ខេត្តកំពង់ស្ពឺ ៖ ផ្លូវជាតិលេខ៤១ប្រវែង៩៥,២៨គីឡូម៉ែត្រ ចាប់ពីថ្នល់ទទឹងចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ (ខេត្តកំពង់ស្ពឺ) ដល់ស្រុកជុំគិរី (ខេត្តកំពត) ត្រូវបានស្ថាបនាក្រោមកម្ចី សម្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ពិធីបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ៤១ នេះបានប្រព្រឹត្តធ្វើកាលពីព្រឹកថ្ងៃទី១៨ ឧសភា ឆ្នាំ២០១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកផាន គ័ងស៊ា ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅបរិវេណអនុវិទ្យាល័យ ហ៊ុន សែន អង្គមេត្រីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ផ្លូវជាតិលេខ៤១នេះ ស្ថាបនាតាមស្តង់ដាផ្លូវថ្នល់ កម្រិតទី៣ ជាប្រភេទផ្លូវក្រាលថ្ម ចាក់កៅស៊ូ ២ជាន់ DBST គ្រោងចំណាយថវិកាសរុបប្រមាណ៤៦.២៥០.០០០ដុល្លារអាមេរិក ដោយប្រើ
រយៈពេលស្ថាបនាចំនួន៤០ខែ បញ្ចប់នៅឆ្នាំ ២០១៤ ។
លោកត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ផ្លូវជាតិលេខ៤១នេះឆ្លងកាត់តាមខេត្តចំនួន៤ គឺខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត គឺជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយដែលតាមប្រវត្តិពីអតីតកាល ផ្លូវនេះស្ថាបនាឡើងតភ្ជាប់រាជធានីឧដុងរបស់កម្ពុជាឆ្ពោះទៅរកច្រកសមុទ្រនៅកំពត ដើម្បីតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយពិភពលោកខាងក្រៅ ពិសេសដើម្បីទំនាក់ទំនងជាមួយនាវាជំនួញបារាំង និងអឺរ៉ុប ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា បន្ទាប់ពីស្ថាបនារួចផ្លូវជាតិលេខ៤១នេះនឹងជួយសម្រួលបន្ថែមដល់ការដឹកជញ្ជូនកសិផល ពិសេសស្រូវដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រផលិត និងនាំចេញស្រូវ១លានតោននៅឆ្នាំ២០១៥ ជម្រុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាឱ្យបានឆាប់រហ័ស ។ រាជរដ្ឋាភិបាលដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំតែងចាត់ទុកការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក ផ្លូវដែក ផ្លូវអាកាស ស្ថិតក្នុងមុំអាទិភាពទី២នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ និងតែងតែពុះពារស្វះស្វែងរកប្រភពធនធានពីគ្រប់មជ្ឈដ្ឋានសម្រាប់ការស្តារ និងកសាងនៅទូទាំងប្រទេស ។
លោកផាន គ័ងស៊ា ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ផ្លូវជាតិលេខ៤១នេះមានអត្ថប្រយោជន៍យ៉ាងសំខាន់ចំពោះការកែលំអជីវភាពប្រជាជនក្នុងតំបន់នេះ ហើយក៏ជាព្រឹត្តិការណ៍យ៉ាងសំខាន់ដើម្បីពង្រឹងការអនុវត្តយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងកសាងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាអាទិភាព។ លោកឯកអគ្គរដ្ឋទូតចិនបន្តថា ឆ្លងតាមផ្លូវជាតិលេខ៤១នេះ ផ្លែធុរេន ម្រេចខ្ចី នៅខេត្តកំពតដែលល្បីឈ្មោះអាចដឹកជញ្ជូនទៅគ្រប់ទិសទី ហើយផ្លូវនេះនឹងក្លាយទៅជាផ្លូវមិត្តភាព ផ្លូវសេដ្ឋកិច្ច ផ្លូវសហប្រតិបត្តិការអភិវឌ្ឍន៍យ៉ាងពិតប្រាកដ ។
ប្រទេសចិន និងប្រទេសកម្ពុជា ជាប្រទេសជាមិត្តជិតខាងល្អពិតប្រាកដជាយូរលង់មកហើយ រដ្ឋាភិបាល និងប្រជាជនទាំងពីរគោរពគ្នាទៅវិញទៅមក ជួយគ្នាទៅវិញទៅមក ហើយនិងគាំទ្រគ្នាទៅវិញទៅមក ទៅជាគម្រោងនៃការអភិវឌ្ឍរួមគ្នា រស់នៅសុខដុមរមនាជាមួយគ្នារវាងប្រទេស និងប្រទេស ។ រដ្ឋាភិបាលចិនគាំទ្រអស់ពីកម្លាំងកាយចិត្តចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងបុព្វហេតុកាត់ បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សមិទ្ធផលថ្មីមួយនេះបានចាប់ផ្តើមទោះបីជាមិនទាន់ចេញជារូបរាងក្តី ហើយផ្លូវនេះនឹងបញ្ចប់នៅឆ្នាំ២០១៤ គឺមានរយៈពេល៤០ខែទៀតទើបរួចរាល់ ។ ប៉ុន្តែយ៉ាងណាក៏ដោយ នេះគឺជាការចាប់ផ្តើមសម្រេចនូវចក្ខុវិស័យដែលខ្ញុំបានផ្តល់សម្រាប់ការកសាងផ្លូវនេះតាមរយៈការប្រឹងប្រែងរបស់យើងផង និងការប្រឹងប្រែងរកប្រភពទុនពីសាធារណរដ្ឋ ប្រជាមានិតចិនផង ។
សម្តេចមានប្រសាសន៍បន្តថា ផ្លូវនេះនឹងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពសរសៃឈាមដែលចិញ្ចឹម និងទ្រទ្រង់សេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យកាន់តែមានសមត្ថភាពខ្ពស់ អាចរ៉ាប់រងនូវទំហំចរាចរណ៍ដឹកជញ្ជូនឆ្លងកាត់ដ៏មមាញឹកក្នុងតំបន់ដែលអាចនាំមកនូវផលប្រយោជន៍ជាតិ ការបង្កើតមុខរបរថ្មីៗ និងឱកាសជាច្រើនដល់ប្រជាជនឱ្យកាន់តែប្រសើរថែមទៀត ។ ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់នេះ ហើយអ្នកដែលទទួលផលប្រយោជន៍ផ្ទាល់ពីផ្លូវនេះគឺមាន៤ខេត្ត ក្នុងនោះខេត្តកណ្តាល មានស្រុកអង្គស្នួល និងស្រុកកណ្តាលស្ទឹង ខេត្តកំពង់ស្ពឺ មាន៣ស្រុក គឺស្រុកសំរោងទង ស្រុកគងពិសី ស្រុកបសេដ្ឋ ខេត្តតាកែវ មានមួយស្រុកគឺស្រុកត្រាំកក់ ឯខេត្តកំពតមាន៣ស្រុក គឺស្រុកជុំគិរី ស្រុកឈូក និងស្រុកដងទង់ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា ផ្លូវជាតិលេខ៤១នេះសំខាន់ជាមួយនឹងការបែងចែកអំបិលនៅក្នុងក្របខណ្ឌទូទាំងប្រទេសដែរ ព្រោះជាយុទ្ធសាស្ត្រសំខាន់នៅក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា បើមិនសម្រួលក្នុងការដឹកជញ្ជូនទេ អ្វីដែលហៅថា ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ គឺកុំនិយាយ ។ «ខ្ញុំនៅតែមានមោទនភាពចំពោះចក្ខុវិស័យដែលដាក់ចេញកាលពី២៤ឆ្នាំមុនគឺឆ្នាំ១៩៨៧ ដែលខ្ញុំបានផ្តល់នូវអាទិភាព៤យ៉ាង ទឹក ផ្លូវ ភ្លើង មនុស្ស ។ ដូច្នេះឥឡូវនេះដំណើរការ ការដោះស្រាយទឹកសំរោងទងចូលមកអង្គស្នួល កណ្តាល ស្ទឹង បានទទួលផលពីការអភិវឌ្ឍទិសខាងលិច ប្រព័ន្ធទាញទឹកពីខេត្តកំពង់ស្ពឺ ចូលដល់ខេត្តកណ្តាល ដល់ភ្នំពេញ និងមានផ្នែកខ្លះរបស់ខេត្តតាកែវផងដែរ ។ ការបន្តធ្វើគឺនៅមិនទាន់បញ្ចប់ទេ នៅមានផែនការទម្លាក់ទឹកពីខេត្តកំពង់ស្ពឺមកកាន់ខេត្តកណ្តាលទៀត» ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈលោកឯកអគ្គរដ្ឋទូតផាន គ័ងស៊ា ដែលបានផ្តល់ហិរញ្ញប្បទានយ៉ាងច្រើន ដើម្បីឱ្យកម្ពុជាមានលទ្ធភាពងើបឈរឡើងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលក្នុងនោះមានទឹក ផ្លូវ ភ្លើង និងមនុស្ស ហើយនិងផ្នែកដទៃទៀត រាប់ទាំងការទាក់ទាញ វិនិយោគទុនយ៉ាងច្រើនចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាផង។ នៅពេលហិរញ្ញវត្ថុ និងសេដ្ឋកិច្ចពិភពលោកធ្លាក់ទៅក្នុងវិបត្តិ ទាំងសហរដ្ឋអាមេរិក ទាំងអឺរ៉ុបទាំងអាស៊ី ក៏ប៉ុន្តែចិនមិនបានធ្លាក់ទៅក្នុងវិបត្តិទេ ចិននៅរក្សាកំណើនសេដ្ឋកិច្ច ៨,៩% ដូច្នេះជាភ័ព្វសំណាងរបស់ពិភពលោក ។ នៅក្នុងរយៈពេលនៃវិបត្តិសេដ្ឋកិច្ចនេះ ចិនមិនបានកាត់បន្ថយណាមួយនូវជំនួយ និងហិរញ្ញប្បទានសម្រាប់ព្រះរាជាណាចក្រកម្ពុជានៅក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខ្លួននោះទេ ។ នេះជាគុណតម្លៃដែលមិនអាចកាត់ ថ្លៃបាន ៕
ចែករំលែកព័តមាននេះ