ខេត្តកំពង់ចាម ៖ ដើម្បីបង្កើតនៅភាពសប្បាយរីករាយរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីបុណ្យអុំទូកអំបុកសំពះព្រះខែ ដោយគ្រោងធ្វើឡើងចំនួនពីរថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែតុលា ឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតនៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ជាមួយនោះគេរំពឹងថា នឹងមានភ្ញៀវជាតិអន្តរជាតិមកកម្សាន្តលេងច្រើនកុះករ ។

លោកស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ខេត្តមានប្រសាសន៍ឲ្យដឹង នារសៀលថ្ងៃទី២០ តុលាឆ្នាំ២០២៣ថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តព្រមទាំង
អភិបាលរងខេត្ត បានរៀបចំពិធីប្រណាំងទូក.ងនេះ ឡើងចំនួនពីរថ្ងៃ ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី ២០តុលា លោកស្នងការនគរបាលខេត្ត ស្នងការរងទទួលផែនសណ្ដាប់ធ្នាប់ បានចុះអមដំណើរឯកឧត្តមអភិបាលខេត្តពិនិត្យមើលទីតាំងប្រណាំងទូកងនៅភូមិជ្រោយថ្ម ដោយរៀបចំសម្អាតបរិស្ថានដើម្បីប្រកួតប្រជែងប្រណាំងទូកង ដែលកាន់តែខិតជិតមកដល់។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តបានបន្តថា ជាមួយនឹងប្រតិការណ៍សប្បាយរីករាយនេះក៏មានការតាំងពិព័រណ៍ស្តង់លក់ទំនិញផលិតផលក្នុងស្រុកហើយមន្ទីរអង្គភាពនីមួយៗជុំវិញខេត្តក៏បានរៀបចំស្តង់ដើម្បីបង្ហាញពីស្នាដៃរបស់ខ្លួនផងដែរ។ ពេលយប់មានការរៀបចំប្រគុំតន្ត្រីខ្នាតធំសម្រាប់ឱ្យប្រជាពលរដ្ឋចូលរួមទស្សនាជាមួយនោះ មានការបណ្ដែតប្រទីបទៅតាមប្រពៃណីទំនៀមទម្លាប់ពីបុរាណកាលទៀតផង ។

តាមការប្រមូលមើលពិធីនេះនឹងទាក់ទែងភ្ញៀវជាតិអន្តរជាតិមកកំសាន្តលេងច្រើនកុះករ។ ក្នុងនោះ រួមមានមួយផ្នែកប្រជាពលរដ្ឋមកពីខេត្តត្បូងឃ្មុំព្រៃវែង កំពង់ធំ ចូលរួមទស្សនាក្រោយពីពិធីនេះ ត្រូវបានអាក់ខានរយៈពេល២ឆ្នាំកន្លងមក ដោយសារវិបត្តិជំងឺកូវីដ។
ជាមួយនោះ មន្ទីរទេសចរណ៍រួមនឹងមន្ទីរបីទៀតមានទូកងមួយគ្រឿង ក៏បានចូលរួមប្រណាំងក្នុងពិធីនេះ ដើម្បីដណ្ដើមយកជ័យលាភីតែមិនទាន់ដឹងថាតើ។ការជ័យជំនះរំពឹងបានប៉ុន្មានភាគរយនៅឡើយ។ រាល់ការអញ្ជើញមកដល់របស់ភ្ញៀវទេសចរលើទឹកដីខេត្តកំពង់ចាមក្នុងពិធីបុណ្យអុំទូកបើសិនមានបញ្ហាណាមួយកើតឡើង សូមមេត្តាខន្តីចេះអធ្យាស្រ័យគ្នាទៅវិញទៅមកដើម្បីបង្កើតឲ្យបរិយាកាសនេះបានប្រព្រឹត្តទៅសប្បាយរីករាយ ។

ចំណែកលោកលី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តវិញបានមានប្រសាសន៍ឲ្យដឹងដែរថា មកដល់ពេលនេះ គឺមានទូកងមកពីតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តកំពង់ចាមបានចុះឈ្មោះជាបណ្ដាលបណ្ដើរៗហើយ គេរំពឹងថា នឹងមានទូកងជាច្រើនគួរ ដើម្បីចូលរួមប្រកួតប្រជែង។ ហើយការឈ្នះចាញ់គឺជារឿងធម្មតាដែលបង្ហាញពីចំណងសាមគ្គីភាពគ្នាទៅវិញទៅមក។

សូមបញ្ជាក់ថា ពិធីបុណ្យអុំទូកនេះគឺបានប្រារព្ធឡើងតាមទំនៀមទម្លាប់ប្រពៃណីខ្មែរតាំងពីបុរាណកាលមកដល់សព្វថ្ងៃ គឺពលរដ្ឋខ្មែរយើងនៅតែរក្សាប្រពៃណីនេះដដែល។ កម្លាំងសមត្ថកិច្ចក្នុងនោះ រួមមាននគរបាលកងរាជអាវុធហត្ថខេត្ត និងត្រូវដាក់ពង្រាយតាមគោលដៅសំខាន់ៗដើម្បីពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋដែលមកកំសាន្តលេងផងដែរ ។



ចែករំលែកព័តមាននេះ