភេសជ្ជៈតាមរដូវកាលផងដែរ។ ចំណែកឯអតិថិជនរបស់លោកវិញ ភាគច្រើនគឺយុវវ័យដែលគាត់មកទទួលទានកាហ្វេ អ្នកធ្វើការ និងភ្ញៀវទេសចរ។
ដោយ ៖ ស.ផានិត
ចែករំលែកព័តមាននេះ