រាជធានីភ្នំពេញ ៖ ដើម្បីរៀបចំបុណ្យកថិនទានឲ្យដំណើរការ និងប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ និងប្រពៃណីព្រះពុទ្ធសាសនា ក្រសួងធម្មការ និងសាសនា បានហាមដើររៃអង្គាសប្រាក់ នៅតាមផ្លូវសាធារណៈ និងទីប្រជុំជន ជាដើមព្រោះនាំឲ្យបាត់សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម ។

យោងតាមសេចក្ដីណែនាំរបស់ក្រសួងធម្មការ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្រសួងបានធ្វើការណែនាំដល់គ្រប់មន្ទីរធម្មការ និងសាសនារាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈឲ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធី កថិនទាន ស្របតាមពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាត ។
ក្រសួង បន្ដថា គ្រប់វត្តអារាម ត្រូវរៀបចំសម្អាតទីតាំងវត្តអារាម ផ្លូវថ្នល់ បូជនីយដ្ឋាន ដោយតុបតែងលម្អ បំភ្លឺ ភ្លើងពណ៍ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ពាក្យអប់រំ និងពុទ្ធភាសិតនានា ឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន។ គ្រប់វត្តអារាមនីមួយៗ ប្រសិនបើទេយ្យវត្ថុ មានភោជនាហារ នំចំណីជាដើម លើសពីសេចក្តីត្រូវការ គួរចាត់ចែងរៀបចំជូនដល់ចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ និងជនងាយរងគ្រោះផ្សេងៗទៀត ។
ក្រសួង គូសបញ្ជាក់ថា ៖ «ហាមដើររៃអង្គាស នៅតាមផ្លូវសាធារណៈ និងទីប្រជុំជនជាដើម ដែលធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម និងកិត្តិយសព្រះពុទ្ធសាសនា» ។
សូមបញ្ជាក់ថា បុណ្យកថិនទាន ជាកាលទានមួយដ៏ថ្លៃថ្លា មានលក្ខណៈពិសេស នៅក្នុងព្រះពុទ្ធសាសនា ដែលក្នុងមួយឆ្នាំមានតែម្តង មានរយៈពេលកំណត់តែ ២៩ថ្ងៃ ដោយវត្តមួយទទួលបានតែអង្គកឋិនមួយ ជាទានមាន ផលានិសង្សច្រើន ជាទីជ្រះថ្លា និងចំណូលចិត្តរបស់ពុទ្ធបរិស័ទខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ។ ឆ្នាំនេះ កថិនទាន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕



ចែករំលែកព័តមាននេះ