ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានតែងតាំង ឯកឧត្តម ជីវ កេង ជាប្រធានតុលាការកំពូល

2 ឆ្នាំ មុន
  • ភ្នំពេញ

ឯកឧត្តម ជីវ កេង ត្រូវ​បាន​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សព្វព្រះរាជហឫទ័យ ប្រោស​ព្រះ​រាជទាន​ការ​តែងតាំង ជា​ប្រធាន​តុលាការ​កំពូល នៃ​ព្រះរាជាណាចក្រ​កម្ពុជា តប​តាម​សំណើ​របស់

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៣ ឯកឧត្តម ជីវ កេង ត្រូវ​បាន​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សព្វព្រះរាជហឫទ័យ ប្រោស​ព្រះ​រាជទាន​ការ​តែងតាំង ជា​ប្រធាន​តុលាការ​កំពូល នៃ​ព្រះរាជាណាចក្រ​កម្ពុជា តប​តាម​សំណើ​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។

ឯកឧត្តម ជីវ កេង ត្រូវ​បាន​មហាជន​ស្គាល់​ថា ជា​ឥស្សរជន​មួយ​រូប ដែល​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​ច្បាប់ និង​បាន​ចូលរួម​ចំណែក​កសាង​វិស័យ​យុត្តិធម៌ និង​ពង្រឹង​ឧត្តមភាព​នៃ​ប្រព័ន្ធ​តុលាការ នៅ​ប្រទេស​កម្ពុជា អស់​រយៈពេល​ជាង​៤០​ឆ្នាំ​មក​ហើយ​។

មុន​ពេល​ទទួល​បានការ​តែងតាំង​តួនាទី​ដ៏​ឧត្តុង្គឧត្តម ជា​ប្រធាន​តុលាការ​កំពូល​នេះ ឯកឧត្តម ជីវ កេង បាន​បំពេញ​តួនាទី​សំខាន់​ៗ​ក្នុង​វិស័យ​យុត្តិធម៌ ប្រកបដោយ​ជោគជ័យ និង​ស្នាដៃ​ជា​ច្រើន រួម​មាន ៖ តួនាទី​ជា​រដ្ឋ​អាជ្ញា​ស្តីទី​អម​តុលាការខេត្ត​កំពង់ធំ ចាប់ពី​ឆ្នាំ​១៩៨២ ដល់​ឆ្នាំ​១៩៨៦​។ ជា​ព្រះរាជអាជ្ញា​អម​តុលាការ​កំពូល ចាប់ពី​ឆ្នាំ​១៩៨៦ ដល់​ឆ្នាំ​១៩៩៤​។ ជា​ចៅក្រម​នៃ​តុលាការ​កំពូល ចាប់ពី​ឆ្នាំ​១៩៩៤ រហូត​ដល់​ឆ្នាំ​២០០៥​។ ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៤ និង​ជា​អនុប្រធាន​តុលាការ​កំពូល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ឆ្នាំ​២០១៥ ដល់​ខែតុលា ឆ្នាំ​២០២៣​។

ដោយ​យោង​លើ​សមត្ថភាព ស្នាដៃ និង​គុណសម្បត្តិ​ដឹកនាំ​ការងារ ឯកឧត្តម ជីវ កេង ក៏​ធ្លាប់​ត្រូវ​បាន​ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ ប្រោស​ព្រះ​រាជទាន​ការ​តែងតាំង​នូវ​តួនាទី​ភារៈកិច្ច​សំខាន់​ៗ​បន្ថែម​​លើ​តួនាទី​ក្នុង​អង្គចៅក្រម​នា​ពេល​កន្លង​មក រួម​មាន ៖

ជា​សមាជិក​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​។ ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​។ ជា​សមាជិក​ក្រុមប្រឹក្សាភិបាល នៃ​រាជបណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ​។ ជាទី​ប្រឹក្សា​ប្រធាន​ក្រុមប្រឹក្សា​អ្នក​ច្បាប់​។ ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​។ ជា​ប្រធាន​អង្គភាព​អធិ​ការកិច្ច​ក្រុមប្រឹក្សាវិន័យ នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង​ជា​សហ​ប្រធាន​ក្រុម​អធិការកិច្ច នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។

ចំពោះ​ប្រវត្តិ​នៃ​ការ​សិក្សាអប់រំ​វិញ ឯកឧត្តម ជីវ កេង បាន​ទទួល​សញ្ញាបត្រ​បរិញ្ញាប័ត្រ ឯកទេស​រដ្ឋបាល​សាធារណៈ នៅ​ឆ្នាំ​២០០៦​។ បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ឯកទេស​រដ្ឋបាល​សាធារណៈ នៅ​ឆ្នាំ​២០០៧ និង​សញ្ញាបត្រ​បណ្ឌិត​ឯកទេស​នីតិសាស្ត្រ នៅ​ឆ្នាំ​២០១២​។

ដោយ​ផ្អែក​លើ​សមត្ថភាព និង​ស្នាដៃ​ក្នុង​ការ​បំពេញការងារ​នា​ពេល​កន្លង​មក ឯកឧត្តម ជីវ កេង បាន​ទទួល​នូវ​គ្រឿង​ឥស្សរិយយស​ជា​ច្រើន រួម​មាន ៖
គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេនា នៅ​ឆ្នាំ​២០០៨​។
គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរី​វឌ្ឍន៍ នៅ​ឆ្នាំ​២០១០​។
គ្រឿង​ឥស្សរិយយស ជា​តូប​ការ នៅ​ឆ្នាំ​២០១២​។
គ្រឿង​ឥស្សរិយយស សម្តេច​មហាក្សត្រី​យា​នី ព្រះ​ស៊ី​សុវត្ថិ មុនី​វង្ស កុសុមៈ នារីរ័ត្ន ថ្នាក់​មហា​សេរី​វឌ្ឍន៍ នៅ​ឆ្នាំ​២០១៤​។

បន្ថែម​លើ​ការងារ​ក្នុង​វិស័យ​ច្បាប់ និង​យុត្តិធម៌ ឯកឧត្តម ជីវ កេង ក៏​បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​កិច្ចការ​សង្គម និង​មនុស្សធម៌​ជា​ច្រើន ដូច​ជា ៖ សកម្មភាព​របស់​កាយ​រិ​ទ្ធិ​ជាតិ​កម្ពុជា​។ សកម្មភាព​របស់​កាកបាទក្រហមកម្ពុជា​។ ការ​កសាង​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា និង​គំនិត​ផ្តួចផ្តើម​មនុស្សធម៌​ជា​ច្រើន​ទៀត សំដៅ​រួមចំណែក​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ