ខេត្តកំពង់ស្ពឺ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរិះគន់គណបក្សប្រឆាំងដែលបានលើកឡើងរឿងព្រំដែនកម្ពុជា-ថៃថា ម៉េចក៏មិនលើកទៅក្រុមប្រឹក្សាសន្តិសុខទៀត ម៉េចក៏មិនកោះប្រជុំសន្និសីទទីក្រុងប៉ារីស ។ សម្តេចតេជោបញ្ជាក់ថា ស្មានថា ក្រុមប្រឹក្សាសន្តិសុខចេះតែចាំដោះស្រាយបញ្ហាឱ្យយើង ? សន្និសីទក្រុងប៉ារីសមានចំណុចឃ្លាណាទៅ យន្តការបែបណាទៅមកដោះស្រាយរឿងបញ្ហាព្រំដែនកម្ពុជា-ថៃ ។ បើថាឡប់ទេ សូមឱ្យអ្នកទាំងនោះទៅរៀនសូត្រអំពីតួនាទីក្រុមប្រឹក្សាសន្តិសុខ អំពីតួនាទីមហាសន្និបាតអង្គការសហប្រជាជាតិ ហើយក៏ពិនិត្យមើលឱ្យច្បាស់នូវទម្រង់ទាំងឡាយពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា តើមានចំណុចណាដែលគេអាចមកដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃបាន ? សល់ចំណុចតែមួយគត់ គឺស្នើឱ្យតុលាការអន្តរជាតិទីក្រុងឡាអេបកស្រាយសាលក្រម ។ ជម្លោះនៅប្រាសាទតាមាន់ ប្រាសាទតាក្របី បើសិនដោះស្រាយមិនដាច់ស្រេច រដ្ឋាភិបាលថៃក្រោយការបោះឆ្នោត យើងអាចបបួលគ្នាឡើងតុលាការទៀត ។ មានតែវិធីបែបហ្នឹងទេ ពេលដែលតុលាការកាត់ហើយគឺវាស្រួលទាំងសងខាង។ រឿងតុលាការយុត្តិធម៌អន្តរជាតិនេះគឺមិនមែនជាបញ្ហាដាច់ដោយឡែករវាងកម្ពុជា-ថៃទេ ប្រទេសនៅលើពិភពលោកគេប្រើតុលាការអន្តរជាតិនេះដែរ ករណីក្នុងតំបន់របស់យើងក៏មានទិដ្ឋភាពហ្នឹង។ កម្ពុជាក៏មិនអាចដកថយបានទេ ហើយថៃក៏មិនអាចដកបាន បើដូច្នោះ គឺមានតែតុលាការអន្តរជាតិ។ ពេលណាតុលាការអន្តរជាតិចេញសាលក្រមមក យើងពន្យល់ ប្រជាពលរដ្ឋរបស់យើងទៅ គេពន្យល់ប្រជាពលរដ្ឋគេទៅ នេះគឺជាវិធីដោះស្រាយ បើមិនដូច្នោះទេ គឺវាយប្រយុទ្ធគ្នាមួយអាយ៉ូស វាយអត់ចប់ ។ ហើយយើងទៅរកអ្នកណា… ? បើប្រទេសជុំវិញយើងក៏ដូចជាប្រទេសដទៃ គេរវល់ថា កម្ពុជា-ថៃ មិត្តភក្តិទេតើ ហើយអត់បែងចែកមិត្តភក្តិ អ្នកណាល្អ អ្នកណាអាក្រក់ផង ទោះបីជាមិត្តភក្តិគេវាយចង់ងាប់ ក៏នៅតែប្រើពាក្យថា ចរចាគ្នាទៅ ឯម្ខាងវ៉ៃនិងជាន់កឯងជាប់… ។
សម្តេចតេជោមានប្រសាសន៍ថា ត្រង់នេះវាមានការលំបាកដែរ បើឱ្យជួយលើសពីនេះ ក្រុមប្រទេសទាំងនោះថាទេ… ព្រោះផលប្រយោជន៍របស់ប្រទេសគេនោះនៅជាមួយថៃដែរ ។ សូម្បីតែនៅពេលខាងមុខ វៀតណាមនិងថៃមាន គម្រោងត្រៀមធ្វើសមយុទ្ធខាងជើងទឹកជាមួយគ្នា ។ ចំណែកឡាវ ពិតមែនតែមិត្តភក្តិជាមួយកម្ពុជា ក៏ត្រូវការមានទំនាក់ទំនងជាមួយថៃដែរ។ ដូច្នេះបញ្ហានេះគឺអត់មានពឹងអ្នកណាទេ ពឹងលើខ្លួនឯង ហើយដោះស្រាយដោយសន្តិវិធី ។
សម្តេចតេជោបញ្ជាក់ថា ឥឡូវសម្រួលគ្នាមួយរយៈ អ្នកណានៅត្រង់ណានៅត្រង់នោះសិនចុះ ហើយរង់ចាំការដោះស្រាយដោយសន្តិវិធី កុំរំលោភគ្នាទៅវិញទៅមក ។ យើងក៏មិនរំលោភបំពានគេ គេក៏មិនបំពានយើង គឺល្អបំផុតហើយ។ យើងត្រូវការលុយកាក់ធ្វើផ្លូវ ធ្វើស្ពាន ធ្វើប្រឡាយទឹក មន្ទីរពេទ្យ សាលារៀន យើងអត់ត្រូវការលុយដើម្បីទិញអាវុធអ្វីទេ ។
ប៉ុន្តែសភាពការណ៍ត្រូវចាប់បង្ខំទៅហើយ ព្រោះគេបាញ់មកលើយើងសុទ្ធតែកាំភ្លើងធំ ១០៥-១៣០-១៥៥មីល្លីម៉ែត្រទៅហើយ យើងយកចំពាមកៅស៊ូទៅបាញ់គេម៉េចនឹងកើត ? វាទាល់តែអាធុនហ្នឹងដាក់ទៅវិញទាល់តែស្រែកចាច អ៊ីចឹងដែរ… នេះគ្រាន់តែជាការតបត កុំឱ្យបាញ់ផ្លោងមកថែមទៀត ព្រោះជ្រែងហោប៉ៅបាញ់ផ្លោងហើយ ស្រាប់តែចរចា ភ្លាម ហើយបើកុំតបតទៅវិញប្រហែលជាអត់ចរចាទេ វ៉ៃរហូតជាង៥ម៉ឺនគ្រាប់ គិតត្រឹមតែ១០៥មីល្លីម៉ែត្រឡើងលើ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា អស់លោកមិត្តឡាវ លោកមីយ៉ាន់ម៉ា សូមកុំភ័ន្តច្រឡំ ថៃវាយកម្ពុជាណា បើថៃវាយកម្ពុជា បានសម្រេចអស់លោកក៏រងគ្រោះដែរ ខ្ញុំប្រាប់អស់លោកឱ្យដឹង ។ ជាសារមួយបញ្ជូនថា គេបង្ក្រាបកម្ពុជាបានថ្ងៃក្រោយគេនឹងបង្ក្រាបឡាវ មីយ៉ាន់ម៉ា ។ សាក.លមើល បើកម្ពុជាបណ្តោយឱ្យគេវ៉ៃបាន ថ្ងៃក្រោយមីយ៉ាន់ម៉ាអាចនៅសល់តែផ្ទៃដីមួយចំណុច១០០គីឡូម៉ែត្រការ៉េ ៧០គីឡូម៉ែត្រការ៉េ មួយចំណុច ៣០គីឡូម៉ែត្រមួយចំណុច ។ ឯសាយ៉ាបូរី របស់ឡាវមិនទាន់បានដោះស្រាយចប់នៅឡើយទេ តាំងពីឆ្នាំ១៩៨៧-១៩៨៨ មក ។
ដូច្នេះសូមកុំភ័ន្តច្រឡំ នៅពេលដែលឃើញគេវ៉ៃខ្មែរ សូមឡាវ មីយ៉ាន់ម៉ាកុំសប្បាយចិត្ត សូមកុំភ័ន្តច្រឡំថា ថៃគេមិនដែលឈ្លានពាន ទៅណា… សម្តេចតេជោបានសង្កត់ធ្ងន់ថា សូមមើលជុំវិញប្រទេសខ្លួនមើល វ៉ៃជាមួយប្រទេសណាខ្លះ ជាមួយមីយ៉ាន់ម៉ាប៉ុន្មានដង វ៉ៃជាមួយម៉ាឡេស៊ីប៉ុន្មានដង ហើយវ៉ៃជាមួយឡាវប៉ុន្មានដង វ៉ៃជាមួយខ្មែរកូនពៅគេ ប៉ុន្តែមិនហ៊ានជាមួយវៀតណាមទេ តែប៉ុណ្ណឹងទេ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី សង្ឃឹមថា រដ្ឋាភិបាលក្រោយរបស់ថៃ ការបោះឆ្នោតថ្ងៃទី៣ ខែកក្កដា ខាងមុខ នឹងអាចដោះស្រាយបានបញ្ហាផ្ទៃក្នុងខ្លួនឯងផង ហើយមិននាំចេញជម្លោះទៅខាងក្រៅ និងដោះស្រាយជម្លោះជាមួយអ្នកនៅជុំវិញខ្លួន ។ សម្តេចតេជោបានរំលឹកថា លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជានិងថៃគឺជាមិត្តរបស់ចិន ។ សម្តេចតេជោមានប្រសាសន៍ថា មិត្តគួរតែដឹងថា មិត្តណាវាអាក្រក់ មិត្តណាវាល្អ គួរតែដឹងផង ត្រូវបែងចែកឱ្យច្បាស់ ។ ឡាវ វៀតណាម មីយ៉ាន់ម៉ា ក៏គួរតែគិតផងដែរ ឱ្យដឹងថាមិត្តណាល្អ មិត្តណាអាក្រក់ ហើយឡាវ និងមីយ៉ាន់ម៉ា ដឹងច្បាស់ណាស់រឿងហ្នឹង ៕
ចែករំលែកព័តមាននេះ