ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកស្ទឹង​ព្រែក​ត្នោត​បន្ត​ហក់​ឡើង ជន់​លិច​ផ្ទះសម្បែង កើនឡើង​ជាង​៩០០​ខ្នង​ហើយ

6 ខែ មុន
  • ភ្នំពេញ

ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​តែ​បន្ត​ហក់​ឡើង​ខ្លាំង បើ​គិត​ត្រឹម​វេលា​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៣ ទឹកបាន​ជន់​លិច​ភូមិឋាន និង​ផ្ទះសម្បែង​នៅ​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កើនឡើង​ដល់​៩​សង្កាត់​ហើយ ស្មើនឹង​ជាង​៩០០​ខ្នង

រាជធានី​ភ្នំពេញ ៖ ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​តែ​បន្ត​ហក់​ឡើង​ខ្លាំង បើ​គិត​ត្រឹម​វេលា​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៣ ទឹកបាន​ជន់​លិច​ភូមិឋាន និង​ផ្ទះសម្បែង​នៅ​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កើនឡើង​ដល់​៩​សង្កាត់​ហើយ ស្មើនឹង​ជាង​៩០០​ខ្នង ដែល​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​មនុស្ស​ជិត​៤​ពាន់​នាក់ ។ ក្រៅពី​នេះ ក៏​នៅ​មាន​ប៉ុស្តិ៍​នគរបាល សាលារៀន មណ្ឌល​សុខភាព វត្ត​អារាម សាលាសង្កាត់ ផ្លូវថ្នល់ និង​ដីស្រែ ក៏​ត្រូវ​លិចលង់​ផង​ដែរ ប៉ុន្តែ​ពុំ​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លា​.​ប់​នៅ​ក្នុង​គ្រោះ​ទឹកជំនន់​នេះ​ឡើយ​។

យោង​តាម​របាយការណ៍​សង្ខេប​របស់​អាជ្ញាធរ​ខណ្ឌដង្កោ បាន​ឲ្យ​ដឹង​ថា ទឹកស្ទឹង​នៅ​តែ​បន្ត​ហក់​ឡើងជា​លំដាប់ ហើយ​ទឹកបាន​ជន់​លិច​កើនឡើង​ដល់​៩​សង្កាត់ ស្មើនឹង​៤១​ភូមិ​លិច​ផ្ទះ​ផ្ទះ​ចំនួន​៩៣៣​ខ្នង ប៉ះពាល់​ម្ចាស់ផ្ទះ​ចំនួន​១,០០៥​គ្រួសារ ដែល​មាន​ចំនួន​មនុស្ស​៣,៧២៦​នាក់ ។ លិច​ផ្លូវ​ចំនួន​១០​ខ្សែ​, សាលារៀន​ចំនួន​០២​ទីតាំង​, មណ្ឌល​សុខភាព​ចំនួន​០១​ទីតាំង​, វត្ត​ចំនួន​០៣, សាលាសង្កាត់​ចំនួន​០២ និង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចំនួន​០២ ។ សង្កាត់​ចំនួន​៩​នោះ រួម​មាន ៖ សង្កាត់​ស្ពានថ្ម​, សង្កាត់​គង​ន​យ​, សង្កាត់​សាក់​សំពៅ​, សង្កាត់​ដង្កោ​, សង្កាត់​ព្រៃ​ស​, សង្កាត់​ទៀន​, សង្កាត់​ជើងឯក​, សង្កាត់​ព្រែក​កំពឹស និង​សង្កាត់​ក្រាំង​ពង្រ​។

ដោយឡែក​នៅ​ស្ថានីយ៍​ទំនប់​៧​មក​រា កម្ពស់​ទឹក​ខាង​មុខទ្វារ ៥,៨៥​ម៉ែត្រ​(​ខ្ពស់​ជាង​ទំនប់​បង្ហៀរ​+១,០៥​ម៉ែត្រ​) កម្ពស់​ទឹក​ខាងក្រោយ​ទ្វា​៨,៦៨​ម៉ែត្រ (​កើនឡើង​+០,៩៣​ម៉ែត្រ ធៀប​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា​៧,៧៥​ម៉ែត្រ​) កម្ពស់​ទឹក​ក្រោយ​ទ្វា​៧,០០​ម ហើយ​កម្ពស់​ទឹកមុខ និង​ក្រោយ​ទ្វា​ខុស​គ្នា​០,១៧​ម៉ែត្រ ។

សូម​រម្លឹក​ផង​ដែរ​ថា ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​លំដាប់​នៅ​ឯ​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ បាន​ធ្វើ​ឲ្យ​បរិមាណ​ទឹក​នៅ​ទីនោះ​ឈាន​ដល់​កម្រិត​ការ​ប្រកាស​អាសន្ន ហើយ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មានការ​លិចលង់​នៅ​ទីនោះ អាជ្ញាធរ​បាន​បើកទ្វារ​ទឹក​នៅ​តាម​បណ្ដា​ស្ថានីយ៍​ទំនប់​ទឹក​នានា ។ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទឹក​ហូរ​ចាក់​តាម​ស្ទឹង​ព្រែក​ត្នោត​មក​ប៉ែក​ខាងក្រោម​បង្ក​ឲ្យ​មានការ​ជន់​លិច​តំបន់​មួយ​ចំនួន​ខាងលើ​របស់​ខណ្ឌដង្កោ រួម​ជាមួយ​ភូមិសាស្ត្រ​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ស្រុក​កណ្ដាលស្ទឹង និង​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​ផង​ដែរ​។

ដោយឡែក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ជន់​លិច​ក្នុង​ខណ្ឌដង្កោ បាន​និយាយ​ថា ទឹកស្ទឹង​ព្រែក​ត្នោត​បាន​ចាប់ផ្ដើម​ឡើង​រយៈពេល​ប្រមាណ​៥​ថ្ងៃ​កន្លង​មក​ហើយ ប៉ុន្តែ​៣​ថ្ងៃ​ចុង​ក្រោយ​នេះ​ទឹកបាន​ឡើង​ខ្លាំង​និង​ឡើង​លឿន បណ្ដាល​ឲ្យ​ជន់​លិច​ភូមិឋាន និង​ផ្ទះសម្បែង​ពួក​គាត់​យ៉ាង​ឆាប់រហ័ស​គួរ​ឲ្យ​ព្រួយបារម្ភ​។ ពួក​គាត់​មួយ​ចំនួន​បាន​ចាក​ចេញពីផ្ទះ​តាំងពី​ព្រលប់​ថ្ងៃ​ទី​១៨ ខែ និង​ខ្លះ​ទៀត​ចាកចេញ​នៅ​វេលា​ជិត​ភ្លឺ​ថ្ងៃ​ទី​១៩ ខែតុលា ហើយ​ខ្លះ​បាន​ទៅ​ស្នាក់​នៅផ្ទះ​បងប្អូន​សាច់ញាតិ ស្ថិត​នៅ​តាម​ភូមិ​នានា​ដែល​ទឹក​អត់​លិច និង​ខ្លះ​ទៀត​បាន​ទៅ​កាន់​ទីកន្លែង​ផ្សេង​រៀង​ៗ​ខ្លួន​។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ជា​រៀង​រាល់​ឆ្នាំ​ទឹក​បើ​ទឹក​ជន់​តូច ហើយ​ពុំ​មាន​ភ្លៀង​ធ្លាក់​បន្ត​នៅ​ឯ​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ​ទេ ទឹក​អាច​លិច​ផ្ទះសម្បែង​ពួក​គាត់​ត្រឹមតែ​រយៈពេល​៣​ទៅ​៥​ថ្ងៃ​និង​ស្រក​ទៅ​វិញ​អស់ហើយ ប៉ុន្តែ​ប្រសិនបើ​ទឹកធំ​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នៅ​តែ​មាន​ភ្លៀង​ធ្លាក់​នោះ​អាច​លិច​យូរ​ច្រើន​ថ្ងៃជា​នេះ ។

ទោះបីជា​បែប​នេះ​ក្ដី សម្រាប់​ពួក​គាត់​ដែល​ជា​អ្នក​រស់នៅ​ជប់​មាត់​ស្ទឹង​ព្រែក​ត្នោត​នេះ​បាន​ចង​ចាំ និង​មានបទពិសោធន៍​អំពី​ទឹក​អស់​ទៅ​ហើយ ព្រោះ​ជា​ទៀងទាត់​ឲ្យ​តែ​ដល់​ខែតុលា គឺ​ទឹកស្ទឹង​ព្រែក​ត្នោត​នេះ តែងតែ​ត្រូវ​បាន​ជន់​ឡើង បណ្ដាល​ឲ្យ​លិចលង់​ផ្ទះសម្បែង​ដីស្រែ​ចំការ សាលារៀន មន្ទីរពេទ្យ សាលាសង្កាត់ និង​ទី​វត្ត​អារាម​មិន​ដែល​ខាន​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ