ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្លា.ប់ម្នាក់ទៀត ដោយសារជំងឺផ្តាសាយបក្សី ​នៅខេត្តព្រៃវែង

6 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅយប់ថ្ងៃទី៩ ខែតុលានេះ ពីការរកឃើញ​ករណីស្លា.ប់ ដោយសារជំងឺផ្តាសាយបក្សី លើកុមារី អាយុ ២ឆ្នាំ ម្នាក់ទៀត…

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅយប់ថ្ងៃទី៩ ខែតុលានេះ ពីការរកឃើញ​ករណីស្លា.ប់ ដោយសារជំងឺផ្តាសាយបក្សី លើកុមារី អាយុ ២ឆ្នាំ ម្នាក់ទៀត នៅខេត្តព្រៃវែង។​

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល លើកឡើងថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ១ករណីទៀត កើតលើកុមារី អាយុ ២ឆ្នាំ ដែលបានស្លា.ប់ និងត្រូវបានបញ្ជាក់ថា វិជ្ជមាន វីរុស​ផ្តាសាយបក្សី ប្រភេទ H5N1 ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នេះ។ កុមារីរងគ្រោះ មានទីលំនៅក្នុងភូមិឆ្មាលោត ឃុំស្ទោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ក្រសួងសុខាភិបាល ប្រកាសថា តាមការសាកសួរ បង្ហាញថា នៅផ្ទះកុមារ មានមាន់ងាប់ ជាហូរហែ។ ចំពោះបញ្ហានេះ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល ថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បាន និងកំពុងអង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺផ្ដាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសាររបស់ជាតិ បានសហការគ្នារវាងក្រុមឆ្លើយតប​បន្ទាន់ផ្នែកសុខាភិបាល ស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរក​ករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀត ក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមឺហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការ​អប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិ ដែលកើតហេតុខាងលើ។

ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាល ក៏បានប្រកាស ក្រើនរំលឹកសាជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្ដាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសលើកុមារដែលជាក្រុមមានហានិភ័យ និងមានភាពងាយរងគ្រោះ។

ក្រសួងសុខាភិបាល ប្រកាសថា ករណីដែលបានស្លា.ប់ថ្មីនេះ គឺជាករណីផ្តាសាយបក្សីទី៥៩ (ស្លាប់ ៤០នាក់) ដែលកើតមានលើមនុស្ស នៅក្នុងប្រទេសកម្ពុជាយើង​ ចាប់តាំងពីឆ្នាំ ២០០៥ ហើយនេះជាករណីទី៣ ដែលបានកើតឡើង នៅក្នុងឆ្នាំ២០២៣។

ក្រសួង ក៏បានលើកឡើងពីរបៀបចម្លងជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្ដាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សី ដែលឈឺ ឬស្លាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរ ពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួន ឆ្លងដូចជំងឺផ្តាសាយតាមរដូវកាលផងដែរ។

វិធានការបង្ការជំងឺផ្តាសាយបក្សី ក៏ត្រូវបានក្រសួងសុខាភិបាល ប្រកាសអំពី​សារអប់រំ​របស់រាជរដ្ឋាភិបាល រួមមាន៖ លាងដៃអោយបានញឹកញាប់ ជាមួយសាប៊ូ និងទឹក មុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និង ដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺ ឬងាប់ និងរាល់សត្វបក្សី ដែលធ្វើសម្រាប់បរិភោគ ត្រូវចំអិនឱ្យឆ្អិនល្អ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល ក៏បានប្រកាសពី​ករណីបុរសម្នាក់ អាយុ ៥០ឆ្នាំ បានស្លា.ប់ដោយសារតែជំងឺផ្តាសាយបក្សី H5N1 នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។ ហេតុការណ៍នោះ បានកើតឡើង ក្រោយពីមានមាន់ជាង ៥០ក្បាល បានងាប់ ហើយអ្នកភូមិ រួមទាំង​បុរសរងគ្រោះ បានយកមាន់ងាប់ទាំងនោះ ទៅ​ធ្វើម្ហូបបរិភោគ៕ អ៊ាង ប៊ុនរិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ