រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវប្រជាពលរដ្ឋនាំគ្នាចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍បឹងកក់ទី១ ខណ្ឌទួលគោក កាលពីវេលាម៉ោង៣និង៥នាទីទៀបភ្លឺថ្ងៃទី១៨ ឧសភា នៅពេលដែលជននេះធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងទូរស័ព្ទនៅចំណុចផ្លូវលេខ៥២៨ កែងផ្លូវលេខ២៨៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។
នៅពេលចាប់ខ្លួន សមត្ថកិច្ចដកហូតបានខ្សែទូរស័ព្ទ២ដុំ ដែលធ្វើសកម្មភាពបានសម្រេច កូនកាំបិត១ និងទំពក់ឫស្សីសម្រាប់ទាក់ថ្ពក់ខ្សែភ្លើង ។ ជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះយ៉ាំង កុយ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅពុំពិតប្រាកដ ។
តាមព័ត៌មានពីមន្ត្រីសមត្ថកិច្ចឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុនោះជនសង្ស័យបានធ្វើសកម្មភាពកាត់ខ្សែទូរស័ព្ទនៅតាមផ្លូវលេខ៥២៨ កែងផ្លូវលេខ២៨៣ សង្កាត់បឹងកក់ទី១ ដែលមានម្ចាស់ឈ្មោះហង្ស ធី ភេទប្រុស អាយុ៤៦ឆ្នាំ មានលំនៅផ្ទះលេខ២៦ កន្លែងកើតហេតុ ។ នៅក្នុងសកម្មភាពកាត់ខ្សែទូរស័ព្ទនោះ អ្នកយាមផ្ទះម្នាក់ឈ្មោះពៅ វណ្ណារិទ្ធ បានឃើញទើបប្រាប់ម្ចាស់ផ្ទះឱ្យបើកទ្វាររួចនាំគ្នាចេញចាប់ខ្លួនបាន ព្រមទាំងដកហូតបានខ្សែទូរស័ព្ទដែលជននោះធ្វើសកម្មភាពកាត់បាន។ ប្រភពបន្តថា ជនសង្ស័យជាមុខសញ្ញាចាស់ដែលតែងតែធ្វើសកម្មភាពដើរលួចកាត់ខ្សែភ្លើង មិនរើសមុខដើម្បីយកទៅលក់ឱ្យអេតចាយ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនធ្លាប់់ធ្វើសកម្មភាពដើរលួចកាត់ខ្សែភ្លើងចំនួន២ដងពេលកន្លងមក ដោយខ្លួនបានយកកំណាត់ឫស្សីទាក់ថ្ពក់ទាញខ្សែភ្លើងតាមផ្លូវហើយធ្វើសកម្មភាពកាត់យកតែម្តង ៕
ចែករំលែកព័តមាននេះ