រាជធានីភ្នំពេញ ៖ ក្រុមចៅក្រមនៃអង្គជំនុំជម្រះសាលាដំបូងកាលពីថ្ងៃទី៩ ឧសភា ឆ្នាំ២០១១ បានចេញសេចក្តីសំរេចមួយអំពីការបដិសេធបណ្តឹងរបស់ អៀង សារី និងអៀង ធីរិទ្ធ ប្តឹងដិតចិត្តចៅក្រមយូ ឧត្តរា ស្ថិតនៅក្នុងអង្គចៅក្រមពិសេស និងជាចៅក្រមបម្រុងនៃអង្គជំនុំជម្រះសាលាដំបូង។ ការបដិសេធដោយសំអាងថាបណ្តឹងនោះគ្មានមូលដ្ឋាន។
យោងតាមសេចក្តីសំរេចដែលបានចេញផ្សាយជាសាធារណៈដោយអង្គជំនុំជម្រះសាលាដំបូងនៃសា លាក្តីខ្មែរក្រហមចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១១ចុះហត្ថលេខាដោយចៅក្រមចំនួន៥រូបមានចៅក្រមខ្មែរ៣រូប និងចៅក្រមបរទេស២រូបឲ្យដឹងថាអង្គជំនុំជម្រះសាលាដំបូងមិនឯកភាពទៅនឹងការលើកឡើងរបស់មេធាវីការពារអៀង សារី ដែលថាមានទំនាស់ផលប្រយោជន៍នៅក្នុងការសំរេចរបស់អង្គជំនុំជម្រះ លើបណ្តឹងទាំងអស់នេះ។ អំណះអំណាងនោះរបស់មេធាវីអៀង សារី គឺសំអាងលើការចោទប្រកាន់ជារួមអំពីឯករាជ្យរបស់តុលាការ និងពុំទាក់ទងទៅនឹងចៅក្រមណាម្នាក់នៃអង្គជំនុំជម្រះសា លាដំបូងឡើយ។
សាលាក្តីបន្តថា ដោយហេតុថាអង្គចៅក្រមពិសេសបានបញ្ចប់នូវ អាណត្តិរបស់ខ្លួនហើយនោះ បណ្តឹងរបស់អៀង ធីរិទ្ធនិងអៀង សារី គឺចាត់ទុកថាគ្មានមូលដ្ឋាន។ ទោះបីជាយ៉ាងណាក្តីដោយយល់ឃើញពីសារសំខាន់នៃបញ្ហាដែលបានលើកឡើងនៅក្នុងបណ្តឹងដិតចិត្តនោះ អង្គជំនុំជម្រះចេញសេចក្តីសំរេចនេះដើម្បីសំរេចទៅលើបញ្ហាសារធាតុនៃ ការចោទប្រកាន់នៅក្នុងពាក្យបណ្តឹងដែលអង្គជំនុំជម្រះយល់ឃើញថាត្រូវបានធ្វើឡើងដោយមិន សមហេតុផល។
សាលាក្តីបានឲ្យដឹងទៀថា ការចោទប្រកាន់ ចៅក្រម យូ ឧត្តរា ថាមានភាពលំអៀងកើតឡើងដោយសារគាត់មានតួនាទីនៅក្នុងក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលកម្ពុជាដែលបានតម្កល់សាលក្រមផ្តន្ទាទោសលោកស្រីមូរ សុខហួរជាអ្នកនយោបាយមកពីគណបក្សប្រឆាំងពីបទបរិហារកេរ្តិ៍សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីខែមិថុនាឆ្នាំ២០១០កន្លងទៅ ។ ការប្តឹងដិតចិត្តជាសិទ្ធិជនត្រូវចោទនៅ ចំពោះមុខច្បាប់ ៕
ចែករំលែកព័តមាននេះ