ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​មុខ​សញ្ញា​កំពូល​លួច និង​ឆក់​ជា​ជន​ញៀន​ថ្នាំ​​

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ មេខ្លោង​ម្នាក់​ដែល​តែង​​លួច ឆក់​យ៉ាង​សកម្ម​បំផុត​នៅ​ក្នុង​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់​ដំបង កាល​ពី​យប់​ថ្ងៃ​ទី​១៧ ឧសភា ត្រូវ​​ចាប់​ខ្លួន​ដោយ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ខេត្ត​ ​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន​សាទរ ​ព្រោះ​តែ​ជន​នេះ និង​បក្ស​ពួក​ដែល​សុទ្ធ​តែ​ជា​សមា​សភាព​នៃ​អ្នក​ញៀន​ថ្នាំ​តែង​តែ​បង្ក​អសន្តិ​សុខ​មិន​ឈប់​

ខេត្ត​បាត់​ដំបង ៖ មេខ្លោង​ម្នាក់​ដែល​តែង​​លួច ឆក់​យ៉ាង​សកម្ម​បំផុត​នៅ​ក្នុង​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់​ដំបង កាល​ពី​យប់​ថ្ងៃ​ទី​១៧ ឧសភា ត្រូវ​​ចាប់​ខ្លួន​ដោយ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ខេត្ត​ ​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន​សាទរ ​ព្រោះ​តែ​ជន​នេះ និង​បក្ស​ពួក​ដែល​សុទ្ធ​តែ​ជា​សមា​សភាព​នៃ​អ្នក​ញៀន​ថ្នាំ​តែង​តែ​បង្ក​អសន្តិ​សុខ​មិន​ឈប់​ឈរ​ស្ទើរ​រាល់​យប់​នៅ​ក្នុង​មូល​ដ្ឋាន។

លោក​មៀន ឡាយ នាយ​ការិយា​ល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​និយាយ​ថា កម្លាំង​របស់​លោក​បាន​ឃាត់​ខ្លួន​​មេ​ខ្លោង​សកម្ម​បំផុត​​ខាង​ប្រព្រឹត្ត​អំពើ​ចោរ​កម្ម​ បង្ក​អសន្តិ​សុខ​មិន​ឈប់​នៅ​ក្នុង​មូល​ដ្ឋាន។ ​ជន​នេះ​ឈ្មោះ​ឌី សុភ័ក្រ ហៅ​ម៉ាប់ អាយុ​៣១​ឆ្នាំ រស់​នៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ​និង​បក្ស​ពួក​ប៉ុន្មាន​នាក់​ទៀត​បាន​ធ្វើ​សកម្ម​ភាព​ជា​លើក​ចុង​ក្រោយ​កាល​ពី​យប់​ថ្ងៃ​ទី​១៤ ឧសភា ​ដោយ​ចូល​លួច​យក​​កុំព្យូ​ទ័រ​ចល័ត​១​គ្រឿង និង​សម្ភារ​មួយ​ចំនួន​នៅ​ផ្ទះ​របស់​ឈ្មោះ​ជូន មុំ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ រស់​នៅ​ភូមិ​វត្ត​រំដួល សង្កាត់​ចំការ​សំរោង។ ក្រោយ​ពី​ទទួល​ពាក្យ​បណ្តឹង​ ទើប​​ឈាន​ដល់​ការ​ចាប់​ខ្លួន​មេ​ខ្លោង​រូប​នេះ​តែ​ម្តង។

ជន​សង្ស័យ​ឈ្មោះ​ឌី សុភ័ក្រ ហៅ​ម៉ាប់ និង​បក្ស​ពួក​ប៉ុន្មាន​នាក់​ទៀត​ត្រូវ​អ្នក​ភូមិ​ចាត់​ទុក​ថា ជា​ក្រុម​ដ៏​កំពូល​ក្នុង​ការ​ប្រព្រឹត្ត​ចោរ​កម្ម​នៅ​ក្នុង​មូល​ដ្ឋាន ហើយ​​ក៏​ប្រើ​ប្រាស់​ថ្នាំ​​ញៀន​ដែរ នៅ​ក្នុង​ភូមិ​វត្ត​លៀប​ ព្រោះ​នៅ​ក្បែរ​វត្ត​លៀប​ ជា​សម្បុក​ចែក​ចាយ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​យ៉ាង​វក់​វី​បំផុត។ រីឯ​ចំណាត់​ការ​របស់​អាជ្ញា​ធរ និង​សមត្ថ​កិច្ច​មូល​ដ្ឋាន​តិច​តួច​ណាស់។

​ឈ្មោះ​ឌី សុភ័ក្រ ហៅ​ម៉ាប់ ​និយាយ​ថា ពួក​​គេ​មិន​ធ្លាប់​​ប្លន់​ទេ ប៉ុន្តែ​សកម្ម​​​បំផុត​គឺ​លួច និង​ឆក់​តាម​ដង​ផ្លូវ។ គេ​មាន​​បក្ស​ពួក​៣​នាក់​ គឺ​២​នាក់​ទៀត​ឈ្មោះ​ញ៉ាក់ និង​ឈ្មោះ​ភ័ណ។ ​ពួក​​គេ​​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ប្រចាំ ហើយ​​លួច​មិន​រើស​មុខ​​ទេ ប៉ះ​អី​យក​ហ្នឹង។ ​របស់​​ដែល​លួច​បាន​ភាគ​ច្រើន​យក​ទៅ​​លក់​នៅ​ផ្ទះ​ទទួល​ទិញ​មួយ​​ក្បែរ​ផ្សារ​វត្ត​លៀប មាន​ម្ចាស់​ឈ្មោះ​មី ភេទ​ប្រុស គឺ​របស់​ស្អី​ក៏​​គេ​ទិញ​ដែរ។

​អ្នក​ភូមិ​ឱ្យ​ដឹង​​ថា កុំថា​ឡើយ​របស់​មាន​តម្លៃ សូម្បី​តែ​តុ កៅអី​​ក៏​ក្រុម​នេះ​លួច​ដែរ។ បើ​គេ​បាត់​របស់ទៅ​រក​មើល​នៅ​​ក្នុង​ផ្ទះ​​ឈ្មោះ​មី ​ឃើញ​ទាំង​អស់ ដូច​ជា​តែម​ម៉ូតូ​ ស្បែក​ជើង កុង​ទ័រ​ម៉ូតូ ឬ​ទូរ​ស័ព្ទ​ដៃ​ជា​ដើម។ អ្នក​ភូមិ​​ស្វាគមន៍​​ចំពោះ​ការ​បង្ក្រាប​​ឈ្មោះ​ឌី សុភ័ក្រ តែ​នៅ​បក្ស​ពួក​គេ​ជា​ច្រើន​នាក់​ទៀត។ អ្នក​ភូមិ​​អំពាវ​នាវ​ដល់​សមត្ថ​កិច្ច​​ឱ្យ​បង្ក្រាប​ក្រុម​អ្នក​លក់​ថ្នាំ​ញៀន​ក្បែរ​របង​វត្ត​លៀប និង​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ផង ព្រោះ​បច្ចុ​ប្បន្ន​កក្រើក​ខ្លាំង​ណាស់ ជា​ពិសេស​ជួយ​ពិនិត្យ​ផ្ទះ​ទទួល​ទិញ​ ឬ​ទទួល​បញ្ចាំ​របស់​របរ​ដែល​​មាន​ម្ចាស់​ឈ្មោះ​មី ​នោះ​ផង។ បើ​គ្មាន​អ្នក​ទទួល​ទិញ ប្រហែល​ជា​កាត់​បន្ថយ​​ការ​លួច​ខ្លះ។

ទាក់​ទិន​នឹង​ការ​ទទួល​ទិញ​ផល​ចោរ​កម្ម​នេះ លោក​មី ធ្លាប់​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​កោះ​សន្តិ​ភាព​កាល​ពី​ពេល​មុន​​ថា «អ្នក​ដែល​យក​របស់​របរ​មក​លក់​ឱ្យ​លោក ពួក​គេ​មិន​ដែល​ប្រាប់​មុន​ថា ជា​របស់​លួច​ទេ ឬ​ក៏​មាន​បិទ​ស្លាក​ថា របស់​ចោរ​កម្ម​​ទេ ដូច្នេះ​លោក​ធ្វើ​ម៉េច​ដឹង​ថា វា​ជា​របស់​ចោរ»។ លោក​មៀន ឡាយ ប្រធាន​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាលបញ្ជាក់​ថា លោក​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​​ឈ្មោះ​ឌី សុភ័ក្រ ទៅ​តុលា​ការ​ជា​មួយ​វត្ថុ​តាង​​កុំព្យូ​ទ័រ​ចល័ត​១​គ្រឿង និង​សម្ភារ​មួយ​ចំនួន​ទៀត ដែល​​គេ និង​បក្ស​ពួក​លួច​បាន។ ទន្ទឹម​នេះ​សមត្ថ​កិច្ច​​កំពុង​បន្ត​តាម​​ចាប់​បក្ស​ពួក​​គេ​ប៉ុន្មាន​នាក់​ទៀត៕