ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តព្រៃវែង​ចាត់វិធាន​ការ​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺផ្ដាសាយបក្សី​

6 ខែ មុន
  • ព្រៃវែង

​ខេត្ត​​ព្រៃវែង ៖ ក្រោយ​ពីមាន​ករណី​រក​ឃើញជំងឺផ្តាសាយបក្សី​(H5N1) ​កើត​លើ​កុមារី​អាយុ២ឆ្នាំម្នាក់

​ខេត្ត​​ព្រៃវែង ៖ ក្រោយ​ពីមាន​ករណី​រក​ឃើញជំងឺផ្តាសាយបក្សី​(H5N1) ​កើត​លើ​កុមារី​អាយុ២ឆ្នាំម្នាក់ រស់នៅ​ក្នុងភូមិ​វាល ឃុំ​ស្មោង​ត្បូង ស្រុក​កំចាយមារ ខេត្តព្រៃវែង​ បណ្ដាល​ឱ្យ​ស្លា.ប់​កាលពី​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២៣​។​ នៅ​រសៀល​ថ្ងៃ​ទី ១០ ខែតុលា ឆ្នាំ​២០២៣ ឯកឧត្តម សួន សុ​ម៉ា​លី​ន អភិបាលខេត្ត​ព្រៃវែង បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ត្រៀម​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ឆ្លង នៃ​ជំងឺផ្ដាសាយបក្សី​ក្នុង​ទឹកដី​នៃ​ខេត្តព្រៃវែង​ ដោយ​កិច្ចប្រជុំ​នោះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី អភិបាលរង​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង ស្រុក​ទាំង ១៣ នៃ​ខេត្តព្រៃវែង​។

ថ្លែង​នៅ​ក្នុង​​កិច្ច​ប្រជុំ​​នោះ​ដែរ​ ឯកឧត្តម សួន សុ​ម៉ា​លី​ន អភិបាលខេត្ត​ព្រៃវែង ក៏​បាន​ណែនាំ​ដល់ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ត្រូវ​ចុះ​អប់រំ​ណែនាំ​ផ្សព្វផ្សាយ និង​ទប់ស្កាត់​រាល់​ការ​ចល័ត​សត្វ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង​ធ្វើការ​យក​សំណាក់​ទៅ​ពិនិត្យ​ដើម្បី​បង្កា​ទប់ស្កាត់​រាលដាល​ឆ្លង​នៃ​ជំងឺផ្តាសាយបក្សី ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង​ពី​សត្វ​ទៅ​មនុស្ស​។

ក្នុង​នោះ​ដែ​ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺផ្តាសាយបក្សី ពី​បក្សី​ទៅ​បក្សី ពី​បក្សី​ទៅ​មនុស្ស និង​ក្នុង​គោលបំណង​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ សុខភាព​សាធារណៈ និង​សណ្ដាប់ធ្នាប់​សង្គម រដ្ឋបាល​ខេត្តព្រៃវែង សូម​ធ្វើការ​ណែនាំ​ដល់ មន្ទីរ អង្គភាព រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រៃវែង ត្រូវ​អនុវត្ត​នូវ វិធានការ ដូច​ខាងក្រោម​៖

១-ពង្រឹង​ការ​អនុវត្ត​វិធានការ​ជីវ​សុវត្ថិភាព​ឲ្យ​បាន​ហ្មត់ចត់​នៅ​គ្រប់​កសិដ្ឋាន​ចិញ្ចឹម​បក្សី កន្លែង​ចិញ្ចឹម​បក្សី កន្លែង​ប្រមូលផ្តុំ​បក្សី កន្លែង​អាជីវកម្ម​បក្សី នឹង​សត្តឃាតដ្ឋាន​បក្សី ព្រមទាំង​បង្កើត​ការ​អង្កេត តាមដាន ឃ្លាំមើល ត្រួតពិនិត្យ​សុខភាព​បក្សី​នៅ​ទូ​ទាំង​ខេត្ត និង​ចាត់វិធានការ​ឲ្យ​បាន​ទាន់​ពេលវេលា​ក្នុង​ករណី សង្ស័យ​មាន​ជំងឺផ្ដាសាយបក្សី​។

២-ត្រូវ​បង្កើន​ការ​ត្រួតពិនិត្យ​ចរាចរណ៍​សត្វ និង​ផលិតផល​សត្វ​បន្ថែម ដោយ​សហការ​ជាមួយ​អាជ្ញាធរ មូលដ្ឋាន​គ្រប់​ថ្នាក់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។

៣-​ត្រូវ​ពង្រឹង​ការ​ទប់ស្កាត់​ការ​នាំ​ចូល​បក្សី និង​ផ​លិ​ផល​បក្សី​ខុសច្បាប់​ដែល​ឆ្លងកាត់​ការ​ច្រក​ទ្វា​ព្រំដែន និង នាំ​ចេញចូល​ទាំង​ក្រៅរ​ខេត្ត នឹង​ក្នុង​ខេត្ត ឬ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ដោយ​សហការ​ជាមួយ​អាជ្ញាធរ មូលដ្ឋាន ពិសេស​សមត្ថកិច្ច​ច្រកចេញ​-​ចូល​តាម​ព្រំដែន​។

៤-រាល់​ការ​ចរាចរ​បក្សី និង​ផលិតផល​ពី​បក្សី ពី​តំបន់​ដែល​មាន​ផ្ទុះ​ជំងឺផ្តាសាយបក្សី ឬ​សង្ស័យ​មាន​ជំងឺ ផ្ដាសាយ​បក្សី អាជ្ញា​ធរមាន​ស​មន្ត​កិច្ច ត្រូវ​ធ្វើការ​ត្រូ​ត​ពិនិត្យ​ឲ្យ​ម៉ត់​​ចត់ស្រប​តាម​បទដ្ឋាន​បច្ចេកទេស ។

៥-ត្រូវ​បង្កើន​ការ​អប់រំ និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ កសិករ​ចិញ្ចឹម​បក្សី ម្ចាស់​កសិដ្ឋាន ចិញ្ចឹម​បក្សី ម្ចាស់​សត្តឃាតដ្ឋាន​បក្សី អ្នក​ពិឃាត​បក្សី អ្នក​ធ្វើ​អាជីវកម្ម​ទិញ​-​លក់​បក្សី និង​ផលិតផល​ពី​បក្សី ត្រូវ​យកចិត្តទុកដាក់​ធ្វើ​អនាម័យ​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​អនុវត្ត​វិធានការ​ជីវ​សុវត្ថិភាព​ក្នុង​ចិញ្ចឹម​បក្សី ពេល​ចរាចរ​ដឹក​ជញ្ជូន​បក្សី នឹង​ផលិត​ពី​បក្សី សកម្មភាព​ពិឃាត​បក្សី នឹង​កន្លែង​តាំង​លក់​នៅ​ទីផ្សារ ជា​ពិសេស​ផល​ប៉ះពាល់​នៃ​ជំងឺផ្តាសាយបក្សី និង​វិធាន​ការពារ​ជំងឺផ្តាសាយបក្សី​។

៦-ធ្វើការ​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ មិន​ត្រូវ​បរិភោគ​សត្វ​បក្សី​ឈឺ ឬ​ងាប់ និង​រាល់​ប​សុ​ប​បក្សី​សម្រាប់​បរិភោគ​ត្រូវ​ចំអិន​ឲ្យ​បាន​ឆ្អិន​ល្អ និង​ត្រូវ​លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ​  និង​ទឹក​មុន​ពេល​បរិភោគ និង​បន្ទាប់​ពី​ប៉ះពាល់​ផ្ទាល់​ជាមួយ​ប​សុ​ប​បក្សី​។

៧-ករណី​សង្ស័យ​មាន​ជំងឺ​ផ្តា​យ​បក្សី ឬ​ប្រជាពលរដ្ឋ​មាន​អាកា​រៈ​គ្រុនក្ដៅ​លើស​ពី ៣៨.៥ អង្សារ​សេ ក្អក​ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​ប​សុ​បក្សី ឈឺ ឬ​ងាប់ ក្នុង​អំឡុង​ពល​១៤​ថ្ងៃ មុន​ចេញ​រោគ​សញ្ញា សូម​ធ្វើការ​ទំនាក់ទំនង ឬ រាយការណ៍​ជា​បន្ទាន់​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត​។

នៅ​ក្នុង​នោះ​ផង​ដែរ​ លោក អ៊ុ​ក សំណាង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម​លោក និង​ក្រុមការងារ​ព្រមទាំង​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ដល់ទី​តាំង​ផ្ទាល់​តែ​ម្ដង​តាំងពី​ម៉ោង ៤ ទៀប​ភ្លឺ​ដើម្បី​យក​សំណាក់​សត្វ​ទាំង​អស់នោះ​ដើម្បី​ធ្វើ​តេស​រក ជំងឺផ្តាសាយបក្សី​នេះ​។

ក្នុង​នោះ​ដែរ​ លោក​វេជ្ជបណ្ឌិត សេង បញ្ញា​ឬ​ទ្ធ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នោះ​ភ្លាម​នៅ​វេលា​ម៉ោង 20 និង​១៥ នាទី​យប់ ថ្ងៃ​ទី ៩ ខែតុលា ឆ្នាំ​២០២៣ បាន​ឲ្យ​ក្រុម RRT-PHD-OD-HC ស្មោង​ត្បូង ចុះ​ទៅ​បញ្ជាក់​ករណី និង​ស្វែងរក​ផ្ទះ​កុមារ​ដែល​បាន​ស្លាប់​ដើម្បី​សាកសួរ​បញ្ជាក់​។​តាម​ការ​សាកសួរ ក្រុម​គ្រួសារ​កុមារ​ដែល​បាន​ស្លាប់​បង្ហាញ​ថា​នៅផ្ទះ​កុមារ​មាន​មាន់​ងា.ប់​ៗ​ជា​ហូរហែ​ពិតមែន​។

ដើម្បី​ឆ្លើយ​តប​ឲ្យ​បាន​ទាន់​ពេលវេលា​ ក្រុមការងារ​RRT-PHD-OD-HC បាន​រៀបចំ​ក្រុមការងារ​ចុះ​ធ្វើ​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​អំពី​វិធានការ​ការពារ​តាម​រយៈ​ការ​ចែក​ខិតប័ណ្ណ អប់រំ​ផ្ទាល់ មីក្រូ​ចល័ត និង​ដាក់​ប៉ុស្តិ៍​សុខភាព​ដើម្បី​តាមដាន​បន្ត​ចាប់ពី ថ្ងៃ​ទី ១០ ខែតុលា ឆ្នាំ​២០២៣ ក្នុង​នោះ​ក៏​មានការ​ចូលរួម​សហការ​យ៉ាង​សកម្ម​ពី​លោក​អភិបាលស្រុក មេ​ភូមិ មេឃុំ​ផង​ដែរ​។

សូម​បញ្ជាក់​ផង​ដែ​ថា​៖ កុមារី​នោះ ត្រូវ​បាន​បញ្ជូន​មក​សម្រាក​ព្យាបាល ក្នុង​មន្ទីរពេទ្យ​កុមារ​ជាតិ នៅ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២៣ ដោយ​មាន​រោគ​សញ្ញា​រលាក​ផ្លូវដង្ហើម​ចាប់តាំងពី ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៣​។

លុះដល់​ថ្ងៃ​ចន្ទ ទី​០៩ ខែតុលា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ទីរពិសោធន៍​អ៊ឺ​រុស​សាស្ត្រ នៃ​វិទ្យាស្ថាន​ជាតិ សុខភាព​សាធារណៈ បាន​យក​សំណាក​នោះ ទៅ​ធ្វើតេស្ត​ចំនួន​២​លើក ហើយ​រក​ឃើញ​មេរោគ​ផ្តាសាយ​បក្សី (Influenza A/H5N1) ក្នុង​សំណាក​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ