សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានសុខភាពបានឱ្យដឹងថាទោះបីជាកាហ្វេជាភេសជ្ជៈដែលជួយឱ្យស្មារតីស្រឡះ ប៉ុន្តែអ្នកជំនាញសុខភាពបានព្រមានថា វាមិនមែនជាជម្រើសល្អសម្រាប់មនុស្សគ្រប់គ្នានោះទេ ជាពិសេសអ្នកដែលមានបញ្ហាសុខភាពប្រចាំកាយមួយចំនួន ដែលអាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតប្រសិនបើទទួលទានមិនប្រយ័ត្ន។
ក្នុងនោះ ក្រុមមនុស្សដែលមានបញ្ហាជំងឺបេះដូង និងលើសឈាម គឺជាអ្នកដែលត្រូវប្រុងប្រយ័ត្នបំផុត ព្រោះជាតិកាហ្វេអ៊ីននឹងធ្វើឱ្យចង្វាក់បេះដូងលោតញាប់ខុសធម្មតា និងធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ភ្លាមៗ។ ចំណែកឯអ្នកដែលមានជំងឺក្រពះ និងពោះវៀនវិញ ក៏មិនគួរទទួលទានកាហ្វេដែរ ដោយសារជាតិអាស៊ីតនៅក្នុងកាហ្វេនឹងធ្វើឱ្យដំបៅក្រពះកាន់តែរលាកខ្លាំង និងបង្កឱ្យមានអាការៈច្រាលអាស៊ីតចុងដង្ហើមយ៉ាងខ្លាំងក្លា។
បន្ថែមពីនេះ ជាតិកាហ្វេអ៊ីនក៏ជះឥទ្ធិពលអាក្រក់ដល់អ្នកដែលមានអាការៈថប់បារម្ភ និងពិបាកគេងផងដែរ ដោយសារវាទៅរំញោចប្រព័ន្ធប្រសាទឱ្យកាន់តែតានតឹងខ្លាំងជាងមុន។ ចំពោះស្ត្រីមានផ្ទៃពោះ ការទទួលទានកាហ្វេលើសកម្រិតអាចប៉ះពាល់ដោយផ្ទាល់ដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ ដែលទាមទារឱ្យមានការពិគ្រោះជាមួយគ្រូពេទ្យជាចាំបាច់។ ដោយឡែក សម្រាប់អ្នកដែលមានបញ្ហាពុកឆ្អឹង ឬខ្វះជាតិកាល់ស្យូម ការញ៉ាំកាហ្វេនឹងកាន់តែធ្វើឱ្យឆ្អឹងចុះខ្សោយ ដោយសារវាទៅរារាំងដំណើរការស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗទៅក្នុងរាងកាយ។ ដូច្នេះ ប្រសិនបើអ្នកស្ថិតក្នុងចំណោមមនុស្សទាំង ៥ ប្រភេទនេះ ការកាត់បន្ថយ ឬឈប់ទទួលទានកាហ្វេ គឺជាជម្រើសដ៏ល្អបំផុតដើម្បីរក្សាសុវត្ថិភាពសុខភាពបានយូរអង្វែង។
សូមបញ្ជាក់៖ ព័ត៌មាននេះសម្រាប់ជាចំណេះដឹងទូទៅប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកមានអាការៈមិនប្រក្រតី សូមប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីពិនិត្យ និងព្យាបាលឱ្យបានត្រឹមត្រូវ៕
ចែករំលែកព័តមាននេះ