ក្រុងប៉ោយប៉ែត ៖ ស៊ុតទាចំនួន២.១០០គ្រាប់ និងប្រហិតចម្រុះទម្ងន់៥១០គីឡូក្រាម ព្រមទាំងសាច់មាន់ខូចគុណភាពទម្ងន់៥០គីឡូក្រាម សរុបរួមជាងកន្លះតោនត្រូវបានមន្ត្រី កាំកុងត្រូលសហការជាមួយស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធដូចជាគយ និងរដ្ឋាករ មន្ត្រីគណៈកម្មការច្រក ប៉ូលិសអន្តោប្រវេសន៍ដែលឈរជើងនៅខ្លោងទ្វារប្រាសាទកំពូលបីនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រមទាំងប៉េអឹមក្រុង បាននាំគ្នាយកទៅដុតកម្ទេចចោលកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៧ ឧសភា ក្រោយពីមន្ត្រី និងសមត្ថកិច្ចខាងលើរួមគ្នាឆែកឆេរចាប់បានពីរទេះកម្មកអូសចេញពីទឹកដីសៀម ។
ស៊ុត និងប្រហិត ព្រមទាំងសាច់មាន់ខូចគុណភាពទាំងនេះ បើតាមការឱ្យដឹងពីលោកស៊ាន ស៊ីណាត អនុប្រធានសាខាកាំកុងត្រូលខេត្ត ទទួលបន្ទុកចំណុចខ្លោងទ្វារប្រាសាទកំពូលបីនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា កម្លាំងរបស់លោកសហការជាមួយស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធឆែកឆេរចាប់បានពីរទេះចំនួន២ ដែលកម្មករអូសចេញពីដីសៀម ។
ប្រភពបន្តថា ស៊ុត និងសាច់ ប្រហិតទាំងនេះ រទេះមួយគឺឈ្មួញបង្កប់ក្រោមទំនិញបន្លែ ឯរទេះមួយទៀតឈ្មួញបញ្ចេញស្ទីលថ្មីគឺដាក់តាមការុង ច្រកទឹកកក ដែលមើលទៅមិនអាចដឹងបានទេ។ ទោះបីជាបែបណា លោកស៊ាន ស៊ីណាតបានបញ្ជាក់ថា លោកអនុវត្តតាមបទបញ្ជាលោកបណ្ឌិតម៉ក់ ពេជ្ជរិទ្ធ ក៏ដូចជា លោកអ៊ុត សុភាព ប្រធានសាខាកាំកុងត្រូលខេត្ត ឱ្យរឹតបន្តឹងការត្រួតពិនិត្យតាមរទេះចេញ-ចូលពីសៀម ទើបប្រទះឃើញរបស់ខូចគុណភាពទាំងនេះយកទៅដុតកម្ទេចចោល ។
មន្ត្រីកាំកុងត្រូលប្រាប់ថា ម្ចាស់រទេះមួយរត់គេចខ្លួនបាត់ ឯរទេះមួយទៀតម្ចាស់ត្រូវក្របូចបាន ព្រោះជាជនពិការទៅណាមិនរួច ហើយត្រូវបានធ្វើកំណត់ហេតុសួរនាំ ឯម្ចាស់ទំនិញពិតប្រាកដនោះគេចខ្លួនបាត់ស្រមោល និងមិនត្រូវ បានចាប់ខ្លួននោះទេ ៕
ចែករំលែកព័តមាននេះ