ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រេចតែង តាំងឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានសម្រេចតែងតាំងឯកឧត្តម ជីវ កេង ជាប្រធានតុលាការកំពូល និងការផ្ទេរតែងតាំងមុខតំណែង ប្រធាន អនុប្រធាន និងចៅក្រម ចំនួន៤៧រូបផ្សេងទៀតនៅតុលាការកំពូល សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានី-ខេត្ត ។

ការតែងតាំងប្រធានតុលាការកំពូល និងការផ្ទេរតែងតាំងមុខតំណែង ប្រធាន អនុប្រធាន និងចៅក្រមរបស់ឧត្ដមក្រុមប្រឹក្សានៃ អង្គចៅក្រម បានធ្វើឡើងក្នុងសម័យប្រជុំលើកទី៣៧នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅក្នុងព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។

យោងតាមសេក្តីប្រកាសព័ត៌មានរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានឲ្យដឹងថា អង្គប្រជុំដើម្បីពិនិត្យសម្រេច និងពិគ្រោះយោបល់ លើរបៀបវារៈចំនួន៧ ដោយទទួលបាននូវលទ្ធ ផលដូចខាងក្រោម៖
របៀបវារៈទី១- អង្គប្រជុំបានសម្រេចយល់ព្រមស្នើតែងតាំងឯកឧត្តម ជីវ កេង ជាប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា និងការផ្ទេរ តែងតាំងមុខតំណែង ប្រធាន អនុប្រធាន និងចៅក្រម ចំនួន៤៧រូបផ្សេងទៀតនៅតុលាការកំពូល សាលាឧទ្ធរណ៍ និងសាលាដំបូ ងរាជធានី-ខេត្ត ។

របៀបវារៈទី២- អង្គប្រជុំបានផ្តល់យោបល់យល់ព្រមលើសំណើផ្ទេរ និងតែងតាំងមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង សរុបចំនួន២៥រូប នៅមហាអយ្យការអមតុលាការកំពូល មហាអយ្យការអមសាលាឧទ្ធរណ៍ និងនៅតាមអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ។
របៀបវារៈទី៣- អង្គប្រជុំបានសម្រេចអនុញ្ញាតឱ្យលោកស្រី រស់ បូផាណា ចៅក្រមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស រយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ។

របៀបវារៈទី៤- អង្គប្រជុំបានសម្រេចអនុញ្ញាតឱ្យលោក អ៊ិត សម្ផស្ស ចូលបំពេញមុខងារជាចៅក្រមនៅអង្គភាពដើមវិញ និងស្នើតែងតាំងមុខតំណែងជាអនុប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ ។
របៀបវារៈទី៥- អង្គប្រជុំបានសម្រេចយល់ព្រមលើសំណើសុំតាំងស៊ប់ ចំពោះចៅក្រមកម្មសិក្សា ៤០រូប ដោយស្ថិតក្នុងឋានន្តរស័ក្ដិជាអនុចៅក្រម ថ្នាក់លេខ៤ នៃក្របខណ្ឌចៅក្រម គិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នឹងចាត់ឱ្យទៅបំពេញការងារនៅសាលាដំបូងរាជធានី-ខេត្ត ។

របៀបវារៈទី៦- អង្គប្រជុំបានផ្តល់យោបល់យល់ព្រមលើសំណើសុំតាំងស៊ប់ចំពោះព្រះរាជអាជ្ញារងកម្មសិក្សា ១៦រូប ដោយស្ថិតក្នុងឋានន្តរស័ក្ដិជាអនុព្រះរាជអាជ្ញាថ្នាក់លេខ៤ នៃក្របខណ្ឌព្រះរាជអាជ្ញា គិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ និងចាត់ឱ្យទៅបំពេញការងារនៅអយ្យការអមសាលាដំបូងខេត្ត ។
របៀបវារៈទី៧- បញ្ហាផ្សេងៗចំពោះរបៀបវារៈនេះ ដោយយោងទៅលើការចាំបាច់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទូលស្នើសុំអង្គប្រជុំដើម្បីពិនិត្យសម្រេច និងពិគ្រោះយោបល់អំពីការស្នើតែងតាំងជាចៅក្រមកម្មសិក្សា និងជាព្រះរាជអាជ្ញារងកម្មសិក្សា ចំពោះសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១០ ចំនួន៥៥រូប នៃសាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញានៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយក្នុងនោះមាន សិស្សចៅក្រមចំនួន ៣៥រូប និងសិស្សព្រះរាជអាជ្ញាចំនួន ២០រូប ដែលបានបញ្ចប់ការសិក្សារបស់ខ្លួនប្រកបដោយជោគជ័យ ។

ជាលទ្ធផលអង្គប្រជុំបានឯកភាពយល់ព្រមស្នើតែងតាំងជាចៅក្រមកម្មសិក្សា និងជាព្រះ រាជអាជ្ញារងកម្មសិក្សា និងចាត់ឱ្យទៅបំពេញកម្មសិក្សានៅតាមសាលាដំបូង និងអយ្យការ អមសាលាដំបូងខេត្ត ។
ជាទីបញ្ចប់នៃកិច្ចប្រជុំ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះការខិតខំយកចិត្តទុកដាក់បំពេញការងាររបស់សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។ ព្រះករុណាព្រះប្រធាន ព្រះអង្គបានប្រកាសបិទសម័យប្រជុំលើកទី៣៧ របស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ប្រកបដោយជោគជ័យ និងបរិយាកាសល្អប្រសើរ ។

សូមជម្រាបថា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាស្ថាប័នកំពូលរបស់ជាតិក្នុងគោលបំណងជួយព្រះមហាក្សត្រ ដើម្បីធានាឯករាជ្យនៃអំណាចតុលាការ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ។
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានវិសាលភាពអនុវត្តទៅលើចៅក្រម និងព្រះរាជអាជ្ញានៅទូទាំងប្រទេសកម្ពុជា លើកលែងតែមានច្បាប់ដោយឡែកកំណត់ផ្សេងពីនេះ ។
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានអង្គព្រះមហាក្សត្រគង់ជាព្រះប្រធាន អមដោយសមាជិកចំនួន១១រូប ។ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមទាំង ១១រូបនេះ រួមមាន៖
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធានតុលាការកំពូល អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ឥស្សរជនដែលជ្រើសតាំងដោយព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ និងការជ្រើសតាំងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ សមាជិកមួយចំនួនទៀត គឺជ្រើសតាំងតាមការបោះឆ្នោតក្នុងចំណោមចៅក្រម និងព្រះរាជអាជ្ញានៃសាលាជម្រះក្តីជាន់ខ្ពស់ រួមទាំងចៅក្រមពេញសិទ្ធិ និងព្រះរាជអាជ្ញាពេញសិទ្ធិនៃសាលាដំបូង។

សមាជិកជ្រើសតាំងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវបានជ្រើសក្នុងចំណោមឥស្សរជនជាចៅក្រម ឬព្រះរាជអាជ្ញាពេញសិទ្ធិ ឬជាអតីតចៅក្រម ឬអតីតព្រះរាជអាជ្ញា ឬឥស្សរជនដែលមានបទពិសោធការងារយ៉ាងតិច ១៥ឆ្នាំឡើងក្នុងវិស័យច្បាប់ ឬតុលាការ ។
សមាជិកជ្រើសតាំងទាំងនេះមានអាណត្តិ៥ឆ្នាំ ហើយអាចឈរឈ្មោះជាថ្មីសម្រាប់អាណត្តិបន្តបន្ទាប់ទៀតបាន ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានសមត្ថកិច្ចសម្រេច និងលើកសេចក្តីស្នើថ្វាយព្រះ មហាក្សត្រអំពីការតែងតាំង ការផ្លាស់ប្ដូរ ការផ្ដាច់ពីមុខងារ ការដាក់ឲ្យនៅក្រៅក្របខណ្ឌ ការដាក់ឲ្យនៅទំនេរ និងការលុបឈ្មោះចៅក្រម និងព្រះរាជអាជ្ញាទាំងអស់ ។
ជាមួយគ្នានេះ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមមានសិទ្ធិពិនិត្យ និងសម្រេចចំពោះការដាក់វិន័យ និងការកំណត់ក្រមសីលធម៌ដល់ចៅក្រម និងព្រះរាជអាជ្ញា ។ បន្ថែមពីនេះ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមបានពិគ្រោះមតិជាចាំបាច់ ដើម្បីផ្តល់យោបល់លើសេចក្តីស្នើច្បាប់ ឬសេចក្តីព្រាងច្បាប់ ដែលទាក់ទងដល់ការរៀបចំ និងការប្រព្រឹត្តទៅនៃវិស័យតុលាការ ៕
ចែករំលែកព័តមាននេះ