កន្ទាយក្បាលកង្កែប ទម្ងន់ជាង៣០គីឡូក្រាម ត្រូវលែងចូលទន្លេមេគង្គវិញ
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង សហការជាមួយអាជ្ញាធរស្រុកសៀមបូក អាជ្ញាធរឃុំអូរម្រះ សហគមន៍នេសាទអូរច្រឡង់-អង្គការ WCS CEPA ធ្វើពិធីលែងកន្ធាយក្បាលកង្កែប ដែលជាប្រភេទធនធានជលផល កំពុងរងគ្រោះថ្នាក់ ចូលទៅក្នុងដែននេសាទធម្មជាតិវិញ ស្ថិតក្នុងភូមិអូរច្រឡង់ ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

លោក ស្រី វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះថា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ប្រជានេសាទខេត្តស្ទឹងត្រែង បានចាប់ប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់ និងប្រភេទកម្រ ចំនួន២ប្រភេទផ្សេងគ្នា គឺត្រីប៉ាសាណាក មានទម្ងន់៥,៥គីឡូក្រាម ដែលត្រូវចាប់បាននៅភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងកន្ធាយក្បាលកង្កែប ទម្ងន់៣៤គីឡូក្រាម ដែលត្រូវចាប់បាននៅភូមិអូរច្រឡង់ ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ នេះជាសមិទ្ធផលនៃការខិតខំប្រឹងប្រែងការពារអភិរក្សធនធានជលផលពីគ្រប់ភាគីពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែង។

លោក ស្រី វិចិត្រ បានបញ្ជាក់ថា ប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់ និងប្រភេទកម្រដែលត្រូវប្រជានេសាទចាប់បាននេះ គឺស្ថិតនៅក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ហើយក៏ជាតំបន់គ្រប់គ្រង និងអភិរក្សជីវចម្រុះជលផលទន្លេមេគង្គផងដែរ ។ ដោយឡែកសត្វកន្ធាយក្បាលកង្កែប គឺត្រូវក្រុមអ្នកជំនាញយកទៅថែទាំព្យាបាល ដើម្បីលែងចូលទៅក្នុងដែននេសាទធម្មជាតិវិញ រីឯត្រីប៉ាសាណាក ក៏ត្រូវបានយកសំណាកមកថែរក្សានៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផលផងដែរ។

គួរបញ្ជាក់ផងដែរថា ដោយឡែកចំពោះការចាប់បានត្រីប៉ាសាណាក និងកន្ធាយក្បាលកង្កែបកាលពីកន្លងទៅនេះ គឺជាការដកហូតពីប្រជាពលរដ្ឋ ដែលនេសាទដោយប្រើឧបករណ៍លក្ខណៈគ្រួសារ ដូច្នេះមិនមែនជាបទល្មើសរបស់ជនខិ.លខូ.ចប្រើឧបករណ៍ខុសច្បាប់នោះឡើយ៕










ចែករំលែកព័តមាននេះ