រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៤ ឧសភា ២០១១ យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៤ ឧសភា ២០១១ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងសម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ជាឧត្តមប្រឹក្សាផ្ទាល់ ។
គួររំឭកថា កាលពីថ្ងៃទី៦ ធ្នូ ២០០៨ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើនាយករដ្ឋមន្ត្រី ។
យោងតាមឯកសាររបស់ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានសមាជិកសរុបចំនួន២១រូប-អង្គ គិតត្រឹមឆ្នាំ២០១០ និងឥឡូវនេះ មានចំនួនសរុប២២រូប-អង្គ ស្រី៤រូប គឺ១-លោកជំទាវស៊ុំ នីថា ២-លោកជំទាវខែក កែមាលី ស៊ីសូដា ៣-លោកជំទាវជុំ សសាវរ៉ុត និង៤-ព្រះរាជបុត្រីព្រះអនុជនរោត្តម អរុណរស្មី។ សមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ មានសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជាប្រធាន ៕
ចែករំលែកព័តមាននេះ