ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​រុករក​រ៉ែ​មាស​ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ សង្ស័យ​ធ្វើ​ជា​លក្ខណៈ​គ្រួសារ​មិន​មានច្បាប់ (​វី​ដេ​អូ)

6 ខែ មុន
  • ស្ទឹងត្រែង

ទីតាំង​រុករក​រ៉ែ​មាស​ប្រមាណ​ជា​១០០​កន្លែង​កំពុង​ធ្វើ​សកម្មភាព​ដោយ​ប្រើ​ឧបករណ៍​បូមទឹក​បា​.​ញ់​ទម្លុះ​ដី ដើម្បី​ប្រមូល​កម្ទេច​រ៉ែ​មាស ស្ថិត​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ ចំណុច​ភូមិ​

ខេត្តក្រចេះ ៖ ទីតាំង​រុករក​រ៉ែ​មាស​ប្រមាណ​ជា​១០០​កន្លែង​កំពុង​ធ្វើ​សកម្មភាព​ដោយ​ប្រើ​ឧបករណ៍​បូមទឹក​បា​.​ញ់​ទម្លុះ​ដី ដើម្បី​ប្រមូល​កម្ទេច​រ៉ែ​មាស ស្ថិត​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ ចំណុច​ភូមិ​ឧ​ប​សម្ព័ន្ធ​​សោម​ឌី​ប៉ូ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ ។ ករណី​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា ជា​ទ្រង់​ទ្រាយ​លក្ខណៈ​គ្រួសារ ទំនង​មិន​មានច្បាប់​ធ្វើ​អាជីវកម្ម​នោះ​ទេ​។

បើ​តាម​ប្រភព​ព័ត៌មាន បានឱ្យ​ដឹង​ថា ក្រោយ​ការ​រុករក​ប្រទះ​ឃើញ​នៅ​តំបន់​ខាងលើ មាន​ប្រភព​រ៉ែ​កម្ទេចមាស​ភ្លាម ក៏​ចាប់ផ្តើម​ផ្អើល​ពី​មួយ​ទៅ​មួយ ហើយ​កែ​ច្នៃ​ឧបករណ៍​បូមទឹក​បា​.​ញ់​ទម្លុះ​ដី ដែល​ភាសា​អ្នករុករក​រ៉ែ​មាស​ហៅ​ថា (​ប៉ា​ញ់​ឈិ​ត​) ។ ឧបករណ៍​នេះ អាច​បា​.​ញ់​ទម្លុះ​ដី ក្នុង​មួយ​ម៉ោង​ចន្លោះ​ចាប់ពី​៥​ម៉ែត្រ​ទៅ​ជិត​១០​ម៉ែត្រគូប​ដី​ឯណោះ​។ ហើយ​ក្រោយ​ពី​បូមទឹក​បា​.​ញ់​ទម្លុះ​ដី​ឱ្យ​សុះរ​លាយ​ទៅ​ជា​កំហាប់ និង​ប្រមូលផ្តុំ​នៅ​កណ្តាល​រណ្តៅ ទើប​គេ​ប្រមូល​យក​កំហាប់​កណ្តាល​រណ្តៅ​នោះ បន្ត​ទៅ​ដាក់​លើ​បន្ទះក្តារ​ជំរាល​មួយ ដែល​គេ​ហៅ​ថា (​ចាក់ ទ​) ជា​កំណា​ក់​កាល​ចុង​ក្រោយ នៃ​ការ​រ៉ែ​ង​ទទួលផល​កម្ទេច​រ៉ែ​មាស​។

ប្រភព​ដដែល​បន្ត​ថា ការ​ផ្ទុះ​កក្រើក ដោយ​មាន​សកម្មភាព​ប្រើប្រាស់​ឧបករណ៍​បូមទឹក​បា​.​ញ់​ទម្លុះ​ដី​រុករក​រ៉ែ​មាស​នោះ គឺ​មានការ​សូកប៉ាន់​ជួល​ផ្ទៃដី​តាម​ទំហំ​តូច ឬ​ធំ ដោយ​មាន​លោក​មេ​ភូមិ​ឧ​ប​សម្ព័ន្ធ​សោម​ឌី​ប៉ូ ម្នាក់ ដែល​ជា​អ្នក​ចាត់ចែង​ទទួលខុសត្រូវ​ក្នុង​តំបន់​នោះ ។

ប្រភព​ដដែល​បន្ត​ថា បើ​ទោះជា​ការ​ប្រើប្រាស់​ឧបករណ៍​កែ​ច្នៃ​លក្ខណៈ​គ្រួសារ មួយ​រណ្ដៅ​ត្រូវ​ចំណាយ​លុយ​៦០​ម៉ឺន​រៀល បង់​ឲ្យ​ទៅ​មន្ត្រី​បរិស្ថាន​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក សាំង សា​ខន នាយក​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ ហើយ​តម្រូវ​ឲ្យ​មានការ​ចុះបញ្ជី​ឈ្មោះ​ត្រឹមត្រូវ និង​បង់លុយ​ជា​មុន​សិន ទើប​អនុញ្ញាត​ឲ្យ​ចូល​ការ​រុករក​រ៉ែ​មាស​បាន​។ ប្រសិនបើ​មិន​បាន​ចុះបញ្ជី​ឈ្មោះ​ត្រឹមត្រូវ​ពី​អាជ្ញាធរ​ភូមិ​ទេ មន្ត្រី​បរិស្ថាន និង​ដើរ​ពិនិត្យ ហើយ​ចាប់​បង្ក្រាប​យក​ម៉ាស៊ីនបូមទឹក រួម​នឹង​ឧបករណ៍​ប្រើប្រាស់​ទាំងនោះ​ទៅ​ដុត​កម្ទេច​ចោល​តែ​ម្ដង​។ ចំពោះ​ការ​បង់លុយ​វិញ គឺ​ម្ចាស់​រណ្ដៅ​នីមួយ​ៗ​ត្រូវ​ផ្ដល់​លុយ​តាម​រយៈ​លោក រិ​ទ្ធ ដែល​ជា​មេ​ភូមិ​ឧ​ប​សម្ព័ន្ធ​សោម​ដេប៉ូ ដើម្បី​ចាត់ចែង​រៀបចំ​លើ​កិច្ច​ការងារ​រត់ការ​ផ្សេង​ៗ​។

ទាក់ទិន​ករណី​ខាងលើ​នេះ សារព័ត៌មាន​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បញ្ជាក់​ពី​លោក សាំង សា​ខន នាយក​ដែនជម្រកសត្វព្រៃ​ឡង់ បាន​ទេ ដោយសារ​ទូរស័ព្ទ​ខ​ល​ចូល​ច្រើន​ដង ប៉ុន្តែ​មិន​មាន​អ្នក​ទទួល។

ដោយឡែក លោក រិ​ទ្ធ មេ​ភូមិ​ឧ​ប​សម្ព័ន្ធ​សោម​ឌី​ប៉ូ ឃុំ​កំពង់ចាម ក៏​មិន​អាច​ទំនាក់ទំនង​បាន​ដែរ ដោយ​ទូរស័ព្ទ​ចូល​មិន​លើក​ហើយ ចុច​ផ្តាច់​បិទ​ការ​ទំនាក់ទំនង​បាន​បន្ត​ទៀត​។

រីឯ​លោក ឈិ​ត ណ​ន មេឃុំ​កំពង់ចាម បាន​លើក​ឡើង​ថា «​ចំពោះ​រឿង​នេះ លោក​មិន​បានដឹង​ទេ ដោយសារ​តំបន់​នោះ​ស្ថិត​នៅ​ក្នុងភូមិ​ឧ​ប​សម្ព័ន្ធ មេ​ភូមិ​អត់​ឃើញ​រាយការណ៍​មក​។ ណាមួយ​តំបន់​នោះ វា​ស្ថិត​នៅ​ក្នុង​ព្រៃ មិនសូវ​បាន​ទៅ​ដល់​»​។

ក្រុម​អ្នក​ប្រកប​របរ​នេះ បាន​រអ៊ូរទាំ​ថា «​ការងារ​នេះ ត្រូវការ​ពេលវេលា​ចន្លោះ​ចាប់ពី​៥​ទៅ​៧​ថ្ងៃ ទើបបាន​ចម្រាញ់​ចេញ​ជា​មាស​ម្ដង ហើយ​លទ្ធផល​បាន​តិចតួច​មិន​ច្រើន​នោះ​ទេ តែ​ត្រូវ​ចំណាយ​ទៅ​លើ​ប្រេងសាំង ម្ហូបអាហារ​ប្រចាំ​ថ្ងៃ និង​បង់​ឲ្យ​ទៅ​សមត្ថកិច្ច សឹង​មិន​គ្រប់​ផង​»​។

ការ​សម្រុកចូល​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ ដើម្បី​ធ្វើ​ជា​ជីវ​កម្ម​រ៉ែ​មាស​ខុសច្បាប់​ខាងលើ លោក ឆាយ ដួង​សា​វុ​ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ បាន​ប្រាប់​សារព័ត៌មាន​ឲ្យ​ដឹង​ថា «​រឿង​នេះ ខ្ញុំ​ទើបតែ​បានដឹង​នៅ​ថ្ងៃ​ទី​៦ ថ្មី​ៗ​នេះ​ទេ​។ ចាំ​មើល​ខ្ញុំ​សួរ​ទៅ​នាយក​ដែន​ជម្រក​សិន ហើយ​សូម​អរគុណ​ច្រើន​ដែល​អ្នក​សារព័ត៌មាន បាន​សួរ​គ្នា​មុន​នឹង​ធ្វើការ​ផ្សព្វផ្សាយ តែ​ចំពោះ​បញ្ហា​នេះ យើង​នឹង​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​ដោយ​គ្មាន​ការ​លើកលែង​ទេ នឹង​បញ្ជា​កម្លាំង​ឲ្យ​ទៅ​អនុវត្ត​ច្បាប់​តែ​ម្ដង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ