ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យម្នាក់ត្រូវកងរាជអាវុធហត្ថក្រុងឃាត់ខ្លួនពីបទចែកចាយគ្រឿងញៀនកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៧ ឧសភា នៅហាងកាហ្វេមួយក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត។ ជនសង្ស័យនោះឈ្មោះនាង ម៉េម៉ារ៉ឺឌី ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ។
សមត្ថកិច្ចប៉េអឹមក្រុងបានប្រាប់ថា ដោយសារមានសេចក្តីរាយការណ៍ពីបណ្តាញថា ជននោះមានគ្រឿងញៀនជាប់ខ្លួនក្នុងគោលបំណងយកទៅចែកចាយ សមត្ថកិច្ចក៏ឃាត់ខ្លួនគេ ហើយរកឃើញថ្នាំញៀនម្សៅពណ៌ស Kទឹកកកមួយថង់តូច។ ក្រោយពេលសួរនាំ និងនាំជននោះទៅឆែកឆេរនៅបន្ទប់ជួលរបស់គេប្រទះឃើញថ្នាំញៀនម្សៅ(Kទឹកកក) ចំនួន៣ថង់តូចទៀតសរុបទាំងអស់ចំនួន៤ថង់តូច ។ ក្រៅពីនេះរកឃើញឆ្នាំងសម្ងួត១ និងដាវសាមូរ៉ៃមួយ។
លោកវរសេនីយ៍ទោម៉ែន ភិរម្យ មេបញ្ជាការរង និងជាប្រធានមន្ទីរស្រាវជ្រាវយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប្រាប់កោះសន្តិភាពថា យោងតាមការសួរនាំជនសង្ស័យសារភាពថា គេពិតជាទទួលថ្នាំញៀនយកទៅចែកចាយមែន ហើយត្រូវបានបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត ៕
ចែករំលែកព័តមាននេះ