រាជធានីភ្នំពេញ ៖ លោករដ្ឋមន្ត្រីខៀវ កាញារីទ្ធ បានធ្វើលិខិតផ្លូវការមួយដល់លោកស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ-ខេត្ត កាលពីថ្ងៃទី១៧ ឧសភា ដោយស្នើឱ្យមានការទំលាក់ជាបន្ទាន់ប៉ាណូផ្សាយរបស់គេហទំព័រ www.familyradio.com តាមទីសាធារណៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ-ខេត្ត។
ក្នុងលិខិតបានសរសេរថា ក្រសួងព័ត៌មានសូមលោកស្នងការនគរបាលរាជធានីភ្នំពេញ-ខេត្តជ្រាបថា ផ្ទាំងប៉ាណូផ្សព្វផ្សាយតាមទីសាធារណៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តនានារបស់គេហទំព័រ www.familyradio.com ដែលមានខ្លឹមសារថា «ថ្ងៃជំនុំជំរះថ្ងៃ២១ ឧសភា ២០១១ អំពាវនាវយ៉ាងខ្លាំងដល់ព្រះ»។ គឺជាការផ្សព្វផ្សាយដែលអាចធ្វើឱ្យមានការភ័ន្តច្រឡំយ៉ាងខ្លាំងក្នុងចំណោមមហាជន ។ ខ្លឹមសារនៃការផ្សព្វផ្សាយផ្ទាំងប៉ាណូ និងគេហទំព័រនេះផ្ទុយទៅនឹងគោលការណ៍ណែនាំខាងវិស័យព័ត៌មាននិងសោតទស្សន៍ ច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ។
ដើម្បីចៀសវាងមានការភ័ន្តច្រឡំពីគ្រប់មជ្ឈដ្ឋាន និងធានាដល់សណ្តាប់ធ្នាប់សាធារណៈ ក្រសួងព័ត៌មានស្នើសូម លោកស្នងការនគរបាលរាជធានីភ្នំពេញ-ខេត្ត ចាត់វិធានការរុះរើប៉ាណូផ្សព្វផ្សាយខាងលើទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ-ខេត្តឱ្យបានឆាប់ជាបន្ទាន់៕
ចែករំលែកព័តមាននេះ