ខេត្តស្ទឹងត្រែង ៖ តាមសេចក្តីរាយការណ៍ពី តំបន់ព្រំដែនកម្ពុជា-ឡាវបានឱ្យដឹងថា ក្រោយកិច្ចប្រជុំទ្វេភាគីរវាងមន្ត្រីនៃប្រទេសទាំងពីរនៅថ្ងៃ១៧ ឧសភា ឡាវបានធ្វើការដោះលែងពលរដ្ឋខ្មែរ៤នាក់ បន្ទាប់ពីត្រូវតម្រួតការពារព្រំដែនឡាវឃាត់ខ្លួន។ ចំណែកពលរដ្ឋឡាវ៩នាក់ ដែលឆ្លងមកដីកម្ពុជាខុសច្បាប់ត្រូវវរការពារព្រំដែនលេខ១០១ កម្ពុជាឃាត់ខ្លួននៅថ្ងៃទី១៤ ឧសភា ក៏ត្រូវដោះលែងហើយដែរ ។ នេះជាការព្រមព្រៀងរវាងអាជ្ញាធរខេត្តទាំងពីរស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ប្រទេសឡាវ ដោយសន្តិវិធី ។
តាមព័ត៌មានពីលោកស៊ី សួន អភិបាលស្រុកសៀមប៉ាង បានឱ្យកោះសន្តិភាពដឹងនៅព្រឹកថ្ងៃទី១៨ ឧសភា ថា ចំពោះពលរដ្ឋខ្មែរ និងឡាវដែលឆ្លងដែនខុសច្បាប់ទាំងនោះអាជ្ញាធរយើង និងអាជ្ញាធរនៃខេត្តចំប៉ាសាក់ ប្រទេសឡាវ បានពិភាក្សាលើបញ្ហានេះ ហើយធ្វើការដោះដូរដោយសន្តិវិធី និងមានការយោគយល់ទៅវិញទៅមកផងដែរ ។
ព័ត៌មានបន្ថែមទៀតថា ក្រោយការចាប់ខ្លួនពលរដ្ឋខ្មែរ៤នាក់រួចមក ត្រូវបានតម្រួតការពារព្រំដែនឡាវបញ្ជូនខ្លួនទៅខេត្តចំប៉ាសាក់ ដើម្បីឃុំខ្លួន។ រីឯពលរដ្ឋឡាវចំនួន៩នាក់ ឆ្លងមកដីកម្ពុជាខុសច្បាប់ដែរនោះត្រូវបានកម្លាំងការពារវរព្រំដែន១០១ របស់កម្ពុជាឈរជើងនៅភូមិកំភោគ ស្រុកសៀមប៉ាង ឃុំខ្លួនពួកគេនៅក្នុងទីបញ្ជាការ។
លោកស៊ី សួន បានបញ្ជាក់ថា ការដោះដូររវាងប្រជាពលរដ្ឋកម្ពុជា និងឡាវនេះធ្វើឡើងនៅម៉ោង១រសៀលថ្ងៃទី១៧ ឧសភា ២០១១ ស្ថិតក្នុងចំណុចបង្គោលឡាក់លេខ៦៥ និង៦៦ ជាព្រំប្រទល់ភូមិកំភោគ ឃុំព្រែកមាស ស្រុកសៀមប៉ាង និងស្រុកផាត់តាផន ខេត្តចំប៉ាកសាក់ ប្រទេសឡាវ ៕
ចែករំលែកព័តមាននេះ