ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាគីស្ថានប្តេជ្ញា​នឹង​បន្ត​ទំនាក់​ទំនង​កាន់​​តែ​រឹង​មាំ​បន្ថែម​ទៀត​ជា​មួយ​កម្ពុជា

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្នុងឱកាសចូល​សម្តែង​ការគួសម និងជម្រាបលាលោកឧប​នាយក​រដ្ឋ​មន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ កាល​ពីព្រឹកថ្ងៃទី​១៨ ឧសភា ឆ្នាំ​២០១១ លោក Mohammad youniskhan ឯកអគ្គរដ្ឋ​ទូតប៉ាគីស្ថាន​ប្រចាំ​កម្ពុជា ដែលត្រូវបញ្ចប់​អាណត្តិ​បាន​ថ្លែងថា ប៉ាគី​ស្ថាន និងកម្ពុជានៅតែ​

រាជធានីភ្នំពេញ ៖ ក្នុងឱកាសចូល​សម្តែង​ការគួសម និងជម្រាបលាលោកឧប​នាយក​រដ្ឋ​មន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ កាល​ពីព្រឹកថ្ងៃទី​១៨ ឧសភា ឆ្នាំ​២០១១ លោក Mohammad youniskhan ឯកអគ្គរដ្ឋ​ទូតប៉ាគីស្ថាន​ប្រចាំ​កម្ពុជា ដែលត្រូវបញ្ចប់​អាណត្តិ​បាន​ថ្លែងថា ប៉ាគី​ស្ថាន និងកម្ពុជានៅតែ​បន្តទំនាក់ទំនងលើ​គ្រប់​វិស័យកាន់តែរឹងមាំ​បន្ថែមទៀត បើទោះបីជា​ប្រទេសយើងទាំងពីរ​ស្ថិត​នៅឆ្ងាយពីគ្នាក៏ដោយ។

លោក​គុយ គួង អ្នកនាំពាក្យក្រសួងការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិបាន​ប្រាប់​អ្នក​កាសែតក្រោយជំនួបនោះថា លោក Mohammad youniskhan ឯកអគ្គរដ្ឋទូតប៉ាគី​ស្ថានប្រចាំកម្ពុជា ដែលលោកត្រូវបញ្ចប់អាណត្តិ និង​វិលទៅប្រទេសរបស់លោកវិញនោះ​បានថ្លែង​នូវ​ការកោតសរសើរ ចំពោះរាជរដ្ឋាភិបាល​កម្ពុជា ដែលដឹកនាំប្រទេសមានការអភិវឌ្ឍន៍លើ​គ្រប់វិស័យ។ លោកក៏បានសម្តែង​នូវមោទន​ភាព​ផងដែរ ក្នុង​អំឡុង​ពេល​ដែលលោកបំពេញ​បេសក​កម្ម​ការ​ទូតនៅកម្ពុជា ហើយទទួល​បាន​ការ​គាំទ្រ និង​ការគោរពស្រឡាញ់ពីរាជរដ្ឋា​ភិបាល ប្រជាជន​កម្ពុជា ដែលធ្វើឱ្យលទ្ធផល​នៃ​ការងារការទូត​របស់​លោកទទួលបានជោគ​ជ័យ។

លោក Mohammad youniskhan បាន​ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និង​ប្រជា​ជនកម្ពុជាដែលបានចូលរួមជាវិភាគ​ទាន​ដោយ​ស្មារតីសប្បុរសជួយដល់ជនរងគ្រោះ​ប៉ាគីស្ថាន ដោយ​សារទឹកជំនន់ និងរញ្ជួយដី​កន្លង​មក ហើយ​លោកបានចាត់ទុកកាយវិការនោះ គឺ​ជា​ស្មារតី​សាមគ្គី​​ភាពមិត្តភាព និងសហប្រតិបត្តិ​ការដ៏រឹង​មំា​រវាងប្រទេស​ទាំងពីរប៉ាគីស្ថាន​-កម្ពុជា។ ទន្ទឹម​នោះ ដើម្បីឆ្លើយ​តបចំពោះកម្ពុជា ដែល​បាន​បោះ​ឆ្នោត​គំាទ្រប្រទេសប៉ាគីស្ថានចូល​ជាសមា​ជិក​មិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សា សន្តិសុខ​អង្គការ​សហ​ប្រជាជាតិនោះ ប្រទេសប៉ាគីស្ថាន​សន្យា​ថា នឹង​បោះឆ្នោតគាំទ្រប្រទេសកម្ពុជាចូល​ជាសមា​ជិក​មិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ​អង្គ​ការ​សហ​ប្រជាជាតិវិញ​នាឆ្នាំ២០១២ខាង​មុខ។

ក្នុងជំនួបនោះផងដែរ លោកឧបនាយករដ្ឋ​មន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិបានឆ្លើយតបនឹង​វាយតម្លៃខ្ពស់ចំពោះ​ការខិតខំប្រឹងប្រែងលើការ​ងារការទូត របស់លោក Mohammad youniskhan ក្នុងបេសកកម្មការទូតនៅកម្ពុជា ។ បេសកកម្មប្រកបដោយ​ជោគជ័យនោះ គឺបាន​រួម​ចំណែកដល់កិច្ចសហប្រតិបត្តិការ និងទំនាក់​ទំនងដ៏ល្អរវាងប្រទេសយើងទាំងពីរ​កម្ពុជា-ប៉ាគី​ស្ថាន។ លោកក៏បានថ្លែងអំណរគុណដល់ប្រទេស​ប៉ាគីស្ថានផងដែរ ដែលបានផ្តល់អាហា​រូប​ករណ៍រយៈពេលខ្លីដល់និស្សិតកម្ពុជា បានទៅ​សិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍ការ​ងារ​នៅ​ទីនោះ។ ទន្ទឹមនោះប្រទេសប៉ាគីស្ថាន ក៏​បានផ្តល់ជាសម្ភារថវិកាដល់ជនរងគ្រោះកម្ពុជា ​ក្នុងឧបទ្ទវហេតុលើស្ពានពេជ្រ​នៃ​ក្រុង​កោះ​ពេជ្រ រួមទាំងលើ​ផ្នែកផ្សេងៗទៀត ។

លោក​ហោ ណាំហុង បានបញ្ជាក់ថា ក្រៅពី​​នេះ​ប្រទេសទាំងពីរនៅមានទំនាក់​ទំនងលើ​វិស័យ​ពាណិជ្ជកម្ម​ដែលកន្លងមកក៏មាន​ការ​នាំចូល​មុខ​ទំនិញពីប៉ាគីស្ថានមកកម្ពុជាក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណជិត២០លានដុល្លារ ក្នុង​មួយ​ឆ្នាំ។ ចំណែក​កម្ពុជា បាននាំមុខទំនិញ​ចេញ​ទៅប៉ាគី​ស្ថា​នវិញក្នុងទឹកប្រាក់ប្រមាណ១លាន​ដុល្លារ​ក្នុង​មួយឆ្នាំផងដែរ ។
យ៉ាងណាក៏ដោយភាគីទាំងពីរសុទ្ធតែបាន អះ​អាងថា ចំណងទាក់ទងរវាងប្រទសប៉ាគី ស្ថាន និងកម្ពុជាកាន់តែរឹងមាំថែមទៀតនាពេល​អនាគត ៕