ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាន់​! សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ចេញ​សារ​ពិសេស​ពាក់ព័ន្ធ​ពលរដ្ឋ​ខ្មែរ​នៅ​អ៊ី​ស្រា​អែល

6 ខែ មុន
  • ភ្នំពេញ

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ​នៅ​មុន​នេះ​បន្តិច ​បាន​ចេញ​សារ​​​សម្លេង​ពិសេស បញ្ជាក់​​ឱ្យ​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ​នៅ​មុន​នេះ​បន្តិច ​បាន​ចេញ​សារ​​​សម្លេង​ពិសេស បញ្ជាក់​​ឱ្យ​ដឹង​ថា រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ​បាន​ទាក់ទង​ជួយ​ពល​រដ្ឋ​​ខ្មែរ​ទាំងអស់ នៅ​ប្រទេស​​អ៊ី​ស្រា​អែ​ល ដែល​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​នេះ ចំនួន​ពលរដ្ឋ​ខ្មែរ និង​និស្សិត ចំនួន​៣២៣​នាក់​ត្រូវ​​បាន​ជម្លៀសចេញ ​និង​ចល័ត​ទៅ​ដល់ទី​តាំង​មាន​សុវត្ថិភាពហើយ​។

ខណៈ​ពល​រដ្ឋ​ខ្មែរ​ចំនួន​​១៣៣ នាក់​ផ្សេង​ទៀត ស្ថិត​នៅ​ទីតាំង​មាន​ហានិភ័យ​នៅឡើយ ដោយសារ​ទីតាំង​​មាន​លឺ​សូរ​សំឡេង​ប្រយុទ្ធ​គ្នា​ម្តងម្កាល​។

តាម​រយៈ​សារ​សម្លេង​មាន​រយៈពេល​ជាង​៤​នាទី សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត មាន​ប្រសាសន៍​អំពី​ស្ថាន​ភាព និង​ការ​វិវត្តន៍​ពាក់ព័ន្ធ​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​និស្សិត​ខ្មែរ​កំពុង​តែ​សិក្សា​នៅ​ប្រទេស​អ៊ី​ស្រា​អែ​ល​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត មាន​ប្រសាសន៍​ថា ៖ «​ខ្ញុំ​សុំ​យក​ឱកាស​នេះ ធ្វើការ​បញ្ជាក់​ជូន​ជនរួមជាតិ​ថា «​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​និស្សិត​របស់​យើង​ដែល​កំពុង​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​អ៊ី​ស្រា​អែ​ល គឺជា​អ​ទិ​ភាព​ខ្ពស់​បំផុត​របស់​រាជរដ្ឋាភិបាល​។ នៅ​ក្នុង​ន័យ​នេះ រាជរដ្ឋាភិបាល​តាម​រយៈ​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​មាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងកសិ​កម្ម ក្រសួង​អប់រំ យុវជន និង​កីឡា ស្ថាប័ន​ចារកិច្ច​ក្រសួងការពារជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា បាន​តាមដាន​សភាពការណ៍​ទាំងអស់ ទាំង​យប់​ទាំង​ថ្ងៃ ចាប់តាំងពី​សភាពការណ៍​ផ្ទុះ​ឡើង​នៅ​ប្រទេស​អ៊ី​ស្រា​អែ​ល ដោយ​បាន​ខិតខំ​គ្រប់​មធ្យោបាយ ដើម្បី​ធានា​សុវត្ថិភាព​របស់​បងប្អូន​យើង​នៅ​ទីនោះ​»​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត មាន​ប្រសាសន៍​បន្ត​ថា «​គោលដៅ​៣ ទី​១- កំណត់​ឱ្យ​បាន​ចំនួន​និង​អត្តសញ្ញាណ​របស់​ប្រជាជន​ខ្មែរ​កំពុង​មាន​វត្ត​មាននៅ​ប្រទេស​អ៊ី​ស្រា​អែ​ល ពិសេស​និស្សិត​ខ្មែរ​។ ទី​២- ព្យា​យាម​ទំនាក់ទំនង​ជាមួយ​ពលរដ្ឋ និង​និស្សិត​ខ្មែរ ដើម្បី​ទទួល​បាន​ព័ត៌មាន​ថា តើ​ពួក​គេ​មាន​សុវត្ថិ​ភាព ឬ​យ៉ាងណា? និង​កំណត់​ថា ពួក​គេ​កំណត់​ស្ថិត​នៅ​ក្នុង​តំបន់​សុវត្ថិភាព ឬ​តំបន់​ក្រហម​ដែល​មាន​​ជម្លោះ​។ នៅ​ក្នុង​ករណី​មាន​ប្រជាជន និង​និស្សិត​ខ្មែរ​យើង​ថា មាន​វត្ត​មាននៅ​តំបន់​ក្រហម គឺ​ត្រូវ​ព្យាយាម​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​អ៊ី​ស្រា​អែ​ល ដើម្បី​ជួយ​សង្គ្រោះ និង​ជម្លៀស​ពួក​គេ​ចេញពី​តំបន់​ក្រហម​ទៅ​កាន់​តំបន់​មាន​សុវត្ថិភាព​ឱ្យ​បាន​លឿន​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»​។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត មាន​ប្រសាសន៍​បន្ត​ទៀត​ថា «​ជា​លទ្ធផល គិត​ត្រឹម​ម៉ោង​៧​ព្រឹក​នេះ ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៣ យើង​កំណត់​បាន​ចំនួន​ប្រជាពលរដ្ឋ​មាន​វត្ត​មាននៅ​អ៊ី​ស្រា​អែ​ល​ចំនួន​៤៥៤​នាក់ បូក​នឹង​អ្នក​ស្លា​.​ប់ម្នាក់ (​និស្សិត​ខ្មែរ​ដែល​ស្លា​.​ប់​កាលពី​ថ្ងៃ​ទី​៧ ខែតុលា​)​។ នៅ​ក្នុង​ចំណោម​៤៥៤​នាក់​នោះ គឺ​ទាក់ទង​បាន​ទាំងអស់​។ ក្នុង​ចំណោម​ជនជាតិ​ខ្មែរ ៤៥៤​នាក់​នោះ គឺ​មាន​៣២៣​នាក់ ត្រូវ​បាន​ជួយ និង​បាន​ចល័ត​ដល់ទី​តាំង​មាន​សុវត្ថិភាព​ហើយ និង​១៣៣​នាក់​ទៀត ស្ថិត​នៅ​ទីតាំង​មាន​ហានិភ័យ​នៅឡើយ ដោយសារ​ទីតាំង​មាន​លឺ​សូរ​សំឡេង​ប្រយុទ្ធ​គ្នា​ម្តងម្កាល​»។

នៅក្នុងសារសំឡេងពិសេសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ជូនថារាជរដ្ឋាភិបាលនៅបន្តតាមដាននិងយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដល់ពលរដ្ឋខ្មែរកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាលអែល ព្រមទាំងអះអាងថា សូមឱ្យពលរដ្ឋខ្មែរ និងនិស្សិតខ្មែរ ទាំងអស់មានការជឿជាក់លើសមត្ថភាពរបស់អាជ្ញាធរអ៊ីស្រាអែល ដែលជាម្ចាស់ផ្ទះ ក្នុងការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងអស់ រួមទាំងប្រជាពលរដ្ឋអ៊ីស្រាអែល និងគ្រប់ជនជាតិដែលរស់នៅលើទឹកដីអ៊ីស្រាអែល រួមទាំងបងប្អូនខ្មែរយើងផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលអ៊ីស្រាអែលបានអះអាងចំពោះបណ្តាប្រទេសដែលមានប្រជាពលរដ្ឋនៅក្នុងប្រទេសអ៊ីស្រាអែល ថាអ៊ីស្រាអែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូបនៅក្នុងប្រទេសអ៊ីស្រាអែល រដ្ឋាភិបាលអ៊ីស្រាអែលនឹងជួយជនបរទេសនៅប្រទេសអ៊ីស្រាអែលដូចគ្នានឹងការជួយប្រជាពលរដ្ឋអ៊ីស្រាអែលផងដែរ។

សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានថ្លែងផងដែរថា «ខ្ញុំសង្ឃឹមថា ការប្រយុទ្ធគ្នានឹងបញ្ចប់នៅក្នុងពេលឆាប់ៗខាងមុខ តាមរយៈការរកដំណោះស្រាយនិងការចរចាគ្នា ជជាងការប្រើប្រាស់អាវុធ និងការដោះលែងចំណាត់ខ្មាំងនិងជនស៊ីវិលទាំងអស់ឱ្យមានសុវត្ថិភាព»។

ក្នុងសារសម្លេងនោះ សម្តេចធិបតីក៏បានក្រើនរម្លឹកពលរដ្ឋខ្មែរឱ្យដឹងផងដែរថា ស្ថានភាពកំពុងកើតមាននៅអ៊ីស្រាអែល ឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សានិងការពារជាដាច់ខាត កុំឱ្យកើតមានសង្គ្រាមនៅលើទឹកដីកម្ពុជាយើង។

មុនបញ្ចប់សារសម្លេងពិសេសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់សារជាថ្មីថា សុវត្តិភាពរបស់ពលរដ្ឋនិងនិស្សិតខ្មែរនៅអ៊ីស្រាអែលជារឿងអាទិភាពខ្ពស់បំផុតដែលរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ ហើយថ្នាក់ដឹកនាំកម្ពុជានៅបន្តតាមដានយកចិត្តទុកដាក់និងចាត់វិធានការចាំបាច់ឱ្យទាន់ពេលវេលា ដោយសហការជាមួយអាជ្ញាធរអ៊ីស្រាអែលដើម្បីធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរ និងនិស្សិតខ្មែរកំពុងមានវត្តមាននៅអ៊ីស្រាអែល។

សូមបញ្ជាក់ថា អ៊ីស្រា​អែល​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថាន​ភាព​សង្រ្គាម​ បន្ទាប់ពី​ត្រូវ​រង​ស្រោច​ដោយ​គ្រាប់​រ៉ូកែត​របស់​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន​ ដែល​គ្រប់​គ្រង​តំបន់​ហ្កាហ្សា ​តាំងពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​ ៧ តុលា​។​ តាម​តុល្យការ​បឋម​របស់​កងទ័ព​អ៊ីស្រាអែល ​ការ​វាយ​ប្រហារ​របស់​ក្រុមហាម៉ាស​ទៅ​លើ​ទឹក​ដីភាគ​ខាង​ត្បូង​អ៊ីស្រា​អែល​បាន​សម្លាប់​មនុស្ស​ជាច្រើន​ និង​របួស​រាប់រយនាក់ផងដែរ។

គួររម្លឹកផងដែរថា និស្សិតកម្ពុជា ម្នាក់ឈ្មោះ ចាន់ ឧត្តម ជានិស្សិតឆ្នាំទី៣ មហាវិទ្យាល័យវេជ្ជសាស្រ្តសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក៏បានទទួលមរណភាពនៅក្នុងហេតុការណ៍វាយប្រហាររបស់ក្រុម Hamas មកលើប្រទេសអ៉ីស្រាអ៊ែលផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ