រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ឧសភា ឆ្នាំ២០១១ នៅមជ្ឈមណ្ឌលកោះពេជ្រ មានប្រាព្ធពិធីបុណ្យវិសាខបូជាដ៏អធិកអធម ដោយមានដង្ហែបុស្បុកចេញពីវត្តបទុមវតី ឆ្ពោះទៅកាន់មជ្ឈមណ្ឌលកោះពេជ្រ ក្រោមអធិបតី ភាពលោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីបុណ្យសាសនាដ៏ធំនេះ ក៏មានការដង្ហែធម្មយាត្រាយ៉ាងធំមួយដែរនៅភ្នំឧដុង្គដែលជាទីតាំងនៃព្រះសក្យមុនីចេតិយ ក្រោមអធិបតីភាពសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងអ្នកមន្ត្រីមុខអ្នកការជាច្រើនរូបទៀត ។ ចូលរួមក្នុងពិធីនៅកោះពេជ្រ គេសង្កេតឃើញវត្តមានលោកយឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា លោកមិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ព្រមទាំងលោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំជាន់ខ្ពស់ តំណាងមន្ត្រីរាជការនៅគ្រប់ស្ថាប័នរដ្ឋ និងព្រះសង្ឃចូលរួមចំនួន៥០០អង្គ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។
ក្រោយពីរៀបចំពិធីក្រុងពាលី និងសែនព្រេនរួចហើយ លោករដ្ឋមន្ត្រីមិន ឃិន បានអានពុទ្ធប្បវត្តិសង្ខេប ចាប់តាំងពីព្រះសម្មាសម្ពុទ្ធចាប់បដិសន្ធិរហូតដល់បរិនិព្វាន ដែលមានអាយុកាល២.៦០០ឆ្នាំ គិតមកដល់បច្ចុប្បន្ននេះនៃការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ។ គោលបំណងនៃពិធីបុណ្យខួប២.៦០០ឆ្នាំ គឺធ្វើឡើងដើម្បីឱ្យពុទ្ធបរិស័ទបានដឹងពីការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធនៃយើង ដែលពុទ្ធបរិស័ទមិនងាយបានជួបប្រទះថ្ងៃខែឆ្នាំយ៉ាងនេះទេ។ ការរាប់ពុទ្ធសករាជដែលយើងធ្លាប់ដឹង គឺគិតចាប់ពីថ្ងៃក្រោយព្រះពុទ្ធបរិនិព្វានបានមួយថ្ងៃគឺចាប់ពីថ្ងៃ១រោច ខែពិសាខមក ហេតុនេះបានជាពុទ្ធសករាជ២៥៥៥ ។ យើងយកឆ្នាំនៃការត្រាស់ដឹង និងកំឡុងពេលដែលព្រះអង្គទ្រង់ធ្វើសកម្មភាព៤៥ឆ្នាំមកបូកបញ្ចូលគ្នា(២៥៥៥+៤៥=២.៦០០)ត្រូវជាអាយុកាលនៃការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធមកដល់ឥឡូវនេះគឺ២.៦០០ឆ្នាំ។ ពុទ្ធបរិស័ទក្នុងទូទាំងប្រទេសត្រូវប្រារព្ធធ្វើពិធីបុណ្យនេះមិនខុសពិធីបុណ្យមាឃបូជា ឬវិសាខបូជាទេ។
លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការបានថ្លែងសុន្ទរកថា បញ្ជាក់ពីពិធីបុណ្យវិសាខបូជារួមជាមួយពិធីបុណ្យរំលឹកខួប២.៦០០ឆ្នាំដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹងនៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែពិសាខ ឆ្នាំថោះ ត្រីស័កពុទ្ធសករាជ២៥៥៥ ត្រូវនឹងថ្ងៃទី១៦,១៧ និង១៨ ខែឧសភា ឆ្នាំ២០១១ តាមគោលការណ៍របស់រាជរដ្ឋាភិបាលលេខ៣៨៦សជណ.ផកចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១១ របស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលអនុញ្ញាតឱ្យក្រសួងធម្មការ និងសាសនា និងគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា រៀបចំពិធីបុណ្យដូចការរៀបរាប់ខាងលើ ។
លោកជំទាវបណ្ឌិតម៉ែន សំអន បានថ្លែងអំណរគុណសម្តេច ទ្រង់ លោកជំទាវ អស់លោក លោកស្រី ព្រមទាំងព្រះសង្ឃទាំងពីរគណៈរួមជាមួយក្រសួងធម្មការ និងសាសនា ដែលបានរៀបចំពិធីដ៏អធិកអធមនៅមជ្ឈមណ្ឌលកោះពេជ្រ និងបួងសួងដល់គុណព្រះរតនត្រ័យគុណកែវទាំង៣ សូមជួយបីបាច់ថែរក្សាការពារប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ សុំជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ និងសុំឱ្យដួងវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ក្នុងឧបទ្ទវហេតុកន្លងទៅនេះជួយថែរក្សាមជ្ឈមណ្ឌលកោះពេជ្រឱ្យមានការអភិវឌ្ឍទៅមុខជាលំដាប់ ។
នៅក្រុងប៉ោយប៉ែតក៏មានការប្រារព្ធពិធីបុណ្យនេះយ៉ាងគគ្រឹកគគ្រេងដែរដោយមានព្រះសង្ឃ តាជី យាយជី ពុទ្ធបរិស័ទ និងសិស្សសាលាប្រមាណជិត៣ពាន់នាក់ធ្វើធម្មយាត្រាដង្ហែក្បួនយ៉ាងអធិកអធម កាលពីវេលាម៉ោង៣រសៀល ដោយផ្តើមចេញពីវត្តសុរិយារាម ហៅវត្តថ្មី ស្ថិតក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ។
ការធ្វើធម្មយាត្រាក្នុងពិធីបុណ្យវិសាខបូជានេះ បើតាមលោកតា ស ឈឿន អាចារ្យប្រចាំក្រុងប៉ោយប៉ែតបានប្រាប់ថា ការធ្វើនេះគឺដើម្បីរំឭកខួបដែលព្រះពុទ្ធទ្រង់ត្រាស់ដឹងគម្រប់២៦០០ព្រះវស្សា និងរំឭកដល់ថ្ងៃទ្រង់ប្រសូត និងការយាងចូលព្រះបរិនិព្វាន ។ លោកតាអាចារ្យបន្តថា ការប្រារព្ធធ្វើនេះគឺចំនួន៣ថ្ងៃចាប់ពីថ្ងៃទី១៦ ឧសភា ដល់ថ្ងៃទី១៨ ឧសភា ។ ក្បួនដង្ហែធម្មយាត្រានេះត្រូវបានលោកតាអាចារ្យប្រាប់ថា មានការបួងសួងសុំសេចក្តីសុខដល់មនុស្សគ្រប់រូប ហើយជាគោលការណ៍ក៏សុំឱ្យលុបបំបាត់អំពើហិង្សា និងការប្រើប្រាស់ថ្នាំញៀនផងដែរ ។ បុណ្យវិសាខបូជាឆ្នាំនេះមិនមែនប្រារព្ធធ្វើតែនៅក្រុងប៉ោយប៉ែតទេ គឺធ្វើគ្រប់ទីកន្លែង ។
លោកតាអាចារ្យប្រាប់ថា នៅថ្ងៃទី១៨ ឧសភា មានពិធីរាប់បាត្រព្រះសង្ឃ៣៥៥អង្គនៅវត្តសុរិយារាម ហៅវត្តថ្មី ទៀតផង ។ ពិធីបុណ្យនេះមានព្រះសង្ឃនិមន្តមកពី២០វត្ត ក្នុង២សង្កាត់នៃក្រុងប៉ោយប៉ែត ដែលក្បួនដង្ហែគេឃើញមានទាំងបដា ហើយទាំងគ្រហស្ថទាំងព្រះសង្ឃសុទ្ធតែកាន់ទង់សាសនា ដោយមានទាំងរថយន្តសមត្ថកិច្ចប៉ូលិស និងប៉េអឹមអមមុខក្រោយផងដែរ ។
ថ្ងៃ១៥កើត ខែវិសាខ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលពុទ្ធសាសនិកជនគ្រប់រូបទូទាំងពិភពលោកតែងប្រារព្ធរំលឹកជារៀងរាល់ឆ្នាំតាមរយៈពិធីបុណ្យប្រពៃណីពុទ្ធសាសនាវិសាខបូជា។ វិសាខបូជាដែលប្រារព្ធឡើងក្នុងឆ្នាំ២០១១នេះដើម្បីរំលឹកដល់ថ្ងៃកំណើត(ខួបទី២៦៣៥) ថ្ងៃចូលបរិនិព្វាន(ខួបទី២៥៥៥) និងថ្ងៃត្រាស់ដឹង(ខួបទី២.៦០០) របស់ព្រះសមណគោតមដែលជាព្រះអរហន្តសម្មាសម្ពុទ្ធបរមគ្រូនៃយើង។ អភិលក្ខិតសម័យទាំងបីនេះកើតឡើងនៅចំថ្ងៃ១៥កើត ខែវិសាខតែមួយ ខុសគ្នាតែឆ្នាំប៉ុណ្ណោះ។ ថ្ងៃនេះដែរ ក៏ជាថ្ងៃដែលអង្គការសហប្រជាជាតិបានកំណត់យកជាទិវាអន្តរជាតិចាប់តាំងពីថ្ងៃទី១៥ ធ្នូ ១៩៩៩ មកម្ល៉េះដែលជាការទទួលស្គាល់ជាសកលអំពីការចូលរួមចំណែករបស់ព្រះពុទ្ធសាសនាក្នុងពិភពលោកជាងពីរពាន់ប្រាំរយឆ្នាំមកនេះ ហើយនិងកំពុងបន្តនូវឥទ្ធិពលរបស់ខ្លួនក្នុងការលើកស្ទួយចិត្តវិញ្ញាណរបស់មនុស្សជាតិជារៀងរហូត។
ដោយឡែកនៅក្នុងឆ្នាំពុទ្ធសករាជ២៥៥៥ ឆ្នាំសាកល២០១១នេះ កម្ពុជាយើងបានជួបនូវព្រឹត្តិការណ៍មួយទៀតដែលរឹតតែសំខាន់ នោះគឺឆ្នាំនេះជាខួបគម្រប់២៦០០ឆ្នាំនៃការបានត្រាស់ដឹងជាព្រះពុទ្ធ ឬខួបគម្រប់២៦០០ឆ្នាំនៃសម្ពុទ្ធត្វជយន្ថិរបស់ព្រះសមណគោតម ព្រោះថា ពុទ្ធសករាជយើងនេះចាប់រាប់ជាឆ្នាំទី១ មួយថ្ងៃក្រោយព្រះអង្គចូលបរិនិព្វាន បើគិតមកដល់ថ្ងៃនេះបាន២៥៥៥ហើយ។ ឯព្រះបរមគ្រូរបស់យើងព្រះអង្គត្រាស់ដឹងមុនពុទ្ធសករាជ៤៥ឆ្នាំ ដូច្នេះឆ្នាំនេះចាប់តាំងពីព្រះអង្គត្រាស់ដឹងមកមានចំនួនគ្រប់២៦០០ឆ្នាំគត់ ត្រឹមថ្ងៃ១៥កើត ខែពិសាខ ឆ្នាំថោះត្រីស័ក ពុទ្ធសករាជ២៥៥៥នេះ ដែលត្រូវនឹងថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០១១ ៕
ចែករំលែកព័តមាននេះ