ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត នៅ​ឃុំ សង្កាត់ និង​រដ្ឋសភា ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៨ តុលា​នេះ

9 ខែ មុន

រាជធានី​ភ្នំពេញ ៖ ការ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត នៅ​ឃុំ សង្កាត់ និង​រដ្ឋសភា ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៨ ខែតុលា ហើយ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ ការ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត នៅ​ឃុំ សង្កាត់ និង​រដ្ឋសភា ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៨ ខែតុលា ហើយ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤​។

លោក មាន ស​ទិ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) មាន​ប្រសាសន៍​ថា ការ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត នៅ​ឃុំ សង្កាត់ និង​នៅ​រដ្ឋសភា ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៨ ខែតុលា ហើយ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ ។

ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ជាមួយ​ភាគី​ពាក់ព័ន្ធ ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ ដែល​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៣ នៅ​ទីស្ដីការ គ​.​ជ​.​ប លោក មាន ស​ទិ បាន​ថ្លែង​ថា ការ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​នៅ​ឃុំ សង្កាត់ និង​នៅ​រដ្ឋសភា ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៨ ខែតុលា ហើយ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣​។

លោក បញ្ជាក់​ថា ការងារ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​នេះ ប្រព្រឹត្ត​ទៅ​តាម​ប្រតិទិន​ការងារ​របស់ គ​.​ជ​.​ប ដោយ​គ្មាន​ការ​ប្តឹង​តវ៉ា ឬ​ការ​ប្តឹង​ជំទាស់​នោះ​ទេ តែ​នៅ​ពេល​បញ្ចប់​ការងារ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត គ​.​ជ​.​ប ត្រូវ​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង នៅ​លេខាធិការដ្ឋាន នៃ​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត និង​ទីប្រជុំជន​មួយ​ចំនួន ក្នុង​រាជធានី ខេត្ត សម្រាប់​ប្តឹង​តវ៉ា ឬ​ប្តឹង​ជំទាស់​ដែល ត្រូវ​អនុវត្ត​ចាប់ពី​ថ្នាក់​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត ថ្នាក់ គ​.​ជ​.​ប ហើយ​ត្រូវ​បញ្ចប់​នៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​។

លោក​បន្ត​ថា សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥​នេះ មណ្ឌលបោះឆ្នោត​ត្រូវ​បាន​រៀបចំ និង​បែងចែក​ជា ៨​ភូមិភាគ ដែល​មាន​អាសនៈ​សរុប​ចំនួន​៥៨ (​បន្ថែម សមាជិក​ព្រឹទ្ធសភា​ចំនួន ២​រូប ដែល​ត្រូវ​បាន​ចាត់តាំង​ដោយ​ព្រះមហាក្សត្រ និង ២​រូប​ទៀត ត្រូវ​បាន​រដ្ឋសភា​ជ្រើសតាំង​តាម​មតិ​ភាគច្រើន​) ។

សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គូសបញ្ជាក់​ទៀត​ថា អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​តំណាងរាស្ត្រ​ក្នុង​តំណែង រួច​អគ្គលេខាធិការ​រដ្ឋសភា​ចុះហត្ថលេខា និង​បោះត្រា​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ដែល​មានការ បញ្ជាក់​ឯកភាព​ពី​ប្រធានរដ្ឋសភា រួច​បញ្ជូន​មក គ​.​ជ​.​ប ឱ្យ​បាន​តាម​កាលបរិច្ឆេទ​កំណត់​។ បញ្ជី​ឈ្មោះ​នេះ ត្រូវ​រៀបចំ​ដោយឡែក​ពី​គ្នា ទៅ​តាម​តំណាងរាស្ត្រ ក្នុង​តំណែង​នៃ​មណ្ឌល​រាជធានី ខេត្ត​នីមួយ​ៗ​។ ចំពោះ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ទាំងអស់ ក្នុង​តំណែង រួច​ប្រធាន​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​ជា​មេឃុំ ចៅសង្កាត់​ចុះហត្ថលេខា រួច​បោះត្រា​រដ្ឋបាល​ឃុំ សង្កាត់ ដែល​មានការ​បញ្ជាក់​ឯកភាព​ពី​អភិបាល នៃ​គណៈ​អភិបាលក្រុង ស្រុក ខណ្ឌ និង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត​ពាក់ព័ន្ធ រួច​បញ្ជូន​មក គ​.​ជ​.​ប ឱ្យ​បាន​តាម​កាលបរិច្ឆេទ​កំណត់​។

លោក​ក៏​បាន​បញ្ជាក់​បន្ថែម​ថា អ្នក​សង្កេតការណ៍ និង​ភ្នាក់ងារ​គណបក្ស​នយោបាយ ដែល​មានការ​បញ្ចា​ក់​ទទួលស្គាល់​ដោយ គ​.​ជ​.​ប មាន​លទ្ធភាព​សង្កេតការណ៍ ក្នុង​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ក្នុង​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ៕