ភ្នំពេញ៖ ជាសុន្ទរកថាលើកដំបូង ក្រោយចេញពីតំណែងនាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នេះ ក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ពេលនេះ កម្ពុជា មិនជម្លៀសពលរដ្ឋ និងនិស្សិតខ្មែរ ចេញពីអ៊ីស្រាអែលទេ តែបើអ៊ីស្រាអែល តម្រូវឱ្យជម្លៀសចេញ គឺកម្ពុជា នឹងជួលយន្តហោះទៅដឹក ទោះតម្លៃណាក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «យើងមិនអាចបញ្ជូនយន្តហោះ ទៅដឹកប្រជាពលរដ្ឋ និងនិស្សិតខ្មែរ ពីអ៊ីស្រាអែលទេ បើរដ្ឋាភិបាលអ៊ីស្រាអែល មិនតម្រូវឱ្យប្រជាជនអ៊ីស្រាអែលចេញទេ គឺយើងមិនរត់ចេញទេ។ យើងមិនរត់ចោលប្រជាជនអ៊ីស្រាអែលទេ។ ដូចកាលពីព្រឹត្តិការណ៍កូរ៉េខាងជើង គំរាមធ្វើសង្គ្រាមលើកូរ៉េខាងត្បូង រួមទាំងការផ្ទុះជំងឺឆ្លងកូវីដ នៅប្រទេសចិន កាលពីដើមឆ្នាំ២០២០ គឺកាលណោះ យើងមិនត្រឹមតែមិនជម្លៀសនិស្សិតរបស់យើង ចេញពីចិនទេ តែខ្ញុំថែមទាំងបានទៅទស្សនកិច្ចនៅចិន ដើម្បីជូនសារគាំទ្រដល់ប្រជាជន និងប្រទេសចិន។ សូមបន្តរស់នៅជាមួយប្រជាជនអ៊ីស្រាអែល ក្នុងកាលៈទេសៈដ៏លំបាកនេះ»។
យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សកាន់អំណាច បានផ្តល់យោបល់ដល់រាជរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីកម្ពុជា បន្ថែមថា «ក្នុងការបើរដ្ឋាភិបាលអ៊ីស្រាអែល តម្រូវឱ្យជម្លៀសពលរដ្ឋកម្ពុជាយើង ចាកចេញពីអ៊ីស្រាអែល នោះយើងកុំខ្លាច នឹងជួលយន្តហោះ ទៅដឹកប្រជាពលរដ្ឋរបស់យើង»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមថា ពេលនេះ កងទ័ពកម្ពុជាយើង កំពុងឈរជើង នៅលីបង់។ សម្តេចតេជោ បានប្រកាសអំពាវនាវដល់កងទ័ពកម្ពុជាទាំងអស់ ដែលឈរជើងនៅលីបង់ ត្រូវអនុវត្ត និងគោរពឱ្យបានខ្ជាប់ខ្ជួនតាមបទបញ្ជារបស់អង្គការសហប្រជាជាតិ។ លើកនេះ សម្តេចតេជោថា អ៊ីស្រាអែល វាយបកលើក្រុមហាម៉ាស មិនត្រឹមតែតំបន់កាហ្សាទេ អាចបន្តដល់លីបង់ ដើម្បីកម្ចាត់ក្រុមហេសបូឡា ដែលបានចូលរួមជាមួយក្រុមហាម៉ាសរបស់ប៉ាឡេស្ទីន។
យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ រក្សាភាពស្ងប់ស្ងាត់ និងដោះស្រាយដោយសន្តិវិធី។
សម្តេចតេជោ ក៏បានថ្លែងអំពាវនាវទៅក្រុមហាម៉ាស ឱ្យដោះលែងចំណាប់ខ្មាំង ដែលរួមមានទាំងជនជាតិថៃជាង ១០នាក់ផង ហើយសម្រុះសម្រួល ដោះស្រាយបញ្ហា ដោយការសន្ទនា។
ប៉ុន្តែតាមបទពិសោធន៍ ដែលឆ្លងកាត់សមរភូមិសង្គ្រាមតស៊ូ រហូតដល់នាំសុខសន្តិភាពមកជូនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រមើមើលថា សង្គ្រាមនៅអ៊ីស្រាអែល លើនេះ នឹងរីករាលដាលយូរ ហើយអ៊ីស្រាអែល នឹងវាយទៅដល់ប្រទេសលីបង់ និងឈានទៅគ្រប់គ្រងតំបន់កាហ្សាឡើងវិញ ក្រោយអ៊ីស្រាអែល ដកចេញកាលពីឆ្នាំ២០០៥-២០០៦។
សូមរម្លឹកថា ការវាយប្រហាររវាងក្រុមហាម៉ាស់ប៉ាឡេស្ទីន និងទាហានរដ្ឋាភិបាលអ៊ីស្រាអែលបានកើតឡើង កាលពីថ្ងៃទី៧ ខែតុលា ចេញពីតំបន់កាហ្សា ដោយបានធ្វើឱ្យរបួស និងស្លាប់មនុស្សជាច្រើន។ ក្នុងនោះ មាននិស្សិតខ្មែរយើងម្នាក់ ឈ្មោះ ចាន់ ឧត្តម ជានិស្សិតឆ្នាំទី៣ មហាវិទ្យាល័យវេជ្ជសាស្រ្តសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលបានទៅរៀនបន្តនៅអ៊ីស្រាអែល បានបាត់បង់ជីវិតផងដែរ។
រាជរដ្ឋាភិបាល ប្រកាសថា មានប្រជាពលរដ្ឋ និងនិស្សិតខ្មែរយើង ប្រមាណ ៤៥០នាក់ កំពុងរស់នៅ និងបន្តការសិក្សា នៅប្រទេសអ៊ីស្រាអែលពេលនេះ៕








ចែករំលែកព័តមាននេះ