រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ បានឆ្មក់ចូលផ្ទះលេខ៥៦E3 ផ្លូវលេខ១៣០ ភូមិ១១ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ កាលពីវេលា ម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ឧសភា ២០១១ ខណៈពេលជនសង្ស័យ៥នាក់កំពុងប្រើប្រាស់គ្រឿងញៀនជាក់ស្តែង។
នគរបាលបានឱ្យដឹងថា ជនសង្ស័យប្រើប្រាស់គ្រឿងញៀនដែលឃាត់ខ្លួន ១-ឈ្មោះផែន កា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៦E3 ផ្លូវលេខ១៣០ ភូមិ១១ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ២-ឈ្មោះឃុន ចាន់ធី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១០១E3 ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ៣-ឈ្មោះកៅ វិច្ឆិកា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារលុច្ស សារីវើល ៤-ឈ្មោះជីន សូណា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅជាមួយជនខាងលើ និង៥-ឈ្មោះសៀវ ដានិត ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៩០E1 ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ។
យោងតាមរបាយការណ៍នគរបាលប៉ុស្តិ៍ផ្សារកណ្តាលទី១ ដែលចុះហត្ថលេខាដោយលោកអនុសេនីយ៍ត្រីបានឱ្យដឹងថា នៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ឧសភា មានប្រជាពលរដ្ឋល្អបានឱ្យដំណឹងថា មានក្រុមក្មេងស្ទាវនាំគ្នាប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះលេខ៥៦E3 ផ្លូវលេខ១៣០ ភូមិ១១ យ៉ាងអនាធិបតេយ្យ ។ ក្រោយពីទទួលព័ត៌មានភ្លាមកម្លាំងនគរបាលប៉ុស្តិ៍បានធ្វើការឆ្មក់ចូលទីតាំងខាងលើ និងក្រសោបជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន៥នាក់ ព្រមទាំងដកហូតប្រដាប់ជក់មួយចំនួនបញ្ជូនមកប៉ុស្តិ៍ដើម្បីសាកសួរ ។ នគរបាលបានបញ្ជាក់ថា ក្នុងចំណោមមនុស្ស៥នាក់ មានម្នាក់ឈ្មោះផែន កា ជាប់ចោទពីបទ «ផ្តល់ទីតាំង និងប្រើប្រាស់គ្រឿងញៀន» រីឯជន៤នាក់ទៀតជាប់ចោទពីបទ «ប្រើប្រាស់គ្រឿងញៀន»៕
ចែករំលែកព័តមាននេះ